ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO /OMS) ដែលត្រូវបានបញ្ជូនទៅកាន់ក្រុង វូហាន (Wuhan) ប្រទេសចិន ដើម្បីស៊ើបអង្កេតពីដើមកំណើត នៃជំងឺរាតត្បាតកូវីដ-១៩ (Covid-19) បានអះអាងថា ជំងឺដ៏ចង្រៃ ទំនងជាឆ្លងចេញពីសត្វ តែមិនបានបញ្ជាក់ថា សត្វដែលជាភ្នាក់ងារចម្លងនោះ ជាសត្វអ្វីទេ។
ក្រុមអ្នកស៊ើបអង្កេត របស់អង្កការសុខភាពពិភពលោក ដឹកនាំដោយអ្នកវិទ្យាសាស្ត្រ ជាតិដាណឺម៉ាក លោក «Peter Ben Embarek» បានថ្លែងអះអាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពីក្រុងវូហាន ដោយមានការចូលរួម ពីអ្នកទទួលខុសត្រូវ របស់ប្រទេសចិនផង។
របាយការណ៍របស់អ្នកជំនាញអន្តរជាតិ បានអះអាងថា ការអះអាងដែលត្រឹមត្រូវជាងគេ គឺជំងឺកូវីដ-១៩ ទំនងជាឆ្លងចេញពីសត្វ ទីមួយ រួចហើយឆ្លងទៅកាន់សត្វដទៃទៀត មុននឹងវាឆ្លងមកមនុស្ស។ តែក្រុមអ្នកជំនាញ បានអះអាងថា សត្វដែលទំនងជាចម្លងរោគ មកមនុស្ស មិនទាន់អាចកំណត់ថា ជាសត្វអ្វីនៅឡើយ។
លោក «Peter Ben Embarek» បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា ក្រុមអ្នកជំនាញត្រូវធ្វើការស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ និងចំទិសដៅ ជាច្រើនទៀត ដើម្បីដឹងពីប្រភពដើម នៃជំងឺរាតត្បាត។
ក្រុមអ្នកជំនាញ ក៏បានស្រាវជ្រាវទៅលើការសង្ស័យ នៃការបែកធ្លាយមេរោគ ចេញពីមន្ទីរពិសោធន៍ចិន ដែលស្ថិតនៅជាយក្រុង នៃក្រុង វូហាន នោះដែរ។ បើតាមការស៊ើបអង្កេតនោះ បញ្ជាក់ថា «មានភាគរយខ្ពស់បំផុត ដែលការសង្ស័យខាងលើ មិនអាចកើតឡើងបានទេ»។
សំនួរដែលអ្នកជំនាញ របស់អង្គការពិភពលោក ចង់ដឹងដែរនោះ ថាតើជំងឺរាតត្បាត បានផ្ទុះឡើងតំបូង នៅពេលណា។ បើការប្រកាសជាផ្លូវការ របស់អាជ្ញាធរចិនបញ្ជាក់ថា ជំងឺកូវីដ-១៩បានផ្ទុះឡើង នៅខែធ្នូ ឆ្នាំ២០១៩នោះ តែការលើកឡើងផ្សេងទៀត បានអះអាងថា ជំងឺនេះទំនងផ្ទុះឡើង នៅមុនពេលនេះ។
តែរបាយការណ៍របស់អ្នកជំនាញ បានឲ្យដឹងថា៖
«មិនមានភស្ដុតាងគ្រប់គ្រាន់ទេ ដើម្បីបញ្ជាក់ថា មេរោគបានបង្ហាញវត្តមាន តាំងពីមុនខែធ្នូ៕»