មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong Un) បានអះអាងថា ប្រទេសលោកនឹងមាន«នាវាមុជទឹកនុយក្លេអ៊ែរ»។ ការអះអាងរបស់«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» ធ្វើឡើងស្របគ្នា នឹងការបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែជា«សត្រូវធំបំផុត» របស់ប្រទេសកូរ៉េខាងជើង។
«KCNA» ប្រព័ន្ធឃោសនាផ្លូវការរបស់របបក្រុងព្យុងយ៉ាង បានស្រង់សំដីរបស់លោក គីម ដែលបានថ្លែងក្នុងមហាសន្និបាតបក្សលើកទី៨ មកចុះផ្សាយឲ្យដឹង ក្នុងថ្ងៃសៅរ៍ទី៩ ខែមករា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងជើង ចាំបាច់ត្រូវ«ផ្ដោតអារម្មណ៍ និងអភិវឌ្ឍន៍ខ្លួន ក្នុងស្មារតីប្រឈម ទល់នឹងសហរដ្ឋអាមេរិក» ដែលជា«ឧបសគ្គធំបំផុត នៃបដិវត្ដន៍ និងសត្រូវធំបំផុត» របស់ប្រទេសនេះ។
«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» បានបន្តថ្លែង អំពីគម្រោងរបស់លោក ក្នុងការបំពាក់ឲ្យមាន នូវ«នាវាមុជទឹកនុយក្លេអ៊ែរ» ដូច្នេះថា៖
«ផែនការស្រាវជ្រាវថ្មីសម្រាប់បង្កើត នាវាមុជទឹក នុយក្លេអ៊ែរ ត្រូវបានបញ្ចប់ ហើយកំពុងស្ថិតក្នុងដំណាក់កាល ត្រួតពិនិត្យចុងក្រោយ។»
លោក គីម បានបន្ថែមទៀតថា ប្រទេសកូរ៉េខាងជើងត្រូវអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរបន្ថែមទៀត និងផលិត ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំតូចនិងស្រាល ដើម្បីយកទៅប្រើប្រាស់ តាមគោលដៅដែលបានកំណត់។
ការប្រកាសរបស់មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ធ្វើឡើងប៉ុន្មានជាង១០ថ្ងៃ មុនការចូលកាន់តំណែង របស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក បន្តពីប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានចាញ់ឆ្នោត។
ក្នុងរដ្ឋបាលរបស់លោក ត្រាំ បើទោះជាមានជំនួប «ជាប្រវត្តិសាស្ត្រ និងជានិមិត្តរូប» រវាងមេដឹកនាំទាំងពីរ «ត្រាំ-គីម» ដល់ទៅពីរលើកក្ដី តែគ្មានចំណាត់ការណាមួយ ត្រូវបានសម្រេចចេញជារូបរាង ពីជំនួបទាំងនេះទេ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍។
ក្រុមអ្នកជំនាញបានរំពឹងថា រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន នឹងអនុវត្តន៍នយោបាយកណ្ដាប់ដៃដែក ចំពោះរបបក្រុងព្យុងយ៉ាង ដែលបានស្គាល់រួចជាស្រេចហើយ នៅក្នុងជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលមានលោក បៃដិន ជាអនុប្រធានាធិបតី។
នៅក្នុងយុទ្ធនាការរកសម្លេងឆ្នោត លោក ចូ បៃដិន មិនបានញញើតញញើម នឹងហៅលោក គីម ថាជា«ជនបាតផ្សារ» ខណៈក្រុងព្យុងយ៉ាង បានឆ្លើយតបវិញ ដោយហៅលោក បៃដិន ថាជា«ឆ្កែឆ្កួត» ដែលគួរត្រូវ«វាយឲ្យងាប់»។
លោក គីម ត្រូវបាន«KCNA»ស្រង់សំដី មកផ្សាយទៀតថា៖
«ទោះនរណាក៏ដោយ ដែលឡើងមកកាន់អំណាច (នៅសហរដ្ឋអាមេរិក) ក៏ចរិតពិតនៃនយោបាយ ប្រឆាំងកូរ៉េខាងជើង នឹងមិនមានអ្វីផ្លាស់ប្ដូរនោះទេ៕»