តារា ជនល្បី

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។

រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ យកមកបង្ហោះ ដោយសរសេរអមជាមួយថា៖

«ក្លាហានឡើង ហ្សង់ កាស្ដិក… ថ្ងៃនេះជាថ្ងៃសុក្រហើយ (ចង់សម្ដៅថា ឈានដល់ថ្ងៃចុងសប្ដាហ៍ហើយ)។»

អង្គុយនៅលើកៅអីបត់បាន លោក កាស្ដិក មានទឹកមុខធម្មតា ភ្នែកសម្លឹងទៅមុខ និងមានកាបូបស្ពាយនៅខ្នង ដាក់នៅផ្ទាល់ដី។ មើលទៅ បុរសវ័យ​៥៧ឆ្នាំរូបនេះ ដែលចាកចេញពីកៅអី ជានាយករដ្ឋមន្ត្រីបារាំង កាលពី៤ខែកន្លងទៅ ទំនងជាបានវិលត្រឡប់ ក្លាយជាជនសាមញ្ញម្នាក់វិញ ដូចពលរដ្ឋទូទៅដូច្នេះ។

រូបថតខាងលើ ត្រូវបានប្រព័ន្ធផ្សព្វ​ផ្សាយ «FranceInfo» របស់បារាំងរាយការណ៍ថា ជារូបថតពិត ដោយស្រង់ប្រភពស្និតនឹងលោក កាស្ដិក មកបញ្ជាក់។

ក្នុងនាមជារដ្ឋបុរស ដ៏កំពូលមួយរូប លោកអតីតនាយករដ្ឋមន្ត្រី មានបុព្វសិទ្ធិច្រើនណាស់ ក្នុងនោះមានដូចជា លោកអាចទទួលបាន នូវរថយន្ដរដ្ឋមួយគ្រឿង ដោយមានអ្នកបើកបរ និងការការពារពីកងកម្លាំងនគរបាល នៅរៀងរាល់ការធ្វើដំណើររបស់លោក។

តែប្រភពពីសារព័ត៌មានក្នុងស្រុក បានអះអាងថា លោក ហ្សង់ កាស្ដិក បានបដិសេធបុព្វសិទ្ធិទាំងនេះ ហើយចូលចិត្តធ្វើដំណើរ ទៅណាមកណាតែម្នាក់ឯង តាមរថភ្លើងក្រោមដី ឬតាមរថយន្ដក្រុងជាដើម។

កាលពីដើមខែកក្កដា លោកអតីតនាយករដ្ឋមន្ត្រី ធ្លាប់ត្រូវបាន​បណ្ដាជនថតរូប​លោកកំពុងអង្គុយ ក្នុងរថភ្លើងក្រោមដីម្ដងដែរ។ កាលនោះ លោកពាក់តែអាវដៃខ្លី និងខោខូវប៊យមួយសម្រាប់ប៉ុណ្ណោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។