បណ្ដាជនដែលបានឃើញហេតុការណ៍ នៅបន្តការហួសចិត្ត នៅឡើយ។ អ្នកបើកយន្ដហោះតូចមួយគ្រឿង ត្រូវបានបង្ខំចិត្តចុះចតជាបន្ទាន់… លើផ្លូវរថយន្ដ ដែលកំពុងមានចរាចរណ៍ យ៉ាងពេញទំហឹង នៅក្នុងតំបន់មួយ ស្ថិតនៅជាយក្រុង កេប៊េច (Québec) នៃប្រទេសកាណាដា កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ។
អ្នកបើកយន្ដហោះ ប្រភេទ«Piper Cherokee»ខាងលើ ត្រូវបានស្រង់សំដី ដោយវិទ្យុកាណាដា មកបញ្ជាក់ថា លោកបានសម្រេចចិត្ត បង្ហោះយន្ដហោះខាងលើ ដើម្បីការកំសាន្ដមួយ ក្នុងអំឡុងពេល ដែលប្រទេសកាណាដាទាំងមូល បានដាក់បម្រាម ឲ្យពលរដ្ឋសំងំនៅក្នុងផ្ទះ។
តែនៅពេលយន្ដហោះ ហោះឡើងលើមេឃ ស្រាប់ម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ ចាប់ផ្ដើមឲ្យសញ្ញា«មិនស្រួល»។ អ្នកកាន់ចង្កូតយន្ដហោះ បានថ្លែងបន្តថា៖
«វា (ម៉ាស៊ីនប្រតិកម្ម) ឲ្យសម្លេងយ៉ាងចម្លែក និងធ្វើឲ្យកម្លាំងហោះ បានថយចុះ។ ក្នុងខណៈបែបនេះ ខ្ញុំចាំបាច់ត្រូវធ្វើការសម្រេចចិត្ត។ ខ្ញុំគិតថា បើខ្ញុំបញ្ជាយន្ដហោះ ឲ្យត្រឡប់ទៅចុះចត នៅព្រលានយន្ដហោះវិញ ខ្ញុំប្រហែលមានសំណាង រួចរស់មានជីវិត បានតែ៥០%ប៉ុណ្ណោះ។»
លោកបានអះអាងទៀតថា លោកទទួលបាន ការយល់ព្រមពីភ្នាក់ងារត្រួតពិនិត្យការហោះហើយ ឲ្យលោកអាចចុះចត ជាបន្ទាន់ នៅលើផ្លូវរថយន្ដ។ លោកថា៖
«ក្រៅតែមានរថយន្ដច្រើន គឺមានតែផ្លូវល្បឿនលឿន (Highways) របស់រថយន្ដដូច្នេះទេ ដែលអាចធ្វើជាផ្លូវចុះចត របស់យន្ដហោះ បានយ៉ាងប្រសើរបំផុត៕»