បារាំង

បារាំង-អាល្លឺម៉ង់ ស្នើកម្ចី​​៥០០កោដិ​អ៊ឺរ៉ូ ដើម្បីឲ្យ​សេដ្ឋកិច្ចអ៊ឺរ៉ុប​ងើប​ឡើង​វិញ

មហាយក្សពីរនៅក្នុងសហភាពអ៊ឺរ៉ុប បារាំង-អាល្លឺម៉ង់ បានស្នើគម្រោងថវិកា ៥០០កោដិ អ៊ឺរ៉ូ ដើម្បីអនុញ្ញាត ឲ្យសេដ្ឋកិច្ចអ៊ឺរ៉ុប ងើបចេញពីវិបត្តិ នៃជំងឺ«Covid-19»។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និង​អធិការបតី​អាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​លើកឡើង​ដូច្នេះ នៅក្នុងសន្និសីទ​សារព័ត៌មាន​រួម​មួយ ក្នុងរសៀលថ្ងៃចន្ទនេះ។

មេដឹកនាំទាំងពីរ បានប្រកាសឡើង ដូចគ្នាថា៖

«ដើម្បីគាំទ្រ ដល់ការងើបឡើងវិញ ប្រកបដោយចីរភាព ដែលធ្វើការស្តារ និងពង្រឹង កំណើនសេដ្ឋកិច្ចអ៊ឺរ៉ុប ប្រទេសអាល្លឺម៉ង់ និងបារាំង គាំទ្រការបង្កើត​​មូលនិធិ​សង្គ្រោះមួយ ដែលមានមហិច្ចតា ជាលក្ខណៈបណ្ដោះអាសន្ន និង​មានទិសដៅ​​ច្បាស់លាស់ នៅក្នុង​ក្របខណ្ឌ នៃគម្រោងថវិកាលើកក្រោយ ​​របស់សហភាពអ៊ឺរ៉ុប ដែលមានទំហំទឹកប្រាក់  ៥០០ ពាន់លានអឺរ៉ូ។»

គំនិតផ្ដួចផ្ដើម បារាំង-អាល្លឺម៉ង់ ដ៏ល្អ…

នៅក្នុងនីតិវិធី នៃគម្រោងថវិកានេះ ក្រុងប៉ារីស និងប៊ែរឡាំង ស្នើឲ្យគណៈកម្មការអ៊ឺរ៉ុប ផ្ដល់ហិរញ្ញប្បទាន សម្រាប់គម្រោងគាំទ្រនេះ ដោយធ្វើការខ្ចីប្រាក់ (ជាឧទាហរណ៍ ខ្ចីពីធនាគារ ឬពីប្រទេសដែលមានប្រាក់​) ក្នុងនាមសហភាពអ៊ឺរ៉ុប។ ហើយប្រាក់ទាំងនោះ នឹងត្រូវបញ្ជូន ​ទៅជួយ​បណ្ដា​ប្រទេស នៅក្នុង​សហភាព ទៅកាន់វិស័យ និងទៅកាន់​តំបន់ណា ដែលរងផល​ប៉ះពាល់ ខ្លាំងជាងគេ ពីវិបត្តិជំងឺរាតត្បាត។

ភ្លាមៗ នៅក្រោយការប្រកាសនេះ គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាល​សហភាពអ៊ឺរ៉ុប) បានសំដែង ការពេញចិត្តពេញថ្លើម របស់ខ្លួន ដោយហៅគម្រោងនេះ ថាជាគំនិតផ្ដួចផ្ដើម​ដ៏ល្អ។

សេចក្ដីប្រកាស របស់មេដឹកនាំទាំងពីរ បានឲ្យដឹងទៀតថា ទឹកប្រាក់ដែលខ្ចីបានខាងលើ នឹងត្រូវសងវិញ ជាបន្តបន្ទាប់ ដោយប្រើរយៈពេលច្រើនឆ្នាំ។ ហើយគម្រោងនេះ មិនមែន​ជាការដាក់​កំហិត ឬជាបំណុល ដែលធ្វើឡើងរវាងបណ្ដារដ្ឋ នៅក្នុងសហភាពអ៊ឺរ៉ុបនោះទេ តែវាជាគម្រោង ដ៏ស្មោះសរ ដើម្បីជួយឲ្យសេដ្ឋកិច្ច ងើបឡើងវិញ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។