កម្រមាន

បារាំង៖ ប្រើ​​«ទួនវីស»​ចាក់សម្លាប់​ឆ្កែ​ខ្លួនឯង ទាំងនៅ​កណ្ដាល​ផ្លូវ

ហេតុការណ៍ដ៏ហួសនិស្ស័យមួយ បានកើតឡើង នៅក្បែររដ្ឋធានីប៉ារីស (បារាំង) កាលពី​ព្រឹក​ថ្ងៃសៅរ៍។ បុរសម្នាក់បានបណ្ដើរឆ្កែរ ប្រភេទប៊ែរហ្សេ មួយក្បាលរបស់ខ្លួន ចេញមក​តាមដង​ផ្លូវ ហើយដក«ទួនវីស» មកចាក់ចំនួនពីរដង ទៅលើសុនខ បណ្ដាលឲ្យដួលស្លាប់ នៅនឹង​កន្លែង។

សារព័ត៌មានបារាំង «Le Parisien» បានរាយការណ៍ថា ហេតុការណ៍នេះ បានកើតឡើង ក្នុងក្រុង «Aubervilliers» (93) ដែលស្ថិតនៅភាគឦសាន ជាប់រដ្ឋធានី ប៉ារីស។ បុរស​ម្ចាស់​ឆ្កែ បានប្រើ«ទួនវីស» ចាក់លើកទីមួយ ចំពោះផ្នែកខាងឆ្វេង និងលើកទីពីរ ចំពីលើ​ខ្នង។

សុនខដែលមានវ័យ ទើបបាន៦ខែ បានដង្ហក់ និងបានដួលស្លាប់ នៅលើចិញ្ចើមផ្លូវ ក្រោមក្រសែភ្នែកដ៏រន្ធត់ ពី​អ្នកដំណើរ នៅជុំវិញនោះ។ ក្រោយមក សពសត្វកំសត់ ត្រូវបាន​ប្រមូលយក ដោយសមាគមមួយ ដែលទទួលបន្ទុក ចិញ្ចឹម និងឃ្លាំមើលសត្វ ប្រចាំតំបន់។

សារព័ត៌មានបានស្រង់សំដី របស់ប្រភពមួយ ដែលស្និតនឹងសំនុំរឿងនេះ មកចុះផ្សាយថា «វាជាទង្វើ ដ៏សាហាវព្រៃផ្សៃ និងហួសនិស្ស័យ»។

បន្ទាប់ពីត្រូវអាជ្ញាធរ ចាប់ខ្លួនយកទៅឃុំ (ជាបណ្ដោះអាសន្ន) រួច បុរសជាម្ចាស់ឆ្កែ បាន​វៃតប់ខ្លួនឯង នៅក្នុងបន្ទប់ឃុំឃាំង មុននឹងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។ ស្ថានភាព​ផ្លូវចិត្ត របស់បុរសម្នាក់នេះ ទំនងជានឹងត្រូវឆ្លងកាត់ ការត្រួតពិនិត្យ ជាច្រើនដង​ទៀត ដោយពេទ្យជំនាញ។

សមាគមការពារសត្វ ឈ្មោះ «Stéphane Lamart» បានដាក់ពាក្យបណ្ដឹងមួយ ឡើងទៅ​អាជ្ញាធរ ប្ដឹង​បុរស​ម្ចាស់ឆ្កែ។ ហើយទង្វើដ៏សាហាវ ក្នុងការសម្លាប់ឆ្កែខ្លួនឯង អាចឲ្យ​បុរស​រូបនេះ ជាប់​ពន្ធនាគារ រហូតដល់២ឆ្នាំ និងត្រូវពិន័យជាប្រាក់ ប្រមាណជា ៣ម៉ឺនអ៊ឺរ៉ូ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: AnimalMurder