កាលពីថ្ងៃអាទិត្យ នាវាចម្បាំងមួយរបស់ប្រទេសអៀរ៉ង់ បានជួបគ្រោះឧប្បត្តិហេតុ ដោយ«ការបាញ់របស់មិត្ត» នូវកាំជ្រួចមួយគ្រាប់ ដែលបណ្ដាលឲ្យនាវានោះលិច និងធ្វើឲ្យមនុស្ស១៩នាក់ស្លាប់ ១៥នាក់រងរបួស។
ទូរទស្សន៍រដ្ឋរបស់ប្រទេសអៀរ៉ង់ បានរាយការណ៍ពីហេតុការណ៍នេះ ក្នុងថ្ងៃចន្ទ ដោយបានអានសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ព ដូច្នេះថា៖
«កាលពីរសៀលថ្ងៃអាទិត្យ នៅក្នុងការធ្វើសមយុទ្ធ ដែលនាំមុខដោយ នាវាជាច្រើនគ្រឿង នៅក្នុងសមុទ្រ “Jask” និង “Chabahar” នាវាគាំទ្រទម្ងន់ស្រាល “Konarak ” បានជួបគ្រោះថ្នាក់។»
«យុទ្ធជន១៩នាក់ បានពលីយ៉ាងអង់អាច និង១៥នាក់ផ្សេងទៀត បានរងរបួស។»
ទីភ្នាក់ងារព័ត៌មាន របស់រដ្ឋអៀរ៉ង់ ឈ្មោះ «Tasnim» បានសរសេរជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើរ របស់ខ្លួនដែរថា នាវា «Konarak» បានលិចដោយ«ការបាញ់របស់មិត្ត»។
ទីភ្នាក់ងារ «Tasnim» មិនបានបញ្ជាក់លំអិតបន្ថែម អំពីហេតុការណ៍នេះទេ។
នាវា «Konarak» ផលិតដោយប្រទេសហូឡង់ ត្រូវបានប្រទេសអៀរ៉ង់ ទិញនៅមុនបដិវត្តន៍ឥស្លាម ក្នុងឆ្នាំ១៩៧៩។ នាវានេះ មានទំងន់៤៤៧តោន និងមានបណ្ដោយ ប្រវែត ៤៧ម៉ែត្រ។
បើតាមទូរទស្សន៍រដ្ឋអៀរ៉ង់ បានឲ្យដឹងទៀតថា នាវាខាងលើបានបំពាក់ ដោយគ្រាប់មីស៊ីលប្រដេញ ចំនួន៤គ្រាប់។ តែទូរទស្សន៍មិនបានបញ្ជាក់ថា តើកងពលដែលស្ថិតនៅលើនាវា មានចំនួនប៉ុន្មាននាក់ទេ៕