តារា ជនល្បី

សមាជិក​ក្រុម​ស្លាប់​និង​បាត់ខ្លួន បន្ទាប់​ពី​ការប្រគុំតន្ត្រី​ត្រូវ​រលកយក្ស​​បោក​ពន្លិច

រលកយក្ស «Tsunami» ដែលបង្កឡើង ពីការផ្ទុះភ្នំភ្លើង «Anak Krakatoa » កាលពីយប់ថ្ងៃសៅរ៍ បានបង្កគ្រោះមហន្តរាយ និងភាពអាណោចអាធម៌មិនតិចទេ ទៅដល់បណ្ដាជន អ្នករស់នៅលើ ភាគខាងត្បូងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី។

ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏ត្រូវរាប់បញ្ចូលផងដែរ នូវមនុស្សម្នា ដែលស្ថិតនៅក្នុងការប្រគុំតន្ត្រី «POP» របស់ក្រុម «Seventeen» នៃប្រទេសឥណ្ឌូនេស៊ី (មិនមែនក្រុមចម្រៀង ឈ្មោះដូចគ្នា នៅក្នុងប្រទេសកូរ៉េទេ)។ ខណៈការប្រគុំតន្ត្រី កំពុងប្រព្រឹត្តិទៅនោះ រលកយក្សបានមកដល់ ហើយបានបោកយកវេទិកាចម្រៀង និងអ្នកសំដែង តែក្នុងមួយពព្រិចភ្នែក។

ហេតុការណ៍បានបញ្ចប់ទៅ តែតុល្យភាព ដែលបានធ្លាក់មកដល់ មានសភាពធ្ងន់ធ្ងរណាស់៖ សមាជិកពីរនាក់ នៃក្រុមតន្ត្រីបានស្លាប់ ខណៈ៤នាក់ទៀត បានបាត់ខ្លួន ក្នុងនោះមានភរិយា របស់អ្នកចម្រៀងម្នាក់ផង។ ក្រៅពីនេះ សមាជិកផ្សេងទៀត រួមទាំងអស់ចម្រៀងផង បានរួចរស់មានជីវិត ឬគ្រាន់តែរងរបួសប៉ុណ្ណោះ។

ក្នុងវីដេអូមួយ ដែលអ្នកចម្រៀង «Riefian Fajarsyah» បានបង្ហោះនៅលើបណ្ដាញសង្គម អ៊ិនស្តាហ្គ្រាម បានថ្លែងទាំងទឹកភ្នែកថា៖ «យើងបានបាត់បង់ បានី (Muhammad Awal Purbani ហៅ Bani ជាអ្នកកាន់ហ្គីតាបាស) និងអ្នកចាត់ចែងរបស់យើង អូគី (Oki )»។

តារាចម្រៀងវ័យក្មេង បានបន្តថា៖ «អេនឌី (Andi – អ្នកវាយស្គ) ហេម៉ាន (Herman – អ្នកកាន់ហ្គីតាសូឡូ) និង អ៊ូចៀង (Ujang – សមាជិកបច្ចេកទេសរបស់ក្រុម) នៅមិនទាន់ត្រូវបានរកឃើញ មកវិញទេ។ សូមជួយបន់ស្រន់ ដើម្បីយើងអាចរកភរិយាខ្ញុំ ឌីឡាន (Dylan Sahara) មកវិញ ឲ្យបានឆាប់បំផុត។»។

តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានអះអាងថា មនុស្ស២៨១នាក់ បានស្លាប់ និងជាង១០០០នាក់ រងរបួស ខណៈមនុស្ស៥៧នាក់ផ្សេងទៀត បានបាត់ខ្លួន។ នេះ បើតាមតួលេខ ផ្ដល់ដោយអាជ្ញាធរឥណ្ឌូនេស៊ី៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។