កម្រមាន

ប្រឌិតរឿងប្លន់យន្ដហោះ ព្រោះ​«ស្នេហ៍​អូន»… ឥឡូវជាប់គុកមួយជីវិត!

នៅប្រទេសឥណ្ឌា បុរសអ្នកមានប្រាក់ម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យបន្តរស់នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃស្លាប់។ បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកជំនួញខាងត្បូងពេជ្រ ត្រូវបានតុលាការរកឃើញថា ជាអ្នកទទួលខុសត្រូវ ក្នុងការប្រកាសអាសន្នមិនពិតមួយ ដែលថាមានចោរប្លន់យន្ដហោះ។ ទង្វើនេះ ធ្វើឡើងព្រោះមូលហេតុ«ស្នេហ៍​អូន»។

គេត្រូវវិលត្រឡប់ ទៅអំឡុងឆ្នាំ២០១៧ ដើម្បីដឹងពីរឿងដ៏អស្ចារ្យនេះ ឡើងវិញ។ គឺអាជ្ញាធរបានរកឃើញថា បុរសអ្នកមានខាងលើ បានចូលទៅសរសេរការប្រកាសអាសន្នមួយ នៅក្នុងបន្ទប់ទឹក នៃយន្ដហោះរបស់ក្រុមហ៊ុន «Jet Airways» ដែលភ្ជាប់ជើងហោះហើរ នៅក្នុងស្រុក។

ការប្រកាសអាសន្ននោះ អះអាងថា មានចោរ១២នាក់ នៅក្នុងយន្ដហោះ ហើយទាមទារឲ្យយន្ដហោះ ត្រូវបើកបង្ហោះទៅចុះចត នៅប្រទេសប៉ាគីស្ដង់ ដែលនៅជាប់ព្រំដែនឥណ្ឌា។

បន្ទាប់ពីអាជ្ញាធរ បានវែកមុខឃើញរួច បុរសអ្នកលក់ត្បូងពេជ្រ បានឆ្លើយសារភាពថា ទង្វើរបស់ខ្លួន មានបំណង​ឲ្យក្រុមអាកាសចរណ៍​ខាងលើ ឆាប់ក្ស័យធន់ ខណៈក្រុមហ៊ុនមួយនេះ កំពុងជួបបញ្ហា​ផ្នែកហិរញ្ញវត្ថុ​ស្រាប់។

អាជ្ញាធរបានរកឃើញទៀតថា បុរសរូបនេះ​ធ្លាប់បាន​យកសត្វកន្លាត ដាក់ចូលក្នុងចានអាហារខ្លួនឯង នៅពេលខ្លួនជិះយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ដដែល កាលពីពេលមុន។

ប៉ុន្តែហេតុអ្វីក៏ចង់ឲ្យក្រុមហ៊ុនខាងលើ ក្ស័យធន់?

គឺមិនមែនដើម្បីចង់ទិញក្រុមហ៊ុននេះ យកមកគ្រប់គ្រងទេ តែបុរសរូបនេះចង់ឲ្យ «ស្ត្រីម្នាក់» ដែលខ្លួនលង់ស្នេហ៍ អស់ការងារធ្វើ នឹងអាលខ្លួនអាចផ្ដល់ការងារថ្មី ឲ្យរូបនាង។ ស្ត្រីរូបនោះ ជាអ្នកបម្រើ​ការ​លើយន្ដហោះ របស់ក្រុមហ៊ុនខាងលើ ហើយនាងបានបដិសេធ មិនលាឈប់ពីការងារ (ជាអ្នកបម្រើការ​លើយន្ដហោះ) របស់នាងនេះ​ឡើយ។

តាមច្បាប់ថ្មី ទាក់ទងនឹងវិស័យអាកាសចរណ៍ តុលាការរបស់ប្រទេសឥណ្ឌា បានសម្រេចកាលពី​ថ្ងៃព្រហស្បត្តិ៍​សប្ដាហ៍នេះ ផ្ដន្ទាទោសបុរសអ្នកមានប្រាក់ និងជាម្ចាស់កំពូលស្នេហ៍ ឲ្យជាប់​ក្នុងពន្ធនាគារ​ អស់មួយជីវិត និងពិន័យ​ជាប្រាក់ អស់ជាច្រើន​លាន​រូពីទៀត៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។