អាស៊ី-ប៉ាស៊ីភិក

អ្នកជំនាញថា យន្ដហោះ​បាត់ខ្លួន MH370 បានចុះចត​យ៉ាងសម្ងាត់​នៅកម្ពុជា

ក្រុមអ្នកជំនាញផ្នែកអាកាសចរ បានអះអាងថា ពួកគេមាននៅក្នុងដៃ នូវអំណះអំណាងមួយចំនួន ដែលអាចជាភស្ដុតាងទទួលយកបាន ដើម្បីបញ្ជាក់ថា យន្ដហោះ​បាត់ខ្លួន «MH370» ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំង កាលពីជាង៥ឆ្នាំមុន បានចុះចតលើវាល​យន្ដហោះ​សម្ងាត់​មួយ ក្នុងប្រទេសកម្ពុជា។

នេះ បើតាមសារអេឡិចត្រូនិកមួយ របស់ក្រុមអ្នកជំនាញទាំងនោះ ផ្ញើរជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាមេដ (Mahathir Mohamad) ហើយត្រូវបានសារព័ត៌មាន​អង់គ្លេស «Express.co.uk» ដកស្រង់យកមកចុះផ្សាយ។

របាយការណ៍ផ្លូវការ បានលើកឡើងថា យន្ដហោះប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរ ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានមនុស្សជិះ ២៣៩នាក់ បានបាត់​ពីប្រព័ន្ធ​ត្រួតពិនិត្យ​ដែនអាកាស នៅលើឈូងសមុទ្រថៃ ប្រមាណជាមួយម៉ោង ក្រោយការហោះងើបចេញ ពីព្រលានយន្ដហោះ និងបានហោះវិលត្រឡប់ក្រោយ មុននឹងហោះឆ្ពោះទៅកាន់ទិសដៅ សមុទ្រ «Andaman» (ខាងកើតមហាសមុទ្រឥណ្ឌា ខាងត្បូងប្រទេសភូមា)។

សម្រាប់លោក «André Milne» អ្នកជំនាញ និងជាស្ថាបនិកសហគ្រាស «Unicorn Aerospace» មិនបានគិតដូចអ្វី ដែលមានសរសេរ នៅក្នុងរបាយការណ៍ផ្លូវការខាងលើនេះទេ។ លោក និងអ្នកជំនាញស្ម័គ្រចិត្តមួយរូបទៀត គឺលោក «Daniel Boyer» បានអះអាងថា បន្ទាប់ពីបានបាត់ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យដែនអាកាស យន្ដហោះ «MH370» បានចុះចត នៅលើវាលយន្ដហោះសម្ងាត់មួយ ស្ថិតក្នុងព្រៃជ្រៅ ភាគខាងលិច​នៃប្រទេសកម្ពុជា។ 

លោកបានសរសេរ នៅក្នុងសារអេឡិចត្រូនិកនោះថា៖

«លោក “Boyer” និងខ្ញុំផ្ទាល់ បានទទួលព័ត៌មានច្បាស់ការណ៍ ដែលអនុញ្ញាតឲ្យដឹង អំពីស្ថានភាព ដែលយន្ដហោះ “MH370” បានងើបហោះចេញ ពីវាលយន្ដហោះសម្ងាត់ បន្ទាប់ពីបានចុះចតបានមួយសន្ទុះ។ បន្ទាប់មក យន្ដហោះបានហោះទៅទម្លាក់ខ្លួន ជាលក្ខណៈយុទ្ធសាស្ត្រ នៅត្រង់កន្លែងលាក់កំបាំងមួយ ឆ្ងាយពីវាលយន្ដហោះសម្ងាត់។» 

អ្នកជំនាញរូបនេះ បានភ្ជាប់ជាមួយរូបភាពជាច្រើន ដើម្បីបញ្ជាក់ពីអំណះអំណាងរបស់លោក និងថែមទាំងអាចបញ្ជាក់ ពីទីតាំង ដែលលោកជឿថា យន្ដហោះអាចនឹងត្រូវរកឃើញនោះផង។ លោក «André Milne» បន្តថា៖

«ចំណុចរួមនៃការរកឃើញ ដ៏ច្បាស់លាស់ទាំងនេះ មានចំនួនហួសអំពីអ្វី ដែលអាចត្រូវចាត់ទុក ជាភស្ដុតាងដែលអាចជឿជាក់បាន ហើយដែល​លោក​នាយករដ្ឋមន្ត្រី​ត្រូវការ ដើម្បីបើកការរុករកយន្ដហោះនេះ សាជាថ្មី។»

យន្ដហោះ​បាត់ខ្លួន ក្នុងរយៈពេល​១ម៉ោង និង១៣នាទីដំបូង…

លោក «André Milne» អះអាងទៀតថា ទីតាំងដែលលោកបានលើកមកនេះ នឹងបំភ្លឺកាន់តែច្បាស់ អំពីសំនួរដ៏ស្រពិចស្រពិល នៅក្នុងសៀវភៅមួយ របស់លោក «Jeffrey Wise» ដែលមានចំណងជើងថា «The Plane That Wasn’t There»។

នៅក្នុងសៀភៅនោះ លោក «Jeffrey Wise» ដែលជាអ្នកជំនាញ ផ្នែកអាកាសចរ​ម្នាក់ទៀត បានចោទជាសំនួរថា តើយន្ដហោះពិតជាបានចុះចត និងហោះងើបខ្លួន ឡើងវិញ បន្ទាប់ពីវាបានបាត់ ពីប្រព័ន្ធត្រួតពិនិត្យដែនអាកាសឬ?

ម្ចាស់សៀវភៅ «The Plane That Wasn’t There» បានបញ្ជាក់ថា យន្ដហោះ «MH370» បានបាត់សញ្ញាលើកដំបូងរបស់វា ក្នុងរយៈពេល១ម៉ោង និង១៣នាទី ពោលគឺចាប់ពីយន្ដហោះបានបាត់ ពីប្រព័ន្ធត្រួតពិនិត្យដែនអាកាស លើកទីមួយ មកទល់នឹងការចាប់បានសញ្ញា របស់យន្ដហោះឡើងវិញ។

លោក «Jeffrey Wise» បានចោទសួរថា រយៈពេលជាងមួយម៉ោងនេះ តើយន្ដហោះ​ប៊ូអីង ហោះវិលជុំវិញកន្លែង​​ដដែលៗ ឬក៏បានចុះចត នៅកន្លែងណាមួយ មុននឹងហោះងើបខ្លួនមកវិញ? លោកសរសេរថា គ្មាននរណាម្នាក់ដឹង ពីសកម្មភាពរបស់យន្ដហោះ នៅក្នុងរយៈពេល ដ៏គួរឲ្យសង្ស័យនេះទេ។

សម្រាប់ក្រុមអ្នកជំនាញទាំងនេះ បានគិតថា បើសិនជាយន្ដហោះត្រូវចុះចត និង​ហោះ​ងើបខ្លួន​មកវិញ វាមិនអាចទៅណាឆ្ងាយ ពីប្រទេសម៉ាឡេស៊ី ឬប្រទេសជិតខាងផ្សេងទៀត ដូចយ៉ាងប្រទេសកម្ពុជានោះឡើយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទាក់ទងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បត្តិ ទី១៦ ខែឧសភានេះ តែទូរស័ព្ទមិនមានការទទួល។

ការលើកឡើងខាងលើ ជាការអះអាងមួយបន្ថែមទៀត ពីលើការអះអាង របស់ក្រុមអ្នកជំនាញ និងអ្នកស្រាវជ្រាវជាច្រើនផ្សេង ដែលតែងលើកឡើង ខុសៗគ្នា អំពីខ្សែជីវិតចុងក្រោយ នៃយន្ដហោះ «MH370» ដែលភ្ជាប់ជើងហោះហើរ ចេញពីរាជធានី កូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានី ប៉េកាំង ក្នុងយប់ថ្ងៃ៨ ខែមិនា ឆ្នាំ២០១៤។

យន្ដហោះ ប៊ូអីង ដែលដឹកមនុស្ស ២៣៩នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅជាងមួយម៉ោង ក្រោយហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិ នៃរាជធានី កូឡាឡំពួរ។ យុទ្ធនាការរុករកយន្ដហោះ នៅក្នុងភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា ដែលបានប្រើពេល​ជាច្រើនខែ បានបញ្ចប់ទៅ ដោយមិនបានទទួលបាន លទ្ធផលអ្វីឡើយ។

យ៉ាងណា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃប្រទេសម៉ាឡេស៊ី លោក «Anthony Loke Siew Fook» បានអះអាងកាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើក​ការរុករក​យន្ដហោះ សារជាថ្មី ប្រសិនណាជាមានភស្ដុតាង នៃការរកឃើញណា ជាក់លាក់​បន្ថែមទៀត៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។