សេដ្ឋកិច្ច

កូនស្រី​ប្រធានាធិបតី​អាមេរិក​ ឡើងធ្វើ​ប្រធាន​ធនាគារពិភពលោក?

បន្ទាប់ពីការលាលែង​របស់លោក ជីម យ៉ុងគីម (Jim Yong Kim) ពីចេញពីតំណែង ជាប្រធានធនាគារពិភពលោក ឈ្មោះឥស្សវជនជាច្រើន ត្រូវបានពន្លេចឲ្យដឹង ដើម្បីអាចទៅជំនួសលោក ជីម យ៉ុងគីម នៅក្នុងពេលខាងមុខ។ ពីក្នុងចំណោមនោះ មានអ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីប្រធានាធិបតីអាមេរិក មួយរូបផង។

ដំណឹងនេះ ត្រូវបានទស្សនាវដ្ដី «Financial Times» របសអង់គ្លេស ផ្សាយចេញឲ្យដឹង ក្នុងថ្ងៃសុក្រកន្លងមក។

ក្រៅពីឈ្មោះអ្នកស្រី អាយវេនកា ត្រាំ ទស្សនាវដ្ដីបានបង្ហើបឲ្យដឹងដែរ ពីឥស្សវជនអាមេរិកផ្សេងទៀត ដូចយ៉ាង លោក «David Malpass» អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប របសស្ថាប័ននេះ – អ្នកស្រី «Nikki Haley» អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការ​សហប្រជាជាតិ និងលោក «Mark Green» ប្រធាន​ទីភ្នាក់ងារ​អាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAid) ជាដើម។

យ៉ាងណា អ្នកនាំពាក្យរបស់ធនាគារពិភពលោក បានបដិសេធការបញ្ជាក់លំអិតបន្ថែម ជុំវិញបេក្ខជន និងបេក្ខនារី នៃស្ថាប័នហិរញ្ញវត្ថុ ដ៏កំពូលមួយនេះទេ ដោយគ្រាន់តែបង្ហើបឲ្យដឹងថា ស្ថាប័នខ្លួនទទួលបាន នូវចំនួនបេក្ខជន និងបេក្ខនារីល្អៗជាច្រើន។

លោក ជីម យ៉ុង គីម អាយុ៥៩ឆ្នាំ បានប្រកាសដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃចន្ទកន្លងមក ថាលោកសម្រេច​លាលែង​​ចេញពីតំណែង ជាប្រធានធនាគារពិភពលោក នៅថ្ងៃទី១ ខែកុម្ភៈខាងមុខ បន្ទាប់ពីដឹកនាំស្ថាប័ននេះ អស់រយៈពេល៦ឆ្នាំមកហើយ។

គួរបញ្ជាក់ដែរថា អ្នកស្រី អាយវេនកា ត្រាំ អាយុ ៣៧ឆ្នាំ ដែលជាកូនស្រីច្បង របស់លោក ដូណាល់ ត្រាំ (Donald Trumps) ក៏ជាទីប្រឹក្សាដ៏សំខាន់ របស់ប្រធានាធិបតី​រូបនេះ​ដែរ។

កាលពីឆ្នាំ២០១៧  អ្នកស្រី អាយវេនកា ត្រាំ បានចូលរួម​បង្កើតដោយផ្ទាល់ នូវមូលនិធិមួយ របស់ធនាគារពិភពលោក ដើម្បីលើកទឹកចិត្ត ឲ្យស្ត្រីមានលទ្ធភាព​បង្កើតសហគ្រាស នៅក្នុងបណ្ដាប្រទេស ដែលកំពុងអភិវឌ្ឍន៍ទាំងឡាយ ហៅជាភាសាអង់គ្លេសថា «Women Entrepreneurs Finance Initiative (We-Fi)»។

ជាទម្លាប់រហូតមក ឬនិយាយម្យ៉ាងទៀត រាប់តាំងពីចាប់កំណើតមក តំណែងជាប្រធានធនាគារពិភពលោក តែងត្រូវបានទៅជនជាតិ​អាមេរិក ខណៈប្រធានមូលនិធីរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ថា «IMF» តែងត្រូវបានទៅជនជាតិ មកពីទ្វីបអ៊ឺរ៉ុប។

ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ទម្លាប់ខាងលើ​ត្រូវបានជំទាស់ យ៉ាងខ្លាំងក្លា ដោយបណ្ដាប្រទេសនៅក្នុងទ្វីបផ្សេងទៀត ដែលមានសេដ្ឋកិច្ចលូតលាស់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។