បារាំង

ផ្ទុះ​ការប៉ះទង្គិច​ ក្នុង​រលក​ទី៨នៃ​បាតុកម្ម​អាវកាក់​លឿង នៅ​ប៉ារីស

ការប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំងអាជ្ញាធរ និងក្រុមបាតុករ អាវកាក់លឿង បានកើតមានឡើង នារសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

នៅជាច្រើនក្រុងធំៗ នៃប្រទេសបារាំង បណ្ដាជនពាក់អាវកាក់លឿង បាននាំគ្នាចុះដើរ ដើម្បីប្រារព្ធរលកបាតុកម្ម ទី៨ របស់ពួកគេ ក្នុងចុងសប្ដាហ៍ ដើមឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានផ្អាក ក្នុងប៉ុន្មានថ្ងៃកន្លងមក ដោយសារបុណ្យចុងឆ្នាំ និងបុណ្យចូលឆ្នាំថ្មី។

ការប៉ះទង្គិចគ្នា នៅក្នុងរដ្ឋធានីប៉ារីស បានកើតឡើងនៅជិតសាលារដ្ឋធានី តាមបណ្ដោយទន្លេសែន។ ក្រុមបាតុករបានគប់វត្ថុរឹងជាច្រើន សំដៅទៅក្រុមនគរបាល ដែលបង្ខំឲ្យកងកម្លាំងអាជ្ញាធរ ធ្វើការវាយបកវិញ ដោយបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកជាច្រើន ចូលទៅក្នុងហ្វូងបាតុករ។

កងកម្លាំងពិសេស ជំនាញខាងការទប់ស្កាត់កុបកម្ម ក៏ត្រូវបានបញ្ជូន ទៅដល់ភ្លាមៗដែរ ដើម្បីធ្វើអន្តរាគមន៍៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។