ប្រទេសប៉ាគីស្ដង់ នឹងដោះលែងទាហាន«បើកបរយន្ដហោះ» នៃកងទ័ពជើងអាកាសឥណ្ឌា ដែលត្រូវបានប្រទេសនេះចាប់ខ្លួនបាន កាលពីថ្ងៃពុធ។ ការដោះលែងនេះ ត្រូវបានប្រទេសប៉ាគីស្ដង់អះអាងថា ជាកាយវិការ«សន្តិភាព»ជាមួយប្រទេសឥណ្ឌា ដែលនៅជាប់ព្រំប្រទល់គ្នា តែជារឿយៗ តែងមិនមុខគ្នាមិនចំ បើនិយាយពីតំបន់កាស្មៀរ នៅភាគខាងជើង។
គឺលោក អ៊ីមរ៉ាន ខាន់ (Imran Khan) នាយករដ្ឋមន្ត្រីប៉ាគីស្ដង់ ជាអ្នកប្រកាសពីការដោះលែងនេះ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ លោកបានថ្លែង នៅក្នុងរដ្ឋសភាជាតិប៉ាគីស្ដង់ថា៖
«ជាកាយវិការសម្រាប់សន្តិភាព យើងនឹងដោះលែងទាហានបើកបរយន្ដហោះ [នៅថ្ងៃស្អែក]។»
ភាពតានតឺងបានផ្ទុះឡើង ចាប់ពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីកងទ័ពជើងអាកាស របស់ប្រទេសឥណ្ឌា បានបើកការវាយប្រហារ ទៅលើក្រុមអ៊ីស្លាមមួយ ដែលមានទីតាំងនៅក្នុងជ្រលងភ្នំ នៃប្រទេសប៉ាគីស្ដង់។
ការប្រឈមមុខគ្នាខាងលើ ដែលបានបង្កក្ដីបារម្ភដ៏ធំធេង សម្រាប់សហគមន៍អន្តរជាតិនោះ បាននាំទៅដល់ការបាញ់ទម្លាក់យន្ដហោះ ទាំងសងខាង និងអ្នកបើកបរយន្ដហោះ យ៉ាងហោចណាស់ចំនួនម្នាក់ ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនបាន។
កងទ័ពប៉ាគីស្ដង់ បានបង្ហោះរូបភាពពីទាហានម្នាក់នោះ ដែលគេស្គាល់ថា ជាលោកមេបញ្ជាការរង «Abhinandan Varthaman» របស់កងទ័ពជើងអកាសរបស់ប្រទេសឥណ្ឌា។ កងទ័ពប៉ាគីស្ដង់ អះអាងថា បានថែរក្សាលោក «Abhinandan Varthaman» យ៉ាងត្រឹមត្រូវ ខណៈភាគីឥណ្ឌាវិញបានទាមទារ ឲ្យមានការដោះលែងរូបលោក «Abhinandan Varthaman» «ជាបន្ទាន់ និងដោយសុវត្ថិភាព»។
គួរបញ្ជាក់ដែរថា បន្ទាប់ពីហេតុការណ៍ប្រឈមមុខគ្នានោះ អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បានប្រកាសបិទលំហមេឃរបស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ យន្ដហោះដឹកអ្នកដំណើរ មកពីប្រទេសផ្សេងមួយចំនួន ដូចយ៉ាងយន្ដហោះរបស់ក្រុមហ៊ុន ថៃអ៊ែរវេស (Thai Airways) របស់ប្រទេសថៃជាដើម បានលុបចោលការហោះហើរជាច្រើនរបស់ខ្លួន នៅក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍។
យ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានប្រកាសឲ្យដឹងថា ខ្លួនកំពុងបើកការហោះហើរឡើងវិញហើយ ចាប់ពីល្ងាចថ្ងៃព្រហស្បត្តិនេះមក៕