សម្រាប់អ្នកស្នេហាសិល្បៈចម្រៀង ជាច្រើននាក់ នៅទ្វីបអ៊ឺរ៉ុប រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) បាន«ធ្លាក់ទឹក»ពីការសំដែងនិងច្រៀងផ្ទាល់ របស់ស្ត្រីអ្នកចម្រៀងល្បីរូបនេះ នៅក្នុងមហោស្រពប្រឡងចម្រៀង «EuroVision» កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែឧសភា នារដ្ឋធានីតែលអាវីល ប្រទេសអ៊ីស្ត្រាអែល។
ឈុតឆាករបស់កំពូលតារាចម្រៀងអាមេរិក ដែលត្រូវសំដែងបទ «Like a Prayer» បានបង្កឲ្យមានការខកចិត្តជាទូទៅ សម្រាប់អ្នករង់ចាំតាមដាន ជាពិសេសអ្នកគាំទ្រ ដែលស្គាល់បទចម្រៀងច្បាស់ដូចបាតដៃ។ នៅលើបណ្ដាញសង្គម ពួកគេបានបង្ហោះសារ បរិហារនាង ម៉ាដូណា ថាច្រៀងញ័រនិងខុសភ្លេង ខណៈអ្នកខ្លះពេបជ្រាយថា បើសិនជាអញ្ចឹង ម៉េចមិនច្រៀងចាក់កាសែតទៅ?!
យ៉ាងណា រាជនីចម្រៀងប៉ុបបានច្រៀងល្អ និងត្រូវតាមភ្លេងឡើងវិញ សម្រាប់បទទីពីររបស់នាង គឺបទ «Future» ដែលជាចម្រៀងក្នុងថាសចម្រៀងថ្មី គ្រោងនឹងចេញលក់ ក្នុងពេលខាងមុខ។
តែអ្នកគាំទ្រនិងតាមដាន ច្បាស់ជាអស់សង្ឃឹមបន្ថែមទៀត នៅពេលបានឮពិធីការិនីនៃកម្មវិធី បានប្រកាសឡើងបែបចំអក ដាក់កំពូលតារាចម្រៀងល្បី នៅមុនប្រកាសពិន្ទុ ឲ្យបេក្ខជនជាតិហូឡង់ ដូច្នេះថា «Thanks for Madonna’s Auto-Tune» ដែលមានន័យថា «សូមអរគុណ សម្រាប់ Auto-Tune របស់ម៉ាដូណា»។
«Auto-Tune» ជាកម្មវិធីក្នុងកំព្យូទ័រមួយប្រភេទ ដែលជួយកែសម្រួលសម្លេងអ្នកច្រៀង ដែលច្រៀងផ្ទាល់ និងភ្លេង ឲ្យត្រូវគ្នា។ កម្មវិធីនេះ ត្រូវបានយកមកប្រើ សម្រាប់ចម្រៀងទីពីរ របស់តារាចម្រៀង។
ក្រុមអ្នកតាមដានខ្លះ បានជួយបន្ធូរបរិយាកាលមកវិញថា កំហុសដ៏កម្រនេះទំនងជាកើតឡើង ដោយសារភាពប្រថុចញ៉ច ដែលនាង ម៉ាដូណា បានចុះកិច្ចសន្យាច្រៀងក្នុងកម្មវិធីមហោស្រពអន្តរជាតិខាងលើ។ រាជនីចម្រៀងប៉ុប បានចុះកិច្ចសន្យា នៅថ្ងៃព្រហស្បត្តិ៍មុន ពោលគឺតែពីរថ្ងៃមុនចេញសំដែង ដែលធ្វើឲ្យកំពូលតារាចម្រៀង គ្មានពេលគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់និងកែសម្រួលសម្លេង ជាមួយនឹងឧបករណ៍ភ្លេង៕