អាស៊ី-ប៉ាស៊ីភិក

Covid-19៖ ចិន​ហាម​ពលរដ្ឋ​ខ្លួន បរិភោគ​សាច់សត្វ

រដ្ឋាភិបាលចិនកុម្មុយនីស្ដិ៍ បានចេញបម្រាម សម្រាប់ពលរដ្ឋទូទាំងប្រទេស ហាម«បរិភោគ​សាច់សត្វ»ព្រៃ និងបម្រាម សម្រាប់ពលរដ្ឋក្នុងតំបន់មួយចំនួន ហាម«បរិភោគ​សាច់សត្វ»ស្រុក។

ចិន ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលបរិភោគសាច់សត្វ ទាំងសត្វព្រៃ និងសត្វស្រុក បើសូម្បីសត្វឆ្កែ ឬឆ្មារ។ របាយការណ៍ របស់ក្រុមអ្នកការពារសត្វ បានអះអាងថា ក្នុងមួយឆ្នាំៗនៅប្រទេសចិន សត្វឆ្កែប្រមាណជា ១០លានក្បាល និងសត្វឆ្មារ ប្រមាណជា ៤លានក្បាល ត្រូវបានសម្លាប់ យកមកធ្វើចំណី។

ប៉ុន្តែដើម្បីបន្តយុទ្ធនាការ ប្រឆាំងនឹងមេរោគ «Covid-19» ដែលប្រទេសចិនអះអាងថា ខ្លួនមានជ័យជំនះ ជាបណ្ដើរៗហើយនោះ រដ្ឋាភិបាលកុម្មុយនីស្ដិ៍ បានចេញបម្រាម ហាមធ្វើអាជីវកម្ម និងបរិភោគ រាល់សាច់សត្វព្រៃ។ នៅក្នុងតំបន់ខ្លះ ដូចជានៅក្រុង «Shenzhen» ជាដើម រដ្ឋអំណាចបានទាំងហាម មិនឲ្យធ្វើអាជីរកម្ម និងបរិភោគសាច់សត្វឆ្កែ និងឆ្មារថែមទៀត។

តំបន់ដែលចូលចិត្ត បរិភោគសាច់សត្វចម្លែកៗទាំងនេះ ភាគច្រើនជាខេត្ត ភាគខាងជើងជាប់ព្រំដែន ជាមួយប្រទេសកូរ៉េខាងជើង និងខេត្តខាងត្បូង រាប់ពីក្រុង «Shenzhen» ចុះមកដល់ព្រំដែន ជាមួយប្រទេសវៀតណាម។

វិធានការនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលក្រុងប៉េកាំង បានយល់ដឹង ពីគ្រោះថ្នាក់ នៃការបរិភោគសាច់សត្វ ដ៏ចម្លែកៗមួយចំនួន ដែលបានបណ្ដាលឲ្យមេរោគ «Covid-19» រស់ឡើង ហើយពង្រីកការរាតត្បាត នៅពាសពេញពិភពលោក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។