អាស៊ី-ប៉ាស៊ីភិក

ក្រុមមួយ​ប្រកាស​បង្កើត​«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»

អង្គការមួយ ដែលគ្មានរចនាសម្ព័ន្ធច្បាស់លាស់ បានប្រកាសបង្កើត នៅថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ នូវ«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»មួយឡើង ដើម្បីជម្រះបញ្ជី ជាមួយរបបដឹកនាំក្រុងព្យុងយ៉ាងសព្វថ្ងៃ។

ដោយធ្លាប់ចេញមុខ​ការពារកូនប្រុស របស់លោក គីម ជុង-ណាំ (Kim Jong-Nam) បងប្រុសបង្កើត-ម្ដាយដោយខ្លួន-របស់លោក គីម ជុង-អ៊ុន (Kim Jong Un) អគ្គមគ្គុទេសក៍កូរ៉េខាងជើងនោះ ក្រុមខាងលើ​មានឈ្មោះថា «Cheollima Civil Defense – CCD»។ ក្នុងពេលកន្លងមក គេស្គាល់ក្រុមនេះ ថាធ្លាប់បានជួយបណ្ដាជនកូរ៉េខាងជើង ដែលចង់គេចខ្លួន ចេញពីប្រទេសកុម្មុយនីស្ដិ៍។

តែគេចាប់ផ្ដើមស្គាល់ខ្លាំង ចាប់ពីពេលដែលក្រុម«CCD»នេះ បានបង្ហោះវីដេអូមួយ របស់យុវជន «Kim Han Sol» កូនប្រុសលោក គីម ជុង-ណាំ នៅប៉ុន្មានសប្ដាហ៍ក្រោយលោក គីម ជុង-ណាំ ត្រូវបានធ្វើឃាតក្នុងព្រលានយន្ដហោះ គូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) កាលពីខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយ ដែលដាក់បង្ហោះអមនឹងវីដេអូមួយ នៅលើគេហទំព័រ «cheollimacivildefense.org» ក្នុងថ្ងៃសុក្រនេះ អង្គការខាងលើបានប្រកាសបង្កើតរដ្ឋាភិបាននិរទេសខ្លួនមួយ ហៅថា «Free Joseon – ចូសេអន សេរី»។

«Joseon» ឬ «ចូសេអន» គឺជាឈ្មោះរាជវង្សកូរ៉េ ដែលបានគ្រប់គ្រងប្រទេសកូរ៉េ តាំងពីឆ្នាំ១៣៩២ រហូតដល់ឆ្នាំ ១៩១០ ដែលជាឆ្នាំដែលប្រទេសកូរ៉េ ត្រូវបានកាន់កាប់ដោយចក្រភពជប៉ុន។

សេចក្ដីថ្លែងការណ៍ដែលសរសេរជាពីរភាសា (កូរ៉េ និងអង់គ្លេស) បានឲ្យដឹងថា៖

«យើងប្រឆាំងនឹងឧក្រិដ្ឋជន នៅកូរ៉េខាងជើង ដែលបានបង្កើតឧក្រិដ្ឋកម្មដ៏ធំធេង ប្រឆាំងនឹងមនុស្សជាតិ អស់រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ។ យើងសុខចិត្តពលីខ្លួនយើងទាំងស្រុង ដើម្បីលុបចោលអំពើអាក្រក់ រកទីបំផុតគ្មាននេះ ដែលជាស្នាមប្រឡាក់ ទៅលើព្រលឹងនៃមនុស្សជាតិ។»

ក្រុម «CCD» នៅបានប្ដេជ្ញាចិត្ត ថានឹងធ្វើការខិតខំប្រឹងប្រែងមិនរាថយសោះឡើយ រហូតលុះត្រា«រដ្ឋធានីព្យុងយ៉ាង រកឃើញពន្លឺពិត»។

ជុំវិញការបង្កើត«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន» ត្រូវបានក្រុមនេះពន្យល់ថា គឺជាតំណាងស្របច្បាប់តែមួយគត់ និងមិនមែនជារដ្ឋាភិបាលបច្ចុប្បន្ន របស់លោក គីម ជុង-អ៊ុន ទេ។ សេចក្ដីថ្លែងការណ៍បន្តថា៖

«យើងនឹងមិនអនុញ្ញាត ឱ្យជំនាន់កូនចៅជាទីស្រឡាញ់របស់យើង កើតក្នុងភាពងងឹតទេ។ ចូសេអន ត្រូវតែសេរី ហើយនឹងត្រូវសេរី​ជារៀងរហូតទៅ។ ចូរក្រោកឡើង! ចូរក្រោកឡើង អ្នករាល់គ្នា​ដែលមិនមែនជាខ្ញុំបម្រើ!»

នៅក្នុងវីដេអូ ដែលភ្ជាប់មកជាមួយនឹងសេចក្ដីថ្លែងការណ៍ គេឃើញស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណី ឈរអានសេចក្ដីថ្លែងការណ៍នេះ នៅក្រោមរោងមួយ ដែលសង់មានរចនាបទកូរ៉េ (ឬចិន)។ មុខរបស់ស្ត្រីនោះ ត្រូវបានធ្វើឲ្យព្រិល មើលមិនស្គាល់ថា ជានរណាទេ។

គេពិបាកនឹងស្វែងរកព័ត៌មានលំអិតបន្ថែមទៀត ពីក្រុម «CCD» មួយនេះណាស់។ ពាក្យចចាមអារាមខ្លះ បានលើកឡើងថា ក្រុម «CCD» ទំនងជាផ្នែកមួយ នៃបណ្ដាញចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។