បារាំង

ទិដ្ឋភាព​មើល​ពីលើ​អាកាស នៃ​«ដំបូលឆេះ»​របស់ Notre-Dame

ក្នុងរយៈពេលតែប៉ុន្មានម៉ោង ក្នុងយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ បេតិភ័ណ្ឌមួយរបស់មនុស្សជាតិ ដែលមានវ័យជាង៨៥០ឆ្នាំ ត្រូវបានព្រះអគ្គិឆក់ត្របាក់ ដោយបន្សល់ទុក តែ«ដំបូលឆេះ»ពណ៌ខ្មៅ គួរឲ្យសោកសង្រេង។

ដូចបានឃើញ ក្នុងរូបភាពដែលថតពីលើអាកាស ដោយចេញផ្សាយ ដោយគេហទំព័រ រ៉ូស្ស៊ីមួយ ស្ដីពីទិដ្ឋភាពនៃព្រះវិហារ «Notre-Dame de Paris» នៅក្រោយពេលអគ្គិភ័យ ត្រូវបានពន្លត់រួចរាល់។

យ៉ាងណា អគ្គិភ័យមិនបានបំផ្លាញ គ្រោងសំណង់សំខាន់​របស់ព្រះវិហារ ដែលធ្វើអំពីថ្មនោះទេ។ នេះ បើតាមការអះអាង របស់ប្រធានស្ថាប័នពន្លត់អគ្គិភ័យ នៃរដ្ឋធានីប៉ារីស កាលពីព្រឹកថ្ងៃអង្គារ។

បើតាមរដ្ឋអាជ្ញារបារាំង ដែលបានប្រកាស បើកការស៊ើបអង្កេត អំពីហេតុការណ៍ខាងលើ បានពន្យល់ថា ក្នុងដំណាក់កាលនេះ គ្រោះឧប្បត្តិវហេតុបណ្ដាល​ពីការដ្ឋាន​ ជុសជុសព្រះវិហារ ជាការសង្ស័យខ្លាំងជាងគេ របស់អាជ្ញាធរ។

សហគ្រាស «Europe Échafaudage» ក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលទទួលបន្ទុក​ជុសជុល​ព្រះវិហា បានអះអាងថា គ្រប់ចំណុចនៃវិធានការសុវត្ថិភាព នៅក្នុងការដ្ឋាន ត្រូវបានគោរពយ៉ាងខ្ពាប់ខ្ជួន៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។