រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីតនាយករដ្ឋមន្ត្រីបារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។
រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ យកមកបង្ហោះ ដោយសរសេរអមជាមួយថា៖
«ក្លាហានឡើង ហ្សង់ កាស្ដិក… ថ្ងៃនេះជាថ្ងៃសុក្រហើយ (ចង់សម្ដៅថា ឈានដល់ថ្ងៃចុងសប្ដាហ៍ហើយ)។»
អង្គុយនៅលើកៅអីបត់បាន លោក កាស្ដិក មានទឹកមុខធម្មតា ភ្នែកសម្លឹងទៅមុខ និងមានកាបូបស្ពាយនៅខ្នង ដាក់នៅផ្ទាល់ដី។ មើលទៅ បុរសវ័យ៥៧ឆ្នាំរូបនេះ ដែលចាកចេញពីកៅអី ជានាយករដ្ឋមន្ត្រីបារាំង កាលពី៤ខែកន្លងទៅ ទំនងជាបានវិលត្រឡប់ ក្លាយជាជនសាមញ្ញម្នាក់វិញ ដូចពលរដ្ឋទូទៅដូច្នេះ។
រូបថតខាងលើ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ «FranceInfo» របស់បារាំងរាយការណ៍ថា ជារូបថតពិត ដោយស្រង់ប្រភពស្និតនឹងលោក កាស្ដិក មកបញ្ជាក់។
ក្នុងនាមជារដ្ឋបុរស ដ៏កំពូលមួយរូប លោកអតីតនាយករដ្ឋមន្ត្រី មានបុព្វសិទ្ធិច្រើនណាស់ ក្នុងនោះមានដូចជា លោកអាចទទួលបាន នូវរថយន្ដរដ្ឋមួយគ្រឿង ដោយមានអ្នកបើកបរ និងការការពារពីកងកម្លាំងនគរបាល នៅរៀងរាល់ការធ្វើដំណើររបស់លោក។
តែប្រភពពីសារព័ត៌មានក្នុងស្រុក បានអះអាងថា លោក ហ្សង់ កាស្ដិក បានបដិសេធបុព្វសិទ្ធិទាំងនេះ ហើយចូលចិត្តធ្វើដំណើរ ទៅណាមកណាតែម្នាក់ឯង តាមរថភ្លើងក្រោមដី ឬតាមរថយន្ដក្រុងជាដើម។
កាលពីដើមខែកក្កដា លោកអតីតនាយករដ្ឋមន្ត្រី ធ្លាប់ត្រូវបានបណ្ដាជនថតរូបលោកកំពុងអង្គុយ ក្នុងរថភ្លើងក្រោមដីម្ដងដែរ។ កាលនោះ លោកពាក់តែអាវដៃខ្លី និងខោខូវប៊យមួយសម្រាប់ប៉ុណ្ណោះ៕