«វាយបកសត្រូវ» ជាឈ្មោះសមយុទ្ធ ដោយប្រើគ្រាប់ពិត ដែលកោះតៃវ៉ាន់បានបន្តធ្វើ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីប្រទេសចិន បានបញ្ចប់សមយុទ្ធដ៏សម្បើមរបស់ខ្លួន នៅជុំវិញកោះ កាលពីមួយថ្ងៃមុន។ ប៉ុន្តែកោះតៃវ៉ាន់ បានថ្លែងយ៉ាងប្រយ័ត្នប្រយែង ថាសមយុទ្ធ«វាយបកសត្រូវ»របស់ខ្លួន គ្មានបំណងប្រឆាំងនឹងសមយុទ្ធរបស់ចិនកុម្មុយនីសនោះទេ។
ស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានបារាំង «AFP» លោក «Lou Woei-jye» អ្នកនាំពាក្យកងទ័ពតៃវ៉ាន់ បានបញ្ជាក់ថា សមយុទ្ធបានប្រព្រឹត្តិទៅ នៅម៉ោង៨និង៣០នាទី (ម៉ោងក្នុងស្រុក) នៅជុំវិញស្រុក «Pingtung» ស្ថិតនៅភាគខាងត្បូងកោះ។
សមយុទ្ធខាងលើ មានរយៈពេល១ម៉ោង និងត្រូវបានបញ្ចាំងផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ បង្ហាញពីកាំភ្លើងផ្លោងធុនធំ ជាច្រើនគ្រឿង យន្ដហោះចម្បាំង ការបាញ់កាំជ្រួច… ដោយមានកងយោធាធ្វើសកម្មភាព ដោយផ្ទាល់។
កាលពីថ្ងៃអង្គារ តៃវ៉ាន់បានធ្វើសមយុទ្ធម្ដងហើយ នៅក្នុងតំបន់តែមួយនេះ។
យ៉ាងណា រដ្ឋាភិបាលតៃវ៉ាន់បានបង្រួមផលប៉ះពាល់ ដែលកើតចេញពីសមយុទ្ធខាងលើ ដោយអះអាងថា ជាសមយុទ្ធដែលមានគម្រោងធ្វើ តាំងពីច្រើនខែមកហើយ និងមិនមែនជាការឆ្លើយតបនឹងប្រទេសចិននោះទេ។
ក្រុងប៉េកាំងបានសម្ដែងការខឹងក្រេវក្រោធ ក្រោយពីមានទស្សនកិច្ចរបស់ប្រធានសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) នៅលើកោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន និងបានធ្វើសមយុទ្ធយ៉ាងសន្ធឹកសន្ធាប់ អស់រយៈពេលជាច្រើនថ្ងៃ នៅជុំវិញកោះ។
សមយុទ្ធរបស់ចិនកុម្មុយនីស ដែលមានគ្រប់ផ្នែក (ទាំងផ្លូវគោក ផ្លូវទឹក និងតាមផ្លូវអាកាស) ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃពុធម្សិលមិញ។ ប្រទេសចិននិយាយថា កងទ័ពរបស់ខ្លួនបាន «បំពេញភារកិច្ចជាច្រើន» នៅច្រកសមុទ្រតៃវ៉ាន់ និងសន្យាថា ខ្លួននឹងធ្វើការល្បាតដែនទឹក នៅតំបន់នោះ ជាបន្តទៀត។ សេចក្តីថ្លែងការណ៍ដដែល បានអះអាងថា ចិននឹងបន្តធ្វើការហ្វឹកហ្វឺនយោធា និងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសង្គ្រាម។
ខណៈក្រុងតៃប៉ិវិញ ចោទប្រទេសចិនថា បានយកលេសនៃការធ្វើទស្សនកិច្ច របស់អ្នកស្រី ណេនស៊ី ផេឡូស៊ី ដើម្បីបោះជំហានទៅធ្វើការឈ្លានពាន លើកោះតៃវ៉ាន់៕