តារា ជនល្បី

ម៉ាដូណា ច្រៀង​ខុសភ្លេងក្នុងមហោស្រព​ប្រឡង​ចម្រៀង EuroVision

សម្រាប់អ្នកស្នេហាសិល្បៈចម្រៀង ជាច្រើននាក់ នៅទ្វីបអ៊ឺរ៉ុប រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) បាន​«ធ្លាក់ទឹក»ពីការសំដែង​និងច្រៀងផ្ទាល់ របស់ស្ត្រីអ្នកចម្រៀងល្បីរូបនេះ នៅក្នុងមហោស្រពប្រឡងចម្រៀង «EuroVision» កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែឧសភា នារដ្ឋធានីតែលអាវីល ប្រទេសអ៊ីស្ត្រាអែល។

ឈុតឆាករបស់កំពូលតារាចម្រៀងអាមេរិក ដែលត្រូវសំដែងបទ «Like a Prayer» បានបង្កឲ្យមាន​ការខកចិត្ត​ជាទូទៅ សម្រាប់អ្នករង់ចាំតាមដាន ជាពិសេសអ្នកគាំទ្រ ដែលស្គាល់បទចម្រៀងច្បាស់ដូចបាតដៃ។ នៅលើ​បណ្ដាញ​សង្គម ពួកគេបានបង្ហោះសារ បរិហារនាង ម៉ាដូណា ថាច្រៀងញ័រ​និងខុសភ្លេង ខណៈអ្នកខ្លះពេបជ្រាយថា បើសិនជា​អញ្ចឹង ម៉េចមិនច្រៀងចាក់កាសែតទៅ?!

យ៉ាងណា រាជនីចម្រៀងប៉ុបបានច្រៀងល្អ និងត្រូវតាមភ្លេងឡើងវិញ សម្រាប់បទទីពីររបស់នាង គឺបទ «Future» ដែលជាចម្រៀង​ក្នុងថាស​ចម្រៀងថ្មី គ្រោងនឹងចេញលក់ ក្នុងពេលខាងមុខ។

តែអ្នកគាំទ្រនិងតាមដាន ច្បាស់ជាអស់សង្ឃឹមបន្ថែមទៀត នៅពេលបានឮពិធីការិនីនៃកម្មវិធី បានប្រកាស​ឡើង​បែបចំអក ដាក់កំពូល​តារាចម្រៀង​ល្បី នៅមុនប្រកាសពិន្ទុ ឲ្យបេក្ខជនជាតិហូឡង់ ដូច្នេះថា «Thanks for Madonna’s Auto-Tune» ដែលមានន័យថា «សូមអរគុណ សម្រាប់ Auto-Tune របស់ម៉ាដូណា»។

«Auto-Tune» ជាកម្មវិធីក្នុងកំព្យូទ័រមួយប្រភេទ ដែលជួយកែសម្រួល​​សម្លេងអ្នកច្រៀង ដែលច្រៀងផ្ទាល់ និងភ្លេង ឲ្យត្រូវគ្នា។ កម្មវិធីនេះ ត្រូវបាន​យកមកប្រើ សម្រាប់ចម្រៀងទីពីរ របស់តារាចម្រៀង។

ក្រុមអ្នកតាមដាន​ខ្លះ បានជួយបន្ធូរបរិយាកាលមកវិញថា កំហុសដ៏កម្រនេះ​ទំនងជាកើតឡើង ដោយសារ​ភាព​ប្រថុចញ៉ច ដែលនាង ម៉ាដូណា បានចុះកិច្ចសន្យាច្រៀងក្នុងកម្មវិធីមហោស្រពអន្តរជាតិខាងលើ។ រាជនីចម្រៀង​ប៉ុប បានចុះកិច្ចសន្យា នៅថ្ងៃព្រហស្បត្តិ៍មុន ពោលគឺតែ​ពីរថ្ងៃ​មុនចេញសំដែង ដែលធ្វើឲ្យកំពូលតារាចម្រៀង គ្មាន​ពេល​គ្រប់គ្រាន់ ដើម្បីហ្វឹកហាត់និងកែសម្រួលសម្លេង ជាមួយនឹងឧបករណ៍ភ្លេង៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។