សួគ៌លោកីយ៍

សណ្ឋាគារ​«វីរតន៍»​នៅសៀមរាប ជាប់​លេខ១​ជាថ្មី ក្នុង​​ពិភពលោក​ឆ្នាំ២០២០

កម្រមានណាស់ សម្រាប់បណ្ដាសណ្ឋាគារទាំងឡាយ ដែលទទួលពិន្ទុ ៥/៥ ពីអតិថិជន​រាប់​ពាន់​​នាក់​របស់​ពួកគេ។ តែពិន្ទុនេះ ត្រូវបានអតិថិជន នៃសណ្ឋាគារ​«វីរតន៍» (Viroth’s Hotel) នៅ​ក្រុង​​សៀមរាប ផ្ដល់ជូន​គ្រឹះស្ថាន​មួយនេះ រហូតធ្វើឲ្យ«វីរតន៍»​ទទួលបាន​ចំណាត់​​ថ្នាក់​​លេខ១ ជាថ្មីទៀត បន្ទាប់ពីបានឈរ នៅកំពូលតារាង ក្នុងឆ្នាំ២០១៨ម្ដង​រួចមក។

ការដាក់ពិន្ទុនោះ ធ្វើឡើងនៅលើ​គេហទំព័រអន្តរជាតិ​ដ៏ធំមួយ ឈ្មោះ ទ្រីពេវ៉ាយស៊័រ (TripAdvisor) ដែលមាន​បណ្ដាញ​​នៅ​​គ្រប់​​ទិសទី​ និងមានជំនាញ​​​ខាង​​ការ​​រៀបចំ​​​ដំណើរ​ទេសចរណ៍ (កក់​សណ្ឋាគារ ជួល​រថយន្ដ ទិញ​សំបុត្រ​យន្ដហោះ …)។ ចំណាត់ថ្នាក់​ឆ្នាំ​២០២០​នេះ ទើបនឹងត្រូវបានគេហទំព័រខាងលើ ចេញផ្សាយ​ជាសាធារណៈ កាលពីថ្ងៃទី២៨ ខែ​កក្កដា​ ឆ្នាំ២០២០ម្សិលម៉ិញ។

បើសណ្ឋាគារកម្រិតផ្កាយប្រាំមួយនេះ ទទួលបានពិន្ទុល្អ ពីបណ្ដាអតិថិជន ដែលជា​អ្នក​ប្រើប្រាស់ «ទ្រីពេវ៉ាយស៊័រ» នោះ តែសណ្ឋាគារ «វីរតន៍» ក៏ទទួលបានពិន្ទុខ្ពស់ និង​ការវាយ​តម្លៃល្អៗ នៅក្នុងគេហទំព័រ​កក់/ជួល​សណ្ឋាគារ​ផ្សេងៗទៀតដែរ ដូចយ៉ាងគេហទំព័រ «Hotel.com» «Agoda.com» និង«Booking.com» ជាដើម។

សណ្ឋាគារមួយទៀត ឈ្មោះ «Jaya House River Park» នៅក្នុងក្រុងសៀមរាប ក៏ទទួល​បានចំណាត់ថ្នាក់ល្អដែរ (លេខ១១) នៅក្នុង​ចំណោមកំពូលសណ្ឋាគារទាំង២៥ ដែលចេញ​ផ្សាយដោយ «ទ្រីពេវ៉ាយស៊័រ»។

គ្រឹះស្ថានដែលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពី «វីរតន៍» គឺសណ្ឋាគារ «La Siesta Hotel & Spa» ក្នុងរដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម។

ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប អតីតរាជធានី នៃចក្រភពខ្មែរ។ (រូបថត ប៊ុន ណារុន)

នៅក្នុងចំណាត់ថ្នាក់ នៃទិសដៅទេសចរណ៍ ដែលមានប្រជាប្រិយបំផុត ចេញផ្សាយដោយ​គេហទំព័រ​ខាងលើ​នេះ​ដដែល ខេត្តសៀមរាប ដែលជាអតីតរាជធានី នៃចក្រភពខ្មែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ២០ ពីក្នុងចំណោម​ទិសដៅ​ទេសចរណ៍ ទាំង២៥ ដែលបណ្ដា​អ្នក​ទេសចរណ៍ទាំងឡាយ នៅលើពិភពលោក ចង់ទៅកម្សាន្ដ និង​ទស្សនា៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។