តារា ជនល្បី

«មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ ?»

ភ្ញាក់ព្រើត… តែវាជាអ្វី ដែលកំពុងកើតឡើង ! «មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ» គឺជាសាររបស់អ្នកស្រី មាជ ជេមី (Meach Jamie) ភរិយាលោក មាជ សុវណ្ណារ៉ា ដែលបានបង្ហោះ​នៅលើបណ្ដាញសង្គម មុននេះបន្តិច។

សំណេររបស់អ្នកស្រី ជេមី មានអមមកជាមួយ នូវរូបភាពផ្តិតអេក្រង់ (PrintScreen) មួយ ដែល​បង្ហាញពី​គណនេយ្យស្ត្រីម្នាក់ ដែលសរសេរថា «ចាប់ផ្ដើមកវែកកឆ្នាំង មកនៅក្នុង​ព្រៃ​ហើយ មកចិញ្ចឹមមាន់ទា​គោក្របី គ្រាន់បានដោះបំណុលគេ»។

អ្នកស្រី មាជ ជេមី ដែលគេស្គាល់ថា បានពុះពារ និងតស៊ូមតិយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលលោក មាជ សុវណ្ណារ៉ា ជាប់ក្នុងពន្ធនាគារនោះ បានបង្ហោះរូបភាពខាងលើ រួមនឹងសំណេររៀបរាប់ ដូចការដកស្រង់ទាំងស្រុង ខាងក្រោម៖

«មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ ដោយគ្មានក្រែងរអែងចិត្ត​ក្រុមគ្រួសារ​ខាង​ប្រពន្ធអី​បន្តិចសោះ។ ឯនាងស្រីល្អខំធ្វើគ្រប់យ៉ាង ខំបង្ហោះបង្អួតឲ្យម្ចាស់ផ្ទះ​ទាំង​គ្រួសារ​ឈឺចាប់ ថាគេគ្រប់គ្រង​ប្រុសនោះ បានទាំងស្រុង​ហើយ។»

អ្នកស្រីសរសេរបន្តថា៖

«ខ្ញុំទ្រាំខ្លាំងណាស់ថា មិននិយាយទេ​ ទុកកិត្តិយសឲ្យ។ នាំយកទៅដេក ក្នុងផ្ទះនៅផ្សារ ផឹកសុីច្រៀង lives ក្នុង​បន្ទប់​ដេក បន្ទប់ធ្វើការខ្ញុំគ្រប់យ៉ាង។ បើប្រុសឬខ្ញុំ ហ៊ាន​បង្ហោះ​រូប[ក្នុង]គ្រួសារ ដឹងតែប្រុស​ត្រូវគេជេប្រមាថ​គ្រប់យ៉ាង?»

«ភាពអត់ធ្មត់មានដែនកំណត់ ឃើញឯងមិននិយាយៗ ស្រីនោះវាកាន់តែផ្គើនដាក់ឯង [ខ្លាំង]ឡើងៗ ជារៀង​រាល់ថ្ងៃ។»

គ្មាននរណាដឹងពីរឿងរ៉ាវផ្ទៃក្នុង នៃស្វាមីភរិយាលោក មាជ សុវណ្ណារ៉ា ពីមុនមកទេ រហូត​មកទល់​នឹង​សារបង្ហោះ របស់អ្នកស្រី មាជ ជេមី។ ប៉ុន្តែប្រតិកម្ម តបនឹងសំណេរភរិយា​ខាងលើ លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាមន្ត្រី​ជាន់ខ្ពស់​មួយរូប របស់គណបក្សសង្គ្រោះ​ជាតិ បានសរសេរ​ក្នុងផ្នែកដាក់មតិ (Comment) ឡើងថា៖

«កុំជ្រុលពេក ក្រែងនិយាយគ្នាអស់ហើយតើ

តែការអះអាងនេះ ត្រូវអ្នកស្រី មាជ ជេមី ឆ្លើយតបវិញថា៖

«និយាយពីកាលណា ម្ដេចមិនដឹង? សួរថា តើកំហុសអ្នកណា? តើគ្រប់រឿង អ្នកណាជា​អ្នកបង្ក?»

អ្នកស្រីបន្តព្រមានថា៖

«នៅមានបន្ត រហូតដល់ថ្ងៃឡើងតុលាការ លែងគ្នា។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងលោក មាជ សុវណ្ណារ៉ា ដើម្បីចង់បាន​ប្រតិកម្មផ្ទាល់របស់លោក តែទាក់ទងក្នុងពេលភ្លាមៗ នេះមិនបាន។

ដោយឡែក គណនេយ្យស្ត្រីម្នាក់ ដែលស្ថិតក្នុងរូបភាពផ្ដិតអេក្រង់ បានសរសេរតបភ្លាមៗ ដោយមិនចំឈ្មោះថា៖

«និយាយតទល់គ្នាបាន កុំលេងវ៉ៃពីក្រោយ ភស្តុតាងនៅមានច្រើនណាស់ ផ្ទះអ្នកណា ដី​អ្នកណា? បើអ្នកឯង​ពិតជាថ្លៃថ្នូរ ចេញមកតទល់គ្នា។ នេះដោយសារតែខ្ញុំ ទុកកិត្តិយស​ឲ្យអ្នកផ្សេង។ បើអ្នកឯង​មិនស្រឡាញ់​កិត្តិយស ខ្ញុំក៏ដូចគ្នា៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។