សេដ្ឋកិច្ច

គណៈកម្មការអ៊ឺរ៉ុបស្នើមូលនិធិ ៧៥,០០០កោដិអ៊ឺរ៉ូ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលសហភាពអ៊ឺរ៉ុប) បានស្នើឲ្យមាន កញ្ចប់ថវិកាមួយឡើង មានទំហំ ៧៥,០០០កោដិអ៊ឺរ៉ូ (ប្រមាណជា៧៨០កោដិដុល្លារអាមេរិក) ដើម្បីអនុញ្ញាតឲ្យសេដ្ឋកិច្ច របស់សហភាព មានដំណើរការឡើងវិញ បន្ទាប់ពីវិបត្តិជំងឺ«Covid-19»។

លោក «Paolo Gentiloni» ស្នងការសហភាពអ៊ឺរ៉ុប ទទួលបន្ទុកសេដ្ឋកិច្ច បានថ្លែងឲ្យដឹង អំពីគម្រោងនេះ នៅលើទំព័រទ្វីសធើរ របស់លោកថា៖

«គណៈកម្មការអ៊ឺរ៉ុប ស្នើមូលនិធិជំរុញសេដ្ឋកិច្ច ក្នុងកម្រិត ៧៥០ពាន់លានអ៊ឺរ៉ូ  ដែលនឹងបន្ថែម ទៅលើយន្ដការ ដែលបានធ្វើរួចហើយ។ ជាចំណុចរបត់មួយ ដ៏សំខាន់ របស់សហភាពអ៊ឺរ៉ុប ដើម្បីប្រឈមមុខ នឹងវិបត្តិដែលមិនធ្លាប់មាន។»

៧៥,០០០កោដិអ៊ឺរ៉ូ = ៥០,០០០កោដិ + ២៥,០០០កោដិអ៊ឺរ៉ូ

យោងតាមប្រភព ដែលដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ «DPA» និងប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់មួយចំនួនទៀត បានអោយដឹងថា កញ្ចប់ថវិកានេះ នឹងមានមួយផ្នែក ក្នុងទំហំទឹកប្រាក់ ៥០,០០០ កោដិអឺរ៉ូ ដែលជាហិរញ្ញប្បទាន ដូចសំណើររបស់ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលបានលើកឡើង កាលពីសប្តាហ៍មុន និងមួយផ្នែកទៀត ក្នុងទំហំទឹកប្រាក់ ២៥,០០០ កោដិអឺរ៉ូ ដែលជាប្រាក់កម្ចី។

អ្នកស្រី «Ursula von der Leyen» ប្រធានគណៈកម្មការអ៊ឺរ៉ុប បានអំពាវនាវ ទៅបណ្ដា​សមាជិក​សហភាពអ៊ឺរ៉ុប ឲ្យទុកទៅម្ខាង នូវរាល់ការវិនិច្ឆ័យជាមុន ដោយងាកមកគាំទ្រ គម្រោង​ស្នើមូលនិធិ ខាងលើនេះវិញ។

គណៈកម្មការអ៊ឺរ៉ុប កំពុងស្វែងរក ការផ្សះផ្សាររវាងទស្សនវិស័យពីរ ដែលសមាជិកទាំង២៧ របស់សហភាពអ៊ឺរ៉ុប កំពុងប្រកាន់យក។

ទស្សនវិស័យទីមួយ របស់ក្រុមប្រទេស​ភាគខាងត្បូង ដែលរងការប៉ះពាល់ ពីការរាតត្បាត ខ្លាំងជាងគេ មានបំណងឲ្យប្រើប្រាស់កញ្ចប់នេះ ជាហិរញ្ញប្បទាន ហើយស្នើឲ្យសមាជិក ទាំង២៧ប្រទេស ចូលរួមសងប្រាក់នេះ ទាំងអស់គ្នា។

រីឯទស្សនវិស័យទី២ របស់ក្រុមប្រទេស ភាគខាងជើង ដែលមិនសូវ​រងការប៉ះពាល់ (មានជាអាទិ៍ ហូឡង់ ស៊ុយអែដ ដាណឺម៉ាក និងអូទ្រីស) មានបំណងចង់ឱ្យរដ្ឋណា ដែលទទួលផល ត្រូវទទួលខុសត្រូវ តាមរយៈប្រាក់កម្ចី ដែលមានលក្ខខណ្ឌ។

យ៉ាងណា អ្នកស្រី «Von der Leyen» ទំនងជាមានទំនោរ ទៅរកការប្រើប្រាស់មូលនិធិខាងលើ ជាលក្ខណៈហិរញ្ញប្បទាន តែត្រូវកម្រិតទំហំ នៃទឹកប្រាក់ មិនឲ្យលើសពី ១០០ពាន់កោដិអ៊ឺរ៉ូឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។