ប្រសិនជាបណ្ដា អ្នកទេសចរណ៍បរទេសទាំងឡាយ បានឮពីប្រទេសកម្ពុជា គេច្បាស់ជានឹកឃើញភ្លាម ទៅដល់ប្រាង្គប្រាសាទខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។ ប៉ុន្តែនៅក្នុងប្រទេសដ៏តូចច្រឡឹងមួយនេះ មិនមែនមានត្រឹមតែប្រាសាទ ដែលជាដួងព្រលឹង និងជាសម្បត្តិវប្បធម៌របស់ខ្លួនប៉ុណ្ណោះទេ។ សម្បត្តិធម្មជាតិ ក៏ជាផ្នែកមួយដ៏សំខាន់នៃប្រទេស ដើម្បីទាក់ទាញអ្នកទេសចរណ៍ទាំងឡាយ ឲ្យចង់មកទស្សនាដែរ។
ហើយនេះ ជាអ្វីដែលទស្សនាវដ្ដីអាមេរិក ឈ្មោះ «Travel + Leisure» បានអះអាង ដោយលើកយកផ្ទះសំណាក់ បែបជាការបោះជំរុំមួយប្រភេទ យកមកបង្ហាញ។ ផ្ទះសំណាក់នោះ មានឈ្មោះ ជាភាសាអង់គ្លេស «Shinta Mani Wild (ព្រៃស៊ីនតាម៉ានី)» ស្ថិតនៅកណ្ដាលជ្រោះជ្រង ជ្រលងដងអូរ នៃជួរភ្នំក្រវ៉ាញ (មួយចំហៀងទៀត នៃរមណីយដ្ឋានគីរីរម្យ) ហើយជាជម្រើសមួយ ពីក្នុងចំណោមរមណីយដ្ឋានទាំង៥០ ដែលទស្សនាវដ្ដីខាងលើ ផ្ដល់យោបល់ទៅអ្នកអានខ្លួន ថាជាកន្លែងដែលគួរ ឲ្យទៅទស្សនាកំសាន្ដ ក្នុងឆ្នាំ២០១៩។
ផ្ទះសំណាក់ «ព្រៃស៊ីនតាម៉ានី» លាតសន្ធឹង នៅតាមបណ្តោយស្ទឹង និងទឹកជ្រោះ ប្រមាណជា ២ គីឡូម៉ែត្រ ជាគម្រោងមួយរបស់ «Bensley Collection» ដឹកនាំនិងគ្រប់គ្រង ដោយលោក «Bill Bensley» កំពូលអ្នករចនាតុបតែង ជំនាញខាងរមណីយដ្ឋានប្រណីត សណ្ឋាគារ រីហ្សត និងរាជវាំង នៅជុំវិញពិភពលោក។
ផ្ទះជំរុំ ដែលសង់នៅលើផ្ទៃដី ១០០ម៉ែត្រការេ មានបន្ទប់ស្នាក់នៅ (ឬផ្ទះដាច់ដោយឡែកៗ) ចំនួន ១៥ បន្ទប់ ខណៈបន្ទប់នីមួយៗ ត្រូវបានតុបតែងលម្អ ប្រកបដោយផាលសុខភាព ដោយផ្តល់នូវទេសភាព និងបទពិសោធ ខុសប្លែកពីរមណីយដ្ឋាន ផ្សេងទៀត។
ទស្សនាវដ្ដី «Travel + Leisure» បានលើកឡើងថា ផ្ទះជំរុំខាងលើ មានចងាយផ្លូវដោយជិះរថយន្ដ ប្រមាណជា៣ម៉ោង ពីរាជធានីភ្នំពេញ។ ផ្ទះសំណាក់នេះ នឹងផ្ដល់សេវាកម្ម ទទួលទានអាហារ (ដែលចិញ្ចឹម និងដាំដុះក្នុងតំបន់) ស្ប៉ាបន្ធូរអារម្មណ៍បែបធម្មជាតិ បង្ហាញផ្លូវ (មគ្គុទេសក៍) សម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយ ដែលចង់ដើរកំសាន្ដ និងចង់ដឹងចង់ឃើញ អំពីអ្វីៗនៅក្នុងតំបន់ជុំវិញ ដោយធ្វើដំណើរ ដោយថ្មើរជើង ឬជិះទូក។
គេឃើញ ផ្ទះជំរុំ «ព្រៃស៊ីនតាម៉ានី» មានចុះឈ្មោះ នៅក្នុងគេហទំព័រកក់សណ្ឋាគារ ដ៏ល្បីៗមួយចំនួន ដូចជា «Booking.com» «Expedia.com» ឬ «Hotels.com» ជាដើម។ គេហទំព័រទាំងនោះ បានចាត់ «Shinta Mani Wild – Bensley Collection» ទៅក្នុងចំណោមសណ្ឋាគារ ដែលមានចំណាត់ថ្នាក់ ផ្កាយ៣កន្លះ។ គួរឲ្យស្ដាយ គេមិនបានឃើញថា រមណីយដ្ឋានមួយនេះ អនុញ្ញាតឲ្យទេសចរណ៍ទាំងឡាយ អាចកក់បន្ទប់ស្នាក់នៅដោយផ្ទាល់ ចេញពីគេហទំព័រទាំងនោះឡើយ។
យ៉ាងណា លោក «Bill Bensley» បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អតិថិជនត្រូវចំណាយប្រាក់ (ចាប់ពី) ១៥០០ដុល្លា ក្នុងមួយយប់ ដើម្បីអាចចូលទៅស្នាក់នៅ ក្នុងផ្ទះជំរុំកណ្ដាលព្រៃភ្នំនេះបាន៕