នាទី«ជ័យនាងគ្រត»

ព័ត៌មានជ័យគ្រត៖ ខួបកំណើតបក្ស សូមជូន​ចម្រៀង​«ដូចមានអ៊ំហូ»

ថ្ងៃនេះ អាជ័យនាងគ្រត សូមជូនចម្រៀងដ៏ល្បីមួយបទ ដែលមានចំណងជើងថា «ដូចមានអ៊ំហូ នៅ​ថ្ងៃ​បុណ្យ​ជោគជ័យ»។ ចម្រៀងនេះ ត្រូវបានស្នើឡើង ដើម្បីចូលរួម​អបអរសាទរយ៉ាងក្លៀវក្លា ខួប​កំណើត​​នៃ​គណបក្ស​ប្រជាជនកម្ពុជា (CPP) ដែលជាផ្នែកមួយ​នៃ​គណបក្សកុម្មុយនីស្ដិ៍​ឥណ្ឌូចិន បង្កើតឡើង​កាលពីឆ្នាំ​១៩៥១ ដោយ​សមមិត្ត ង្វៀន អាយកួក (Nguyễn Ái Quốc) ឬលោកអ៊ំ ហូ ជីមិញ

មានចំណងជើងជាភាសាវៀតណាម «Như có Bác trong ngày đại thắng» ចម្រៀង​«ដូចមានអ៊ំហូ» ត្រូវបានបកប្រែ​ ច្រៀងជាខេមរភាសា និងចាក់ផ្សាយយ៉ាងគគ្រឹកគគ្រេង នៅតាម​វិទ្យុសម្លេង​ប្រជាជន​បដិវត្ត​កម្ពុជា ក្នុងចុងទសវត្សរ៍ឆ្នាំ៧០ និងដើមទសវត្សរ៍ឆ្នាំ៨០ នាសម័យកាល​សាធារណរដ្ឋប្រជាមានិត​កម្ពុជា។

ផ្ទុយពីចម្រៀងជាខេមរភាសា ដែលពិបាករកសំណៅដើម ដើម្បីបញ្ជាក់ពីអ្នកបកប្រែ ឬអ្នកដឹកនាំ​ភ្លេង… ចម្រៀងដើមជាភាសាវៀតណាម ត្រូវបានកត់ត្រាទុក នៅក្នុងសំណៅឯកសារ​របស់ប្រទេស​វៀតណាម និង​ត្រូវបាន​យកមកឲ្យកុមារវៀតណាមជំនាន់ក្រោយ ច្រៀងឡើងវិញ នៅរៀងរាល់ពេល មានពិធីបុណ្យ​រំឭកខួប​ម្ដងៗ ដែលទាក់ទងនឹង«អ៊ំហូ»។ ចម្រៀងនេះ និពន្ធទំនុកនិងបទភ្លេង ដោយ​សមមិត្ត ផាម ទៀង (Phạm Tuyên)។

សូមជូនទំនុកច្រៀង នៃចម្រៀងខាងលើ ដើម្បីទុកជូនប្រិយមិត្តច្រៀងកម្សាន្ដ ឬរៀនច្រៀង (ជាភាសា​វៀតណាម មុននឹងបកប្រែជូន ជាខេមរភាសា​នៅខាងក្រោម)៖

  • Như có Bác Hồ trong ngày vui đại thắng
  • Lời Bác nay đã thành chiến thắng huy hoàng.
  • Ba mươi năm đấu tranh giành toàn vẹn non sông.
  • Ba mươi năm dân chủ cộng hòa kháng chiến đã thành công.
  • Việt Nam – Hồ Chí Minh.
  • …Việt Nam – Hồ Chí Minh.
  • Việt Nam – Hồ Chí Minh.
  • …Việt Nam-Hồ Chí Minh

(ខេមរភាសា)

  • ដូចមានអ៊ំហូ នៅថ្ងៃបុណ្យជោគជ័យ
  • សំដីអ៊ំក្លាយជាជ័យជំនះធំ
  • ៣០ឆ្នាំរបស់អ៊ំ តស៊ូដណ្ដើម​ដែនដី
  • ៣០ឆ្នាំជោគជ័យ ដើម្បីបដិវត្តថ្លៃថ្លា
  • វៀតណាម – ហូជីមិញ
  • … វៀតណាម – ហូជីមិញ
  • វៀតណាម – ហូជីមិញ
  • … វៀតណាម – ហូជីមិញ
ជ័យនាងគ្រត

នាទី «ព័ត៌មានជ័យនាងគ្រត» ជាសម្លេងចំអករបស់ពលរដ្ឋ។ នាទីនេះប្រមូល គ្រប់កន្លុកកន្លៀតកៀនកោះ ឬគ្រប់មហាអូមអាមទាំងឡាយ... ទោះតាមរយៈអ្នកសារព័ត៌មាន ឬតាមរយៈការផ្ដល់ព័ត៌មាន របស់ប្រិយមិត្តក្ដី ហើយយកមកផ្សាយ ជូនមហាជនវិញ។