អាស៊ី-ប៉ាស៊ីភិក

សុខភាព គីម ជុងអ៊ុន កំពុង​ឆ្លង​គ្រោះធំ?

មន្ទិលសង្ស័យ កំពុងកើតមាន នៅក្នុងឧបទ្វីបកូរ៉េ។ លោក គីម ជុងអ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើង បានអវត្តមាន នៅក្នុងទិវាបុណ្យជាតិ​ដ៏ធំ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ និងត្រូវបានបណ្ដាញទូរទស្សន៍អាមេរិក «CNN» អះអាងថា លោកបានឆ្លងកាត់ការវះកាត់ ដ៏សំខាន់មួយ កាលពីពេលថ្មីៗនេះ។

ទិវាបុណ្យជាតិដ៏សំខាន់នោះ គឺជាខួបកំណើតទី១០៨ របស់លោក គីម អ៊ីល-ស៊ុង (Kim Il Sung) ស្ថាបនិក«ជាប្រវត្តិសាស្ត្រ» នៃរបបកុម្មុយនីស្ដិ៍សព្វថ្ងៃ។ ទិវាមួយនេះ តែងត្រូវបានក្រុងព្យុងយ៉ាង ប្រារព្ធជាទៀតទាត់ និងជារៀងរាល់ឆ្នាំ ដោយមានការចូលរួម មិនដែលខាន ពីមេដឹកនាំកំពូលរបស់ខ្លួន ដែលសុទ្ធសឹងជាកូន និងជាចៅ របស់លោក គីម អ៊ីល-ស៊ុង។

ផ្ទុយទៅវិញ ទិវាបុណ្យ​ក្នុងឆ្នាំ២០២០នេះ ដែលទើបកន្លងទៅថ្មីៗ (ថ្ងៃទី១៥ ខែមេសា) គេមិនឃើញ លោក គីម ដែលជាចៅ ចេញមកធ្វើបុណ្យ រំឮកខួប​ឲ្យជីតារបស់ខ្លួន ជាមួយមន្ត្រីផ្លូវការដទៃទៀតទេ។ ជាពិសេស ប្រព័ន្ធឃោសនាផ្លូវការ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ ឈ្មោះ «KCNA» ក៏មិនបានបង្ហាញរូបលោក គឹម នៅក្នុងទំព័រព័ត៌មាន របស់ខ្លួនដែរ។

ប៉ុន្តែ ភាពភ្ញាក់ផ្អើលបានផ្ទុះឡើង បន្ទាប់ពីសារព័ត៌មាន «Daily NK» របស់ក្រុមអ្នកផ្ដាច់ខ្លួន ពីកូរ៉េខាងជើង បានផ្សាយឲ្យដឹងថា លោក គីម ជុងអ៊ុន បានឆ្លងកាត់ការវះកាត់បេះដូង ក្នុងខែមេសានេះ ហើយកំពុងសំងំព្យាបាលជំងឺនេះ នៅក្នុងខេត្តមួយ ស្ថិតនៅភាគខាងជើងប្រទេស។

សារព័ត៌មាន «Daily NK» បានស្រង់ប្រភពពីប្រទេសកូរ៉េខាងជើង ដែលមិនបញ្ចេញអត្តសញ្ញាណ មកអះអាងថា៖

«មូលហេតុដែលនាំឲ្យលោក គីម ត្រូវធ្វើការវះកាត់បេះដូង ជាបន្ទាន់នោះ គឺដោយសារលោក មានបញ្ហា ទាក់ទងនឹងការជក់បារីច្រើនហួស សភាពធាត់ចុះខ្លាញ់ និងការនឿយហត់អស់កម្លាំង របស់គាត់។»

«លោក គីម មានអាការៈរលាក​សរសៃឈាម ដែលពាក់ព័ន្ធនឹងបេះដូង តាំងពីខែសីហា ប៉ុន្តែស្ថានភាពរបស់គាត់ កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីគាត់ធ្វើដំណើរ ចុះឡើងច្រើន ទៅកាន់ភ្នំ “Paektu” កាលពីពេលថ្មីៗនេះ។»

សម្រាប់​បណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកវិញ បានលើកយកប្រភព ដែលជាមន្ត្រីទទួលខុសត្រូវ របស់សហរដ្ឋអាមេរិកមួយរូប មកបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យលើស្ថានភាពសុខភាព របស់លោក គីម ដែលបានរងការវះកាត់ ជាបន្ទាន់នោះ។ ប៉ុន្តែ «CNN» មិនបានអះអាងថា តើព័ត៌មានខាងលើ ពិតឬយ៉ាងណាទេ។

ដោយឡែក អ្នកនាំពាក្យ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានកាត់បន្ថយ ការភ្ញាក់ផ្អើលនោះ ដោយលើកឡើងដូច្នេះថា៖

«យើងមិនមានអ្វី ដើម្បីអះអាងព័ត៌មានខាងលើទេ ហើយយើងក៏មិនបាន​រកឃើញ ករណីអ្វីមួយប្លែក នៅកូរ៉េខាងជើងដែរ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។