សំណើច កំប្លែង

«រាត្រីចន្ទទឹកឃ្មុំ នៅ​បន្ទប់​សណ្ឋាគារ… ជាន់ទី​៣៥» សំណើចខ្លី

ទើបនឹងរៀបការហើយថ្មីថ្មោង គូស្វាមីភរិយាបានជ្រើសរើសយប់ ដែលមានព្រះចន្ទពេញវង់ និងសណ្ឋាគារដ៏ខ្ពស់មួយ កំពស់៣៥ជាន់ ដើម្បីឆ្លងកាត់រាត្រីទឹកឃ្មុំ របស់ផងខ្លួន។ យកសណ្ឋាគារខ្ពស់ គឺដើម្បីអាចសម្លឹងមើលព្រះចន្ទ បានយ៉ាងងាយ និងដោយលន្លង់លន្លោច។ ហើយដើម្បីឲ្យកាន់តែវិសេសវិសាលទៀតនោះ នៅរាត្រីនេះ បន្ទាប់ពីចេញពីពិធីជប់លៀងរួច ស្វាមីត្រូវបីភរិយាខ្លួន ទៅកាន់បន្ទប់ចន្ទទឹកឃ្មុំ ដែលនៅជាន់លើបង្អស់ គឺជាន់ទី៣៥។

ពេលបីភរិយាថ្មី មកដល់បញ្ជទទួលភ្ញៀវ បុគ្គលិកប្រចាំការនៅទីនោះ បានឱនលំទោន និងប្រាប់ពីដំណឹងដ៏រំខានមួយ៖

– សោកស្ដាយណាស់ ដោយហេតុថា យប់នេះ ជណ្ដើរយន្ដដែលយោងឡើង ទៅជាន់លើៗ បានខូច… ខ្ញុំព្យាយាមហៅជាង មកជួសជុលភ្លាមៗ តែមិនអាចជួលជុល បានទាន់ពេល…

សុភាពបុរសជាស្វាមី យល់សភាពការណ៍ ក៏ថ្លែងតបទៅវិញ៖

– អូ… មិនថ្វីទេ! ខ្ញុំនឹងបីភរិយាខ្ញុំ ទៅដល់បន្ទប់ ដោយមិនបាច់មានជណ្ដើរយន្ដ។

ស្វាមីបីភរិយា ទៅដល់ជាន់ទីមួយ ស្រាប់តែនាងជាភរិយា ខ្សិបដាក់ត្រជៀកស្វាមីថា៖

– បងសម្លាញ់… អូនមានរឿងមួយចង់ប្រាប់បង…

– អូ… មិនថ្វីទេ ចាំប្រាប់បងពេលក្រោយក៏បាន។ ពេលនេះ អូនគ្រាន់តែថើបបង មួយខ្សឺតបានហើយ… 

ទៅដល់ជាន់ទី៥ នាងជាភរិយាបន្តខ្សិបដាក់ត្រជៀកទៀតថា៖ 

– អូនពិតជាមានរឿង ចង់ប្រាប់បង…

– អូ មិនថ្វីទេ! បងគ្រាន់តែចង់ឲ្យអូន ថើបបងមួយខ្សឺត វាគ្រប់គ្រាន់ហើយ…

ពេលនេះ ប្ដីបីប្រពន្ធ ដើរឡើងជណ្ដើរ មកដល់ជាន់ទី៣៥ នាងជាភរិយាចាប់ផ្ដើមបន្លឺឡើង យ៉ាងមុតមាំ៖

– អូនត្រូវតែនិយាយរឿងនេះ ប្រាប់បង!

– និយាយមកអញ្ចឹង តើអូនមានរឿងអ្វី?

– គឺអូនភ្លេចសោរបន្ទប់យើង នៅជាន់ផ្ទាល់ដី កន្លែងបញ្ជទទួលភ្ញៀវ

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។