អាស៊ី-ប៉ាស៊ីភិក

ស្តេច​ម៉ាឡេស៊ី រាជនុញ្ញត​ឲ្យ​នាយករដ្ឋមន្ត្រី មហាធា លាលែង​ពីតំណែង

ការស្នើសុំ«លាលែង​ពីតំណែង» របស់លោកនាយករដ្ឋមន្ត្រី មហាធា មហាមេដ (Mahathir Mohamad) ទទួលបានរាជានុញ្ញាត ពីព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅល្ងាចថ្ងៃចន្ទម្សិលម៉ិញ។ នេះ បើតាមការអះអាង របស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងយប់ថ្ងៃដដែល។

លោក «Mohd Zuki Ali» អគ្គលេខា នៃរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់តាមទំព័រ ទ្វីសធើរផ្លូវការ របស់លោកថា ព្រះមហាក្សត្របានរាជានុញ្ញាតឲ្យលោក មហាធា លាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រី តែព្រះរាជាបានត្រាស់ បន្តតែងតាំងលោក ឲ្យនៅកាន់តំណែងនេះ ជាជាបណ្ដោះអាសន្ន ក្នុងរយៈពេលរង់ចាំ ដើម្បីរកបាននាយករដ្ឋមន្ត្រីថ្មី។

កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក មហាធា មហាម៉េដ ដែលមានអាយុ៩៤ឆ្នាំ បានថ្វាយលិខិតទៅព្រះមហាក្សត្រ ដើម្បីសុំលាលែងចេញពីតំណែង ជាប្រមុខរដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី

ការស្នើសុំលាលែងនេះ បានធ្វើឡើងមួយថ្ងៃ ក្រោយមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ពីសំណាក់អ្នកនយោបាយមួយក្រុម ដែលមានបំណងរារាំងអតីតមេដឹកនាំប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មិនឲ្យឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបន្តពីលោក មហាធា។

លោក មហាធា និងលោក អាន់វ៉ា ដែលធ្លាប់ជាសត្រូវនយោបាយ ដ៏ចាស់វស្សា បានចាប់ដៃគ្នា បង្កើតជាសម្ព័ន្ធមិត្តនយោបាយ មុននឹងបានឈ្នះឆ្នោតសាកល យ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០១៨។ លោក មហាធា ខ្លួនលោក ធ្លាប់បានសន្យាថា លោកនឹងលះបង់តំណែង ជានាយករដ្ឋមន្ត្រីនេះ ទៅឲ្យលោក អាន់វ៉ា ប៉ុន្តែលោក មហាធា បានពន្យាពេល នៃការលាលែងនេះ ជាច្រើនដង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។