អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) មានកាន់លិខិតឆ្លងដែនកម្ពុជា និងទំនងជាបានប្រើប្រាស់ឯកសារនេះ នៅខណៈពេលដែលអ្នកស្រី បានគេចខ្លួន ចេញពីការឃ្លាំមើល ២៤/២៤ម៉ោង ពីសំណាក់យោធាថៃ កាលពីអំឡុងខែសីហា ឆ្នាំ២០១៧។
សារព័ត៌មានផ្លូវការចិន «South China Morning» បានរាយការណ៍ដូច្នេះ កាលពីប៉ុន្មានម៉ោងមុន នៅក្នុងអត្ថបទ ដ៏វែងអន្លាយមួយរបស់ខ្លួន ដោយថែមទាំងបញ្ជាក់ទៀតថា អ្នកស្រីអតីតនាយករដ្ឋមន្ត្រី អាយុ៥១ឆ្នាំ ថែមទាំងបានប្រើប្រាស់ លិខិតឆ្លងដែនមួយនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ឈ្មោះ «PT Corporation Company» នៅក្រុង ហុងកុង កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នោះទៀត។
កាសែតចិន បានអះអាងទៀតថា ការទម្លាយឲ្យដឹងនេះ ធ្វើឲ្យការសង្ស័យ ដែលអះអាងថា អ្នកស្រីបានរត់គេចខ្លួន តាមប្រទេសកម្ពុជា មានលក្ខណៈ កាន់តែគួរឲ្យជឿឡើង បើទោះជាការសង្ស័យនេះ ធ្លាប់ត្រូវបានអាជ្ញាកម្ពុជាបដិសេធចោល យ៉ាងខ្លាំងក្លារួចហើយក្ដី។
អ្នកកស្រី យីងឡាក់ ប្អូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលធ្លាប់ជានាយករដ្ឋមន្ត្រីថៃដែរនោះ ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារទម្លាក់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។ បន្ទាប់មក អ្នកស្រីត្រូវតុលាការកំពូលថៃ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ ជុំវិញគម្រោងទិញស្រូវ ពីកសិករ ដែលរងការចោទថា ធ្វើបាត់បង់ថវិការដ្ឋ។
ប៉ុន្តែ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អ្នកកស្រី បានគេចខ្លួនយ៉ាងអាថ៌កំបាំង ចេញពីប្រទេសថៃ ខណៈព័ត៌មានលេចឮជាច្រើន បានអះអាងថា អ្នកស្រីបានគេចខ្លួន តាមប្រទេសកម្ពុជា ដោយសារគ្រួសារ ស៊ីណាវ៉ាត្រា មានទំនាក់ទំនងយ៉ាងល្អូនល្អើន ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកសាស្ត្រាចារ្យ «Chong Ja Ian» មកពីសាកលវិទ្យាល័យជាតិសិង្ហបូរី ត្រូវបាន «South China Morning» ស្រង់សំដី យកមកបញ្ជាក់ថា៖
«បើសិនជាវាជាលិខិតឆ្លងដែនកម្ពុជា សំនួរសួរថា តើហេតុដូចម្ដេច ទើបមនុស្សដូចយ៉ាង អ្នកស្រី យីងឡាក់ ទទួលបានឯកសារដូច្នេះ?»
យ៉ាងណា មន្ត្រីទទួលខុសត្រូវ ផ្នែកអន្តោប្រវេស នៃក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានប្រាប់ សារព័ត៌មានក្នុងស្រុកថា អ្នកស្រី យីងឡាក់ មិនអាចមាន លិខិតឆ្លងដែនកម្ពុជា បានទេ ដោយសារអ្នកស្រី មិនមែនជាជនជាតិកម្ពុជា៕