ត្រឹមតែ១ថ្ងៃ គឺនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ កំពូលអ្នកមានប្រាក់ច្រើនរយនាក់ នៅលើពិភពលោក បានបង់ខាតប្រាក់របស់ខ្លួន ប្រមាណជា១១៨ពាន់លានដុល្លារ។ នេះ បើតាមរបាយការណ៍មួយ របស់ទូរទស្សន៍អាមេរិក «Bloomberg» ដោយលើកពីមូលហេតុ នៃការខាតបង់ គឺបណ្ដាលមកពីវិបត្តិពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ទូរទស្សន៍បានអះអាងថា អ្នកដែលខាតបង់ច្រើនជាងគេ គឺលោក «Jeff Bezos»។ មហាសេដ្ឋីដែលមានទ្រព្យ ប្រមាណជា ៩៨ពាន់លានដុល្លាររូបនេះ បានខាត់បង់ជាង៣ពាន់លានដុល្លា កាលពីថ្ងៃចន្ទ។
បន្ទាប់មក អ្នកដែលខាតបង់ ក្នុងលេខរៀងជាបន្ត មានលោក «Bernard Arnault» (ជាតិបារាំង) ខាត២,៨ពាន់លានដុល្លា និងលោក «Bill Gates» ខាត១,៦ពាន់លានដុល្លារ ខណៈមេហ្វេសប៊ុក លោក «Mark Zuckerberg» ខាត ២,៥ពាន់លានដុល្លារ។
មកដល់ម៉ោងនេះ ការខាតបង់ខាងលើ មាននៅត្រឹមតែជាតួលេខ ដែលចេញពីការគណនា នៃបណ្ដាភាគហ៊ុន របស់បណ្ដាមហាសេដ្ឋីខាងលើ ដែលបានដាក់បណ្ដាក់ទុន នៅតាមក្រុមហ៊ុន – សហគ្រាសធំៗនានា នៅលើពិភពលោកប៉ុណ្ណោះ។ ហើយការធ្លាក់ចុះទាំងនោះ បានកើតឡើង បន្ទាប់ពីការប្រកាសមួយ របស់ក្រុងប៉េកាំង ក្នុងដើមសប្ដាហ៍នេះ។
ទូរទស្សន៍បារាំង «CNews» បានពន្យល់ថា គឺប្រទេសចិនមានបំណង ទម្លាក់តម្លៃប្រាក់យ័នរបស់ខ្លួន ឲ្យធ្លាក់តម្លៃទាប ទល់នឹងប្រាក់ដុល្លារ។ ហើយការទម្លាក់តម្លៃនេះ មានកម្រិតទាបបំផុត រាប់ចាប់តាំងពីឆ្នាំ២០០៨មក។
ទូរទស្សន៍បានបញ្ជាក់ថា បណ្ដាទីផ្សារភាគហ៊ុនទាំងឡាយ នៅលើពិភពលោក បានសំដែងការជ្រួលច្របល់ ក្នុងហេតុផលថា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក (ចិន) អាចប្រើឥទ្ធិពលរូបិយប័ណ្ណរបស់ខ្លួន ដើម្បីប្រឆាំងនឹងទណ្ឌកម្មពាណិជ្ជកម្មទាំងឡាយ របស់សហរដ្ឋអាមេរិក៕