ពិភពលោក

អាមេរិក៖ ផ្ទុះ​កុបកម្ម​ហិង្សា​បន្តបន្ទាប់ ក្រោយ​ការស្លាប់​របស់ ជច៍ ផ្លយ

ការឃាត់ខ្លួន​បុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្ដាល​ឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យ​បណ្ដាជន​អាមេរិក ផ្ទុះការក្ដៅក្រហាយ ជា​បន្តបន្ទាប់ តាំងពីម្សិលមិញមក។

បាតុកម្ម មិនត្រឹមតែបានក្លាយជាកុបកម្ម តែត្រូវបានក្រុមអ្នកឆ្លៀតឱកាស យកទៅប្រើ​ដើម្បី ធ្វើការលួចឥវ៉ាន់ និងទំនិញ ពីហាងលក់ដូរនានា ជាពិសេសហាងលក់ទំនិញ ដែល​ស្ថិត​​នៅក្បែរស្នងការដ្ឋាន នៃក្រុង «Minneapolis» (រដ្ឋ “Minnesota”) ភាគ​ខាងជើង​សហរដ្ឋអាមេរិក

កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា លោក ជច៍ ផ្លយ ត្រូវបានឃាត់ខ្លួន ដោយភ្នាក់ងារ​នគរបាល​បួននាក់ ក្រោមការសង្ស័យថា បានប្រើប្រាស់ប្រាក់ក្លែងក្លាយ។

តាមរយៈ​រូបភាព​វីដេអូ ដែលត្រូវបានថត ដោយសាក្សី​នៅផ្ទាល់កន្លែង គេបានឃើញ​ភ្នាក់ងារ​នគរបាល​ម្នាក់ ប្រើជង្គង់របស់ខ្លួន សង្កត់«ក»លោក ផ្លយ អស់រយៈពេល​ជាច្រើន​នាទី បើទោះ​ជា​លោក ផ្លយ បានស្រែកឡើង ជាច្រើនដងថា «ខ្ញុំមិនអាច​ដកដង្ហើម​បានទេ» ក៏​ដោយ។

ក្នុងពេលបន្ទាប់មក បុរសអាមេរិកាំងស្បែកខ្មៅ អាយុ៤៦ឆ្នាំខាងលើ ត្រូវបានបញ្ជូន ទៅ​កាន់មន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ នៅក្នុងយប់​ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារទី២៦ ខែឧសភា។

នាយនគរបាលក្រុង «Minneapolis» បានប្រកាសនៅថ្ងៃអង្គារដដែលនោះ ថាភ្នាក់ងារ​នគរបាល ទាំងបួននាក់ ត្រូវបានបញ្ឈប់ពីការងារ ខណៈការិយាល័យ ស៊ើបអង្កេត​សហព័ន្ធ «FBI» បានបើកសំនុំរឿងមួយឡើង ដើម្បីធ្វើការស៊ើបអង្កេត ទៅលើ​មរណភាព​នេះ។

យ៉ាងណា ចំណាត់ការខាងលើ ទំនងជាមិនបានរំងាប់កំហឹង របស់បណ្ដាជននោះឡើយ។ បាតុកម្មជាច្រើន ត្រូវបានរៀបចំធ្វើ និងខ្លះទៀត បានកើតឡើងភ្លាមៗ នៅផ្ទាល់​កន្លែង តាំងពីថ្ងៃពុធ ម្សិលមិញមក។ បាតុករទាំងនោះ បាននាំគ្នា​លើកបដា «ខ្ញុំមិនអាច​ដក​ដង្ហើម​បានទេ» ដែលជា​សម្រែក របស់លោក ផ្លយ នៅពេលលោក​ត្រូវបាន​នគរបាល​សង្កត់«ក» ដោយប្រើជង្គង់។

ប៉ុន្តែបាតុកម្ម បានក្លាយជាការប៉ះទង្គិច រវាងក្រុមបាតុករ និងកងកម្លាំង នៅវេលាល្ងាច និងយប់ឡើង។

នគរបាលបានអះអាងថា មានមនុស្សម្នាក់ បានស្លាប់ បន្ទាប់ពីបានត្រូវគ្រាប់កាំភ្លើង និងមនុស្សម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្នុងអគ្គិភ័យ និងការលក់ឆក់ទំនិញ នៅក្នុង​ហាងលក់ដូរនានា នៅក្បែរស្នងការដ្ឋាន ក្នុងយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍។

អភិបាលរដ្ឋ «Minnesota» លោក «Tim Walz» បានស្នើឲ្យបណ្ដាជន ចាកចេញពីកន្លែង​កើតហេតុ​ទាំងនោះ ដែលលោក​និយាយថា មានសភាព​«គ្រោះថ្នាក់​ខ្លាំង»។ រីឯលោក «Jacob Frey» អភិបាលក្រុង «Minneapolis» បាន​ព្រមាន​ថា កងរក្សាសន្តិសុខជាតិ អាចនឹង​ត្រូវដាក់ពង្រាយ នៅក្នុង ទីក្រុង។

បណ្ដាជន​ជាច្រើននាក់ទៀត នៅក្រុង ឡូសអេជឺឡេស (Los Angeles – ភាគខាង​លិច​សហរដ្ឋអាមេរិក) ក៏បានប្រមូលគ្នា ដើម្បីបិទថ្នល់ឡានល្បឿនលឿន «Hi-Ways» ក្នុងមួយ​រយៈពេល​ខ្លីដែរ។ បាតុករខ្លះ បានលោតឡើង និងវាយបំបែកកញ្ចក់ រថយន្ដនគរបាល។ ក្នុង​ព្រឹត្តិការណ៍​នេះ បាតុករម្នាក់បានរងរបួស បន្ទាប់ពីបានធ្លាក់ ពីរថយន្ដនគរបាល។

សម្រាប់ក្រុមគ្រួសារ របស់លោក ជច៍ ផ្លយ បានទាមទារ ​ឲ្យយកភ្នាក់ងារនគរបាល ទាំង​៤នាក់ មកផ្ដន្ទាទោស ពីបទ«មនុស្សឃាត»។ អ្នកស្រី «Bridgett Floyd» ដែលជា​ប្អូនស្រី បានថ្លែងក្នុងទូរទស្សន៍ «NBC» ថា៖

«ពីព្រោះនោះ ជាអ្វីដែលពួកគេបានធ្វើ គឺពួកគេបានប្រព្រឹត្តិ អំពើមនុស្សឃាត ដាក់​បងប្រុស​របស់ខ្ញុំ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។