អាស៊ី-ប៉ាស៊ីភិក

បាតុករ​«ហុងកុង»​កាន់កាប់​ព្រលាន​យន្ដហោះ-​ជើង​ហោះហើរ​ត្រូវ​លប់ចោល

ក្រុមបាតុករច្រើនពាន់នាក់ ដែលនិយមលទ្ធិប្រជាធិបតេយ្យ បានបន្តកាន់កាប់ព្រលានយន្ដហោះ ហុងកុង ក្នុងយប់ថ្ងៃចន្ទនេះ ដើម្បីបរិហារពីទង្វើហិង្សា របស់កងកម្លាំងនគរបាល អំពីអ្វីដែលក្រុមបាតុករអះអាងថា ជាការបង្ក្រាបទល់នឹងការតស៊ូ ដោយសន្តិវិធីរបស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំង​ការដើរថយក្រោយ នៃសិទ្ធិសេរីភាព នៅក្រុងហុងកុង។

ការចូលទៅកាន់កាប់ព្រលានយន្ដហោះ បានបង្កឲ្យជើងហោះហើរទាំងអស់ ត្រូវបានលប់ចោល។ តែអាជ្ញាធរបានរំពឹងថា ជើងហោះហើរទាំងឡាយ អាចនឹងមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារស្អែក។

ព្រលានយន្ដហោះ ហុងកុង ត្រូវបានគេស្គាល់ថា ជាព្រលានយន្ដហោះមួយ (ជាប់លេខ៨) ក្នុងចំណោមព្រលានយន្ដហោះធំៗផ្សេងទៀត ដែលមានភាពមមាញឹកបំផុត នៅលើពិភពលោក។ កាលពីឆ្នាំ២០១៨ ព្រលានយន្ដហោះមួយនេះ មានអ្នកដំណើរឆ្លងកាត់ ប្រមាណជា ៧៤លាននាក់។

ក្រុមបាតុករបានពន្យល់ ពីហេតុផលនៃការចូល ទៅកាន់កាប់ព្រលានយន្ដហោះនេះ ថាគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់បណ្ដាអ្នកដំណើរទាំងឡាយ នៅលើពិភពលោក ឲ្យយល់​និងដឹងឮ អំពីបុព្វហេតុរបស់ពួកគេ។

ពួកគេបានទទួលអ្នកដំណើរទាំងឡាយ ដោយចម្រៀង ពាក្យស្លោក និងខិត្តប័ណ្ណ ដើម្បីពន្យល់ពីសកម្មភាព នៃបាតុកម្ម។ រូបភាពនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅតាមបណ្ដាញសង្គម បានបង្ហាញថា អ្នកដំណើរបានរុញរទេះឥវ៉ាន់ កាត់តាមហ្វូងបាតុករ ដែលបានបើកផ្លូវ ជាមួយនឹងស្នាមញញឹមរីករាយ។

អ្នកឃ្លាំមើលនៅផ្ទាល់កន្លែង បានអះអាងថា ចំនួនបាតុករបានកើនឡើង បើធៀបនឹងបាតុកម្ម កាលពីប៉ុន្មានថ្ងៃមុនៗ និងបើធៀបនឹងរយៈពេល នៃចលនាបាតុកម្ម ដែលកើតឡើង តាំងពី១០សប្ដាហ៍មកហើយនោះ។ សម្រាប់នគរបាលវិញ បានអះអាងថា ក្រុមបាតុករមានចំនួនត្រឹមតែ ជាង៥០០០នាក់ប៉ុណ្ណោះ។

សម្រាប់រដ្ឋាភិបាលចិនវិញ បានចាត់ទុកសកម្មភាព នៃក្រុមបាតុករ ថាជា«សញ្ញានៃភេរវនិយម»។

ការបិទព្រលានយន្ដហោះ ហុងកុង មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ តែរាល់ការបិទលើកមុន ច្រើនត្រូវបានធ្វើឡើង ក្រោមហេតុផលខ្យល់ព្យុះ ឬស្ថានភាពឧតុនិយមអាក្រក់ជ្រុលហួស៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។