ប្រលោមលោក

«ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម នៅ​ពេល​ខ្ញុំខឹង-​ស្អប់-​ច្រណែន»

«ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម» ៖ សំឡេងបោះកាតាបព្រូស ទៅលើសាឡុង ដោយអាការៈអស់កម្លាំង ក្នុងដំណើរកោងៗ ជាមួយឯកសណ្ឋានសិស្ស បញ្ជាក់ថា តុលា ទើបត្រឡប់មកពីសាលារៀន។ លោកឪពុក ឃើញកូនប្រុសអាយុ ១៥ ឆ្នាំរបស់គាត់ ហាក់ហត់នឿយ ជាមួយនឹងការរៀនសូត្រ គាត់ក៏មានគំនិតមួយ គឺនឹងនាំកូនប្រុសរបស់គាត់ ទៅលំហែនៅមាត់សមុទ្រ នៅចុងសប្តាហ៍នេះ។

ថ្ងៃកម្សាន្តក៏មកដល់ ពេលនេះ ឪពុក និងកូន កំពុងដើរជាមួយគ្នា នៅតាមមាត់ឆ្នេរ។ ឪពុកដាក់ដៃលើស្មាកូន៖

  • កូនមានអារម្មណ៍ម៉េចដែរ ពេលបានមកដើរលេងអ៊ីចឹង?

កូនប្រុសញញឹមបន្តិច៖

  • កូនសប្បាយចិត្តណាស់ប៉ា តែឱ្យតែនឹកឃើញរឿង នៅក្នុងថ្នាក់ កូនធុញទៀតហើយ។
  • ថីបានធុញ?
  • គឺកូនធុញនឹងអាមួយ នៅតុក្រោយកូន។ វាចូលចិត្តនិយាយអាក្រក់ ពីកូនប្រាប់អ្នកផ្សេងទៀត។ កូនស្អប់វាណាស់ប៉ា។ វាប៉ិនកុហកលេខមួយហើយ។

ឪពុកងក់ក្បាល ហាក់យល់អារម្មណ៍កូនប្រុស៖

  • ចុះពេលណា កូនគិតថាអាចអត់ឱន ឱ្យមិត្តរួមថ្នាក់ម្នាក់នោះបាន?

កូនប្រុស គ្រវីក្បាល៖

  • គ្មានផ្លូវទេប៉ា។ កូននៅតែស្អប់វា អ៊ីចឹង។

ឪពុកដកដង្ហើមធំបន្តិច ទើបនិយាយ៖

  • បាន! ឥឡូវចូរកូន រើសដុំថ្ម មួយដុំមកក្តាប់ នៅនឹងដៃរបស់កូន ឱ្យជាប់ណា ដោយចាត់ទុកដុំថ្ម នោះជាមនុស្ស ដែលកូនមិនចូលចិត្ត។

កូនប្រុស ឆ្ងល់ តែនៅតែធ្វើតាមឪពុកប្រាប់។ ឪពុកបន្ត៖

  • ចុះមានរឿងអី ដែលធ្វើឱ្យកូនអត់សប្បាយចិត្តទៀតទេ?
  • មានតើប៉ា! គឺកូនច្រណែន នឹងមិត្តរួមថ្នាក់ម្នាក់ទៀត ដែលគេរៀនពូកែជាងកូន។ បើសិនគ្មានវា កូនប្រាកដជារៀន បានលេខមួយរាល់ខែ ជាមិនខាន។
  • ឥឡូវចូរកូនរើសដុំថ្ម មួយដុំទៀត មកក្តាប់នៅក្នុងដៃរបស់កូន។

កូនប្រុសចាប់ផ្តើមឆ្ងល់ជាថ្មី តែនៅតែបន្ត ធ្វើតាមសម្តីរបស់ឪពុកគេ។ ដើរបណ្តើរ កូនប្រុស ចេះតែមានរឿងរអ៊ូរទាំ ប្រាប់ឪពុកមិនឈប់ រហូតឪពុកគេ ឱ្យគេក្តាប់ដុំថ្មមួយដុំហើយ មួយដុំទៀត រហូតពេញដៃទាំងសងខាង។

  • ប៉ា! ពេលណា ទើបកូនអាចបោះដុំថ្មទាំងអស់ហ្នឹងបាន?
  • ថីបានកូនមិនចង់កាន់វាបន្តទៀត?
  • ព្រោះវាពិបាកនោះអីប៉ា។ ហេតុអីកូនត្រូវក្តាប់ដុំថ្ម អត់ប្រយោជន៍ទាំងនេះ នៅក្នុងដៃ? ហើយត្រូវយកវា ទៅតាមកូនគ្រប់កន្លែងនោះ ទាំងដែលវាមិនបានចំណេញអ្វី ដល់កូនផង។
  • ចុះអារម្មណ៍ស្អប់ អារម្មណ៍ខឹង អារម្មណ៍ច្រណែន ដែលកូនមានចំពោះអ្នកដទៃ វាបានផ្តល់ផលចំណេញអ្វី ដល់កូនទេ? ហេតុអ្វីបានជាកូន ត្រូវយកវាមកដាក់ នៅក្នុងចិត្ត គ្រប់ពេលបែបនេះ ទាំងអារម្មណ៍នោះ វាបានកន្លងផុតហួសទៅហើយ មែនអត់?

កូនប្រុស នៅស្ងៀម រាងគិតបន្តិច «ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម»។

  • ណ្ហើយចុះ! ឥឡូវ កូនអាចលែងវាបានហើយ។

កូនប្រុស បោះដុំថ្មទាំងនោះ ចេញពីដៃដែលកំពុងក្តាប់ ហើយសើចដាក់ឪពុក។ ឪពុកដាក់ដៃលើស្មាកូន៖

  • កូនមានអារម្មណ៍យ៉ាងម៉េចដែរ ពេលបានលែងរបស់អត់ប្រយោជន៍ទាំងនេះ ពីក្នុងដៃកូន?
  • ស្រួលចិត្តណាស់ប៉ា។ កូនអាចបត់បែនម្រាមដៃ បាតដៃរបស់កូនបាន ដោយគ្មានការរំខានអ្វីទាំងអស់។

ឪពុកញញឹមអង្អែលក្បាលកូនប្រុស។

  • នៅពេលដែលកូនចេះអត់ឱនឱ្យអ្នកដទៃ អារម្មណ៍ខឹង ស្អប់ ច្រណែន គុំគួន មិនអាចមករំខានសេចក្តីស្ងប់នៃចិត្តរបស់កូនបានទេ

កូនប្រុសស្តាប់ឪពុក ដោយការពិចារណា។ ឪពុកបន្ត៖

  • ត្រូវចាំថា អារម្មណ៍ ខឹង ស្អប់ ច្រណែន ឬអារម្មណ៍ អវិជ្ជមានផ្សេងៗ អាចចូលគ្របដណ្តប់ លើផ្លូវចិត្តយើងបានគ្រប់ពេល នៅពេលដែលយើង ខ្វះការអត់ឱន ចំពោះខ្លួនឯង នឹងអ្នកដទៃ។ ចូរបោះបង់ អារម្មណ៍ល្អក់កករទាំងនោះ នៅកន្លែង ដែលវា ធ្វើឱ្យកូនល្អក់កករ ហើយសូមកុំយកវា មកតាមខ្លួន ព្រោះវាមិនបានធ្វើឱ្យកូនមានសេចក្តីសុខនោះទេ ក្រៅពីការចងចិញ្ចើម ការរំខាន ដេកមិនលក់ និងនៅមិនស្ងប់តែប៉ុណ្ណោះ។ អត់ឱនឱ្យអ្នកដទៃ ដែលធ្វើឱ្យយើងឈឺចាប់ គឺស្មើនឹងការធ្វើឱ្យខ្លួនឯងមានស្នាមញញឹម គ្រប់ពេលវេលា។

ក្រោយស្តាប់ការណែនាំរបស់ឪពុកហើយ កូនប្រុស ក៏ញញឹមដោយពេញចិត្ត។ បន្តមកទៀត ឪពុក និងកូនប្រុស ក៏ចំណាយពេលលំហែនៅសមុទ្រ ជាមួយគ្នាដោយក្តីរីករាយ៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។