អាស៊ី-ប៉ាស៊ីភិក

ខ្យល់ព្យុះ «Pabuk» មិនមាន​ឥទ្ធិពល​ខ្លាំង ដូច​ការរំពឹង​ទុក

យ៉ាងណា ខ្យល់ព្យុះ «Pabuk» បានបន្សល់ទុក នូវការបំផ្លិចបំផ្លាញជាច្រើន ក្នុងនោះរាប់ទាំងទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការខូចខាត​អាគារសាធារណៈ ផ្ទះសម្បែងពលរដ្ឋ… ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសថៃ។ មនុស្សជិត ៣០ ០០០នាក់ ត្រូវបានជម្លៀសឲ្យនៅជ្រកកោន នៅក្នុងមជ្ឈមណ្ឌលការពារមួយ ក្នុងភាគកណ្ដាល។

ខ្យល់ព្យុះ បានបក់ក្នុងព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ ដោយមានកម្លាំងថមថយ  បើធៀបនឹងការរំពឹងទុក ក្នុងការព្យាករណ៍ឧត្តុនិយម របស់អាជ្ញាធរថៃ និងធៀបនឹងកម្លាំងរបស់វា នៅពេលឆ្លងកាត់ឈូងសមុទ្រ «Andaman» (ដែលស្ថិតនៅខាងកើត មហាសមុទ្រឥណ្ឌា)។

ព្រលានយន្ដហោះភាគច្រើន ក្នុងតំបន់ បានបើកឲ្យយន្ដហោះ អាចធ្វើចរាចរណ៍បានវិញ ក្នុងថ្ងៃសៅរ៍នេះដដែល ហើយទេសចរណ៍ជាច្រើនរយនាក់ ដែលបានជាប់ក្នុងព្រលាន​យន្ដហោះទាំងនោះ អាចនឹងធ្វើដំណើរ ត្រឡប់ទៅប្រទេស ឬគេហដ្ឋានរបស់ផងខ្លួនវិញ។

ខ្យល់ព្យុះ «Pabuk» ត្រូវបានចាត់ទុកថា ជាខ្យល់ព្យុះដ៏ខ្លាំងទីមួយ ដែលបានវាយបក់ ទៅលើប្រទេសថៃ រាប់ចាប់តាំង ពី៣០ឆ្នាំកន្លងមកហើយ។ ខ្យល់ព្យុះ បានបង្កឲ្យមាន កម្លាំងខ្យល់ដ៏ខ្លាំងក្លា ភ្លៀងធ្លាក់ដ៏ជោគជាំ និងរលកទឹកសមុទ្រ កំពស់រវាងពី៣ ទៅ៥ម៉ែត្រ។

មកដល់ម៉ោងនេះ មិនទាន់មានតួលេខ នៃតុល្យភាពណាមួយ ត្រូវបានអាជ្ញាធរ បង្ហាញឲ្យដឹងនៅឡើយ។

គ្រោះធម្មជាតិមួយនេះ បានបង្កការប៉ះពាល់ ទៅដល់សរសៃឈាម​សេដ្ឋកិច្ច របស់ប្រទេសថៃ ដែលមានកម្លាំងខ្លាំង ដោយសារទេសចរណ៍។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានគ្រោងថា នឹងទទួលទេសចរណ៍ ដល់ទៅចំនួន ៤០លាននាក់ ក្នុងឆ្នាំនេះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។