កម្រមាន

សង្ឃព្រាហ្ម​អង្គនេះ​បាន​លាចាក​លោក បន្ទាប់ពី​«មិនឆី​មិនផឹក»​៨០ឆ្នាំ

បន្ទាប់ពីបានអះអាង តាំងពីច្រើនឆ្នាំមក ថា បានធ្វើការស្មឹងស្មាធ ដោយ​«មិនឆី​មិនផឹក» អស់រយៈពេល​៨០ឆ្នាំនោះមក សង្ឃព្រាហ្មដ៏ល្បីល្បាញ របស់ប្រទេសឥណ្ឌា ព្រះនាម «Prahlad Jani» បានទទួលមរណភាពហើយ នៅថ្ងៃទី២៦ ខែឧសភានេះ។

មានកំណើតក្នុងភូមិតូចមួយ នៃរដ្ឋ «Gujarat» ភាគខាងលិចឥណ្ឌា សង្ឃ «Prahlaf Jani» ធ្លាប់អះអាងថា មិនបានឆាន់អ្វីសោះ តាំងពីព្រះជន្ម១១ឆ្នាំ។

លោក «Sheetal Chaudhary» អ្នករស់នៅជិតខាង ត្រូវបានស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា៖

«លោកបានសុគត់ កាលពីព្រឹកថ្ងៃអង្គារ ក្នុងផ្ទះរបស់លោក។ គេបានមកលោក ទៅពេទ្យ​ដែរ តែពេលទៅដល់ គ្រូពេទ្យដែលពិនិត្យលោក ថាលោកបានសុគត់ រួចទៅហើយ។»

ឱសថជីវិត «មិនឆី​មិនផឹក»

សង្ឃ «Jani» ធ្លាប់មានដីកាថា លោកទទួលបាន «ពរជ័យ» ពីទេពធីតាមួយអង្គ តាំងពី​លោក​នៅក្មេង ដែលធ្វើឲ្យ​លោក មាន«កម្លាំងដ៏ពិសេស»។ លោកមានដីកា កាលពីឆ្នាំ​២០០៣ នៅពេលលោកមានជីវិត នៅឡើយថា៖

«ខ្ញុំទទួលបានឱសថជីវិត តាមរយៈប្រហោង នៃមហាគ្រឹះរបស់ខ្ញុំ។ ឱសថជីវិតនោះ បាន​អនុញ្ញាតឲ្យខ្ញុំ អាចរស់បាន ដោយ”មិនឆី​មិនផឹក”។»

យ៉ាងណា គ្មាននរណាដឹងពិតប្រាកដថា តើសង្ឃព្រាហ្មខាងលើ បានរស់នៅតាំងពី ៨០ឆ្នាំ​មុន ដោយមិនបានទទួលទាន អ្វីសោះនោះ។ សម្រាប់ក្រុមគ្រូពេទ្យ វាពិបាក​ធ្វើឲ្យ​ជឿជាក់​ណាស់។

ដោយហេតុនេះហើយ ទើបក្រុមគ្រូពេទ្យ បានធ្វើការឃ្លាំមើលសង្ឍ «Jani» ដោយផ្ទាល់ ចំនួន​ពីរលើក គឺក្នុងឆ្នាំ២០០៣ និងឆ្នាំ២០១០។

ក្នុងរយៈពេល​នៃឃ្លាំមើល ដោយប្រើកាម៉េរាថតផ្ទាល់ ពីទីអាស្រម​របស់លោកនោះ ក្រុម​គ្រូពេទ្យ មិនបានឃើញលោក ឆាន់ទឹក ឬអ្វីផ្សេងឡើយ ហើយក៏មិនឃើញលោក បន្ទោរបង់​តូច ឬធំអ្វីដែរ ក្នុងរយៈពេល២សប្ដាហ៍៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: HindusIndia