ចាប់ពីខែកក្កដាមុនមក ការមានសត្វចិញ្ចឹម នៅក្នុងគេហដ្ឋាន ជាទង្វើខុសច្បាប់។ សត្វទាំងនោះ នឹងត្រូវបញ្ជូន ទៅកាន់សួនសត្វរបស់រដ្ឋ ឬត្រូវយកទៅលក់ ដើម្បីធ្វើទទួលទាន នៅតាមភោជនីយដ្ឋាននានា នៅក្នុងប្រទេសកូរ៉េខាងជើង។
សម្រាប់មេដឹកនាំផ្ដាច់ការ នៃរបបកុម្មុយនីស្ដិ៍កូរ៉េ លោក គីម ជុង-អ៊ុន (Kim Jong-Un) បានលើកឡើងថា សត្វចិញ្ចឹមដូចយ៉ាងសត្វឆ្កែជាដើម ជានិមិត្តរូបដ៏គួរឲ្យខ្ពើមរអើម នៃមនោគមវិជ្ជាមូលធន-សក្ដិភូមិ។
សេចក្ដីរាយការណ៍មួយ របស់សារព័ត៌មាន នៅប្រទេសកូរ៉េខាងត្បូង ឈ្មោះ «Chosun Ilbo» ដែលត្រូវបានអះអាងបន្ថែម ដោយសារព័ត៌មានអង់គ្លេស ឈ្មោះ «Dailymail» បានឲ្យដឹងថា អាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញគ្រួសារ ដែលមានចិញ្ចឹមឆ្កែ និងដែលត្រូវបានបង្ខំ ឲ្យបោះបង់ឆ្កែទាំងនោះ ឬបើមិនដូច្នេះទេ សត្វសុនខនឹងត្រូវរឹបអូស ដើម្បីយកទៅសម្លាប់។
ចំណាត់ការខាងលើ បានបង្កការព្រួយបារម្ភ ដល់បណ្ដាជនកូរ៉េខាងជើងទាំងឡាយ ដែលមានចិញ្ចឹមសុនខ ដែលអ្នកផងចាត់ទុកថា ជាមិត្តរបស់មនុស្ស។ ពួកគេបានសង្ស័យទៀតថា ការចាប់សត្វឆ្កែ គឺជាដំណោះស្រាយរបស់របបកុម្មុយនីស្ដិ៍ ក្នុងការសម្រាលគ្រោះទុរ្ភិក្ស ដែលបាន និងកំពុងកើតមាន នៅក្នុងប្រទេសកូរ៉េខាងជើង។
បើតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានអះអាងថា ប្រជាជនកូរ៉េខាងជើង ប្រមាណជា៦០% កំពុងស្ថិតក្នុងភាពអត់ឃ្លាន ដោយការខ្វះខាតចំណីអាហារ៕