តារា ជនល្បី

ទេព ​បូព្រឹក្ស​ ប្តឹង​​ទារ​១០​ម៉ឺន​​ដុល្លារ​ ​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌

បន្ទាប់ពីរងការជះទឹកស្រាបៀរ កាលពីយប់ម្សិលម៉ិញ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨) ថារូបនាងបានដាក់ពាក្យបណ្ដឹង ប្ដឹងបុរសម្នាក់ ដែលបានធ្វើទង្វើនោះ មកលើរូបនាង។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ក្នុងរសៀលម៉ោង១៣នេះ តារាចម្រៀងក្មេង ទេព បូព្រឹក្ស បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖

«នាងខ្ញុំបានប្តឹង បុរសម្នាក់ ដែលបានធ្វើទង្វើដ៏អាក្រក់ មកកាន់រូបខ្ញុំ កាលពីយប់ថ្ងៃកើតហេតុ ដោយទាមទារសំណងជំងឺ​ចិត្ត ១០ម៉ឺនដុល្លារ» ។

រូបភាពដែលត្រូវបានថតជាប់ ពីទិដ្ឋភាពដ៏ហួសចិត្ត ហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា កញ្ញា ទេព បូព្រឹក្ស កំពុងឈរច្រៀង នៅលើវេទិកា ស្រាប់តែមានបុរសម្នាក់ ពាក់អាវពណ៌ស បានចូលមកដល់ និងជះទឹកអ្វីម្យាង ទៅលើកញ្ញា។ ទឹកនោះ ត្រូវបានតារាចម្រៀងខ្លួនឯង អះអាងនៅក្នុងវីដេអូផ្សាយផ្ទាល់ ក្នុងពេលក្រោយមក ថាជាទឹកស្រាបៀរ។

ហេតុការណ៍បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងហាង​លក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។

បុរសដែលដើរទៅជះទឹក ទៅលើតារាចម្រៀង ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ម្ចាស់ហាង «សមុទ្រ» នោះតែម្ដង។

តារាចម្រៀង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទៀតថា​ ១០ម៉ឺនដុល្លារនេះ គឺជាថ្លៃជំងឺចិត្ត ក៏ប៉ុន្តែថវិការដែលបានទាំងអស់នោះ នាងនឹងយកទៅបរិច្ចាក ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងសមាគមន៍សិល្បៈ ដែលមានសិល្បករ សិល្បការនីចាស់ៗ ដែលជួបវិបត្តិ រួមទាំងមន្ទីរចាស់ជរាទាំងអស់។ ទេព បូព្រឹក្ស សន្យាថា នឹងមិនប៉ះពាល់ប្រាក់ជំងឺចិត្តនេះ សូម្បីតែមួយរៀលឡើយ។

ពាក្យបណ្ដឹងនោះ ត្រូវបានតារាចម្រៀងល្បី របស់ផលិតកម្មហង្សមាសរូបនេះ ដាក់នៅប៉ុស្ដ៍នគរបាល ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តារាចម្រៀងបានសំដែងក្ដីសង្ឃឹមថា អាជ្ញាធរនឹងចាត់វិធានាការ តាមពាក្យបណ្ដឹង ដោយអនុវត្តតាមនីតិវិធី ដូចមានចែង នៅក្នុងច្បាប់៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។