សំណើច កំប្លែង

«មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» សំណើច​ខ្លី

ថ្ងៃនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធជួង បានជួបពិគ្រោះ ជាមួយគ្រូទាយមួយរូប។ បន្ទាប់ពីសូត្រផ្លុំ​មន្ដអាគម​បន្តិចមក លោកគ្រូទាយរូបនោះ បានបើកភ្នែកឡើង រួចនិយាយទៅកាន់លោកប្រមុខថា៖

– ខ្ញុំឃើញលោក នៅក្នុងរថយន្ដដ៏ប្រណិតមួយគ្រឿង បើកដំបូល និងបើកបរ នៅលើមហាវិថីដ៏ធំមួយ នៅក្នុងចំណោមមនុស្សដ៏ពពាក់ពពូន។

លោក ខឹម វាសនា ញញឹម រួចសួរឡើង៖

– ហើយមនុស្សទាំងអស់ហ្នឹង រីករាយអឺងកងឬទេ?

– គឺខ្លាំងក្លាណាស់។ មិនដែលធ្លាប់មាន ពីមុនមកទេ…

– ហើយមានមនុស្សរត់តាម ពីក្រោយរថយន្តទៀត មិនអញ្ចឹងឬ?

– អូ មិនត្រឹមតែរត់តាមទេ គឺមានមនុស្សទាំងសងខាងរថយន្ដ… ច្រើនមែនទែន! មានទាំងកងកម្លាំងនគរបាល មកបើកផ្លូវឲ្យទៀត តែដូចជាមិនស្រួលប៉ុន្មានទេ។

– ពួកគេទាំងហ្នឹង មានកាន់ទង់គ្រវីខ្លាំងណាស់ មែនឬទេ?

– ត្រឹមត្រូវហើយ ជាពិសេសគ្រវីទង់ជាតិ ហើយខ្លះទៀត ថែមទាំងកាន់បដាមានសរសេរថា នេះជាក្ដីសង្ឃឹម នៃប្រទេសជាតិរបស់យើង។

– ដល់ថ្នាក់ហ្នឹងផង! ពួកគេច្បាស់ជាស្រែកអឺងកងណាស់?

– មិនខុសទេ! ជាពិសេស ពួកគេស្រែកថា ពីថ្ងៃនេះទៅ ពួកគេលែងបារម្ភទៀតហើយ។

លោកប្រមុខ ទ្រាំញញឹមមិនចេញធ្មេញ មិនបាន។ លោកបានសួរគ្រូទាយបន្តថា៖

– ចុះខ្ញុំ? ខ្ញុំមានប្រតិកម្មបែបណា ទៅនឹងហ្វូងមនុស្សទាំងហ្នឹង?

– អឺ… សម្រាប់រូបលោកផ្ទាល់?… និយាយតាមត្រង់ ខ្ញុំមើលមិនឃើញលោក មាន​សកម្មភាពអ្វី​សោះ​តែម្ដង…

– ហេតុអី?

– ព្រោះក្ដារមឈូសបិតគម្របជិត

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។