អាស៊ី-ប៉ាស៊ីភិក

រូបភាព​ផ្ទុះ​ភ្នំភ្លើង​ដ៏​សម្បើម ដែល​បង្ក​ឲ្យ​មាន​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី

ជាការថតផ្ដិតយករូបភាព ដោយអ្នកដំណើរនៅលើយន្ដហោះ «Susi Air» ហើយជារូបភាព ដែលបង្កភាពតក់ស្លុត ព្រឺអស់ទាំងកាយ ដោយហេតុថា ការផ្ទុះភ្នំភ្លើង «Anak Krakatoa» ដ៏សម្បើមនេះ បានធ្វើឲ្យដីភ្នំសឹងតែមួយកំណាត់ បានបាក់ធ្លាក់ចូលទៅក្នុងសមុទ្រ មុននឹងរលកយក្ស «Tsunami» ចាប់ទម្រង់ជារូបរាងឡើង ហើយបោកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ឆ្នេរនៅជុំវិញ។

រូបភាពខាងក្រោម បង្ហាញពីដំណាក់កាល ជាបន្តបន្ទាប់ ដែលធ្វើឲ្យមានរលកយក្ស។

ប្រសិនជាមានការបកស្រាយ បង្ហាញពីហនិភ័យដ៏ខ្ពស់ នៃគ្រោះរលកយក្ស នៅពេលដែលហេតុការណ៍ បានកើតរួចហើយនេះ សម្រាប់អាជ្ញាធរឥណ្ឌូនេស៊ី ទំនងជាមិនបានខ្វល់ខ្វាយអ្វីប៉ុន្មានឡើយ និងថែមទាំងប្រាប់ឲ្យបណ្ដាជន អ្នករស់នៅលើតំបន់ឆ្នេរជុំវិញ ឲ្យរក្សាការស្ងៀមស្ងាត់នោះផង។

បន្ទាប់ពីភ្នំភ្លើង បានផ្ទុះបញ្ចេញកំអែ ដ៏សន្ធោសន្ធៅ ហើយទឹកសមុទ្រ មានសភាពបោកកញ្ជ្រោលឡើងខ្លាំងនោះ អ្នកនាំពាក្យអង្គភាពគ្រប់គ្រងគ្រោះធម្មជាតិ របស់ប្រទេស​ឥណ្ឌូនេស៊ី បានបង្ហោះសារនៅលើបណ្ដាញសង្គមថា «គ្មានការគម្រាមកំហែង ដោយគ្រោះរលកយក្សទេ»។

ប៉ុន្តែសារនេះ ត្រូវបានលប់ចេញ នៅប៉ុន្មានម៉ោងក្រោយមក និងជំនួសដោយសារ«សុំទោស» និងការទទួលស្គាល់ថា «គ្រោះរលកយក្ស មិនត្រូវបានដឹងជាមុនឡើយ ដោយហេតុថា គ្មានវត្តមានប្រព័ន្ធត្រួតពិនិត្យភូមិសាស្ត្រ»។

តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានអះអាងថា មនុស្ស២៨១នាក់ បានស្លាប់ និងជាង១០០០នាក់ រងរបួស ខណៈមនុស្ស៥៧នាក់ផ្សេងទៀត បានបាត់ខ្លួន។ នេះ បើតាមតួលេខ ផ្ដល់ដោយអាជ្ញាធរឥណ្ឌូនេស៊ី។ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តការរុករករបស់ផងខ្លួន ជាមួយនឹងក្ដីសង្ឃឹមថា នឹងរកឃើញអ្នករស់រានមានជីវិត ពីក្នុងគំនរបាក់បែកដ៏រង្គាល និងខ្លោចផ្សារ ដែលគ្របដណ្ដប់​នៅគ្រប់ទិសទី ក្នុងតំបន់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។