បារាំង

មុននេះ ការផ្ទុះដ៏ខ្លាំងមួយ បាន​កើតឡើង កណ្ដាល​ប៉ារីស

ក្នុងព្រឹកថ្ងៃសៅរ៍នេះ ការផ្ទុះដ៏ខ្លាំងមួយ បានលាន់ឮឡើង ចេញពីហាងធ្វើនំប៉័ងមួយកន្លែង កណ្ដាលរដ្ឋធានីប៉ារីស នៃប្រទេសបារាំង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៩ នៅក្នុងសង្កាត់លេខ៩ បានកំទេចកញ្ចក់ បង្អួច និងទ្វារបស់ហាង ហើយបណ្ដាលឲ្យមនុស្សរបួស ជាច្រើននាក់។ នេះ បើតាមតុល្យភាពភ្លាមៗ របស់ស្នងការនគរបាលរដ្ឋធានី ដែលបានប្រកាសឲ្យដឹង នៅមុននេះបន្តិច។

ស្នងការនគរបាលដដែល បានអះអាងថា ដំបូងឡើយ គ្រាន់តែជាអគ្គិភ័យមួយប៉ុណ្ណោះ តែបន្តិចក្រោយមក ការផ្ទុះដ៏ខ្លាំងបានកើតឡើង។ ហេតុការណ៍ ទំនងជាមានមូលហេតុ ដោយសារការបែកធ្លាយឧស្ម័នហ្គាស នៅក្នុងហាងនំប៉័ងនោះ។

ទូរទស្សន៍បារាំងជាច្រើន បានធ្វើការផ្សាយបន្តផ្ទាល់ ពីហេតុការណ៍នេះ ដោយបង្ហាញពីកម្លាំងអ្នកលត់អគ្គិភ័យ និងជួយសង្គ្រោះ កំពុងមានវត្តមាននៅនឹងកន្លែង។ អគារ និងរថយន្ដ ដែលនៅជុំវិញហាងនំប៉័ង បានរងការខូចខាតយ៉ាងដំណំ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។