អាស៊ី-ប៉ាស៊ីភិក

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ប្រាប់​នាយទាហាន​ឲ្យ​ពង្រឹង​កងទ័ព

លោក គីម ជុងអ៊ុន (Kim Jong Un) មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង បានចេញបទបញ្ជា ទៅកាន់នាយទាហាន ដែលនៅក្រោមបង្គាប់លោក ឲ្យបង្កើនមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពកងទ័ព របស់ប្រទេសកុម្មុយនីស្ដិ៍។ នេះ បើតាមការផ្សព្វផ្សាយ របស់ម៉ាស៊ីនឃោសនា របស់របបក្រុងព្យុងយ៉ាង កាលពីដើមសប្ដាហ៍នេះ ពោលគឺនៅមុនប៉ុន្មានថ្ងៃ នៃឱសានវាទរបស់ខ្លួន ដាក់ទៅកាន់ក្រុងវ៉ាស៊ីនតោន ជុំវិញវិបត្តិនុយក្លេអ៊ែរ។

បើទោះជាមានការខិតជិតគ្នា ដ៏គួរឲ្យកត់សម្គាល់ តាំងពីឆ្នាំ២០១៨នោះក៏ដោយ តែដំណើរការចរចា ស្ដីពីលើវិបត្តិនុយក្លេអ៊ែរ បានស្ថិតក្នុងសភាពទាល់ច្រក បន្ទាប់ពីជំនួបកំពូល ក្នុងខែកុម្ភៈឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ (Donald Trump)។

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង សន្យាជូន«អំណោយបុណ្យណូអែល»

នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ របបកុម្មុយនីស្ដិ៍កូរ៉េ បានចេញផ្សាយសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់ ដោយដាក់ឱសានវាទ សម្រាប់សហរដ្ឋអាមេរិក នូវ«អំណោយបុណ្យណូអែល» ដ៏ពិសេសមួយ នៅចុងឆ្នាំ២០១៩នេះ ប្រសិនជាការចរចា នៅបន្តទ្រឹងដដែល។

ស្របនឹងការសន្យា ជូន«អំណោយ»ខាងលើ របបកុម្មុយនីស្ដិ៍នៅបានធ្វើការសាកល្បង បាញ់កាំជ្រួច «Sohae» ចេញពីមូលដ្ឋានយោធារបស់ខ្លួន ជាច្រើនដងថែមទៀត។

ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» ដែលជាម៉ាស៊ីនឃោសនា របស់ក្រុងព្យុងយ៉ាង បានប្រកាសឲ្យដឹងថា លោក គីម ជុងអ៊ុន «មគ្គុទេសន៍កូរ៉េដ៏មហិមា» បានកោះប្រជុំគណៈកម្មការយោធាអចិន្ត្រៃយ៍ និងបានលើកឡើង ពីការវិភាគរបស់មេដឹកនាំរូបនេះ ជុំវិញស្ថានភាពផ្ទៃក្នុង ដ៏ដូចជាសភាពការក្រៅប្រទេស ដើម្បី«ភាពចាំបាច់» តម្រូវឲ្យមានការពង្រឹងកម្លាំងកងទ័ព របស់ប្រទេស។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រទេសកូរ៉េខាងជើង ដែលបង្ហាញថា ខ្លួនមានអាវុធនុយក្លេអ៊ែរ បានថ្លែងព្រមានសហរដ្ឋអាមេរិក ថានឹងទទួលរង «ការខាតបង់ធ្ងន់ធ្ងរ» ចំពោះការរិះគន់ ដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ប្រឆាំងក្រុងព្យុងយ៉ាង ស្តីពីការរំលោភសិទ្ធិមនុស្ស។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េកុម្មុយនីស្ដិ៍ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានដដែល បានអះអាងថា ការរិះគន់ទាំងនោះ ប្រៀបបាននឹង​«ប្រេងចាក់លើភ្លើង» នៅខណៈពេលដែលភាពតានតឹង កំពុងកើនឡើង ក្នុងឧបទ្វីបកូរ៉េ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។