ប្រសិនជាប្រទេសបារាំង បានងើបចេញពីវិបត្តិជំងឺរាតត្បាត «Covid-19» ជាបណ្ដើរៗនោះ តំបន់ជាច្រើន ស្ថិតនៅភាគខាងត្បូង នៃប្រទេសនេះ កំពុងប្រកាសសង្គ្រាម ទល់នឹងការរាតត្បាតថ្មី គឺហ្វូងសត្វ«ឪម៉ាល់» ដែលមានប្រភពពីទ្វីបអាស៊ី ហើយដែលកំពុងតាំងសម្បុករបស់ពួកវា នៅតាមព្រៃព្រឹក្សា និងបើសូម្បី នៅតាមសួនច្បាររបស់អ្នកស្រុក។
ដូចសេចក្ដីរាយការណ៍ជាច្រើន របស់សារព័ត៌មានបារាំង «La Dépèche» ដែលអះអាងថា អ្នកភូមិម្នាក់ ក្នុងក្រុង «Mirande (ភាគខាងត្បូង)» បានភ្ញាក់ខ្លួនក្រញាង នៅពេលបានប្រទះសត្វឪម៉ាល់ នៅប៉ុន្មានសង់ទីម៉ែត្រ ខាងក្រោយខ្នង។ អ្នកភូមិរូបនោះ បានតាមដានសត្វនេះ ក៏បានរកឃើញ សម្បុករបស់ពួកវា នៅលើដើមឈើមួយ ដែលស្ថិតនៅជាប់ច្រកចូលផ្ទះរបស់គាត់។
អត្ថបទសារព័ត៌មានបានសរសេរ ព្រមានថា៖
«បើលោកអ្នកប្រទះឃើញសម្បុកឪម៉ាល់ ហាមធ្វើអន្តរាគមន៍ ដោយខ្លួនលោកអ្នកផ្ទាល់ ព្រោះសត្វឪម៉ាល់ នឹងព្រួតគ្នាវាយប្រហារមកលើលោកអ្នក ប្រសិនជាពួកវាយល់ថា សម្បុករបស់ពួកវា រងការគម្រាមកំហែង (ការទិចច្រើនដង ពីសំណាក់ឪម៉ាល់ អាចប៉ះពាល់ដល់ជីវិត)។ សូមរាយការណ៍ទៅសាលាក្រុង ឬហៅរកអ្នកជំនាញ!»
ដោយហេតុដូច្នេះហើយ ទើបនៅក្រុង «Castres» (ភាគខាងត្បូងបារាំងដដែល) សាលាក្រុងបានបញ្ជាទិញ នូវ«សព្វាវុធ»ដ៏ប្រល័យមួយគ្រឿង ដើម្បីបំពាក់ឲ្យអ្នកជំនាញ របស់សាលាក្រុង នូវសមត្ថភាពក្នុងការកំទេចហ្វូងឪម៉ាល់ទាំងអស់ និងទាំងមូលនៅក្នុងសម្បុករបស់ពួកវា។
សព្វាវុធនោះ គឺកាំភ្លើងពិសេស ដែលអាចបាញ់ពីចំងាយ (រវាងពី៤០ ទៅ៥០ម៉ែត្រ) ដើម្បីបញ្ចៀសការចូលជិតហ្វូងឪម៉ាល់។ កាំភ្លើងនោះ នឹងបាញ់គ្រាប់ឃ្លីមួយគ្រាប់ ឬច្រើនគ្រាប់ ចូលទៅក្នុងសម្បុកឪម៉ាល់។ បន្ទាប់ពីចូលដល់ក្នុងសម្បុករួច គ្រាប់ឃ្លីនោះនឹងផ្ទុះឡើង ហើយបញ្ចេញម្សៅ (ឬផ្សែងចំហាយ) ដែលអាចសម្លាប់សត្វដ៏ចង្រៃ នៅត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
ភ្នាក់ងារជួយសង្គ្រោះ (Pompiers) នៅតាមតំបន់ផ្សេងទៀត ក៏មានបំពាក់នូវកាំភ្លើងដូច្នេះដែរ។ ពួកគេបានកម្ទេចសម្បុករបស់សត្វឪម៉ាល់ បានជាច្រើនរួចមកហើយ។