វប្បធម៌ និងជីវិត

ទម្លាប់​ទាំង១០ នៃ​គូ​ស្វាមី​ភរិយា​ដែល​មាន​សុភមង្គល

គូស្វាមីភរិយា​ដែលមានសុភមង្គលថ្លៃថ្លា តែមាន«ទម្លាប់​ទាំង១០» ដូចខាងក្រោម៖

១. ចូលគេងក្នុងពេលតែមួយ

ចាំទេ ពេលដែលអ្នកទើបនឹងចាប់ផ្តើម ទំនាក់ទំនងប្តីប្រពន្ធដំបូងៗ អ្នកពិតជាអន្ទះសាក្នុងការរង់ចាំឱ្យដៃគូ ចូលគេងនៅពេលតែមួយ ដើម្បីរឿងលើគ្រែ។

គូស្វាមីភរិយាដែលមានសុភមង្គល ឆ្លើយតបជាវិជ្ជមានទៅនឹងការល្បួងពីដៃគូ នៅពេលដែលពួកគេចូលគេង នៅម៉ោងពេលខុសគ្នា។ ពួកគេចូលគេងក្នុងពេលតែមួយ ទោះបីជាដៃគូណាម្នាក់ភ្ញាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើកិច្ចការអ្វីក៏ដោយ ខណៈដែលដៃគូរបស់ពួកគេគេងលក់។ ហើយនៅពេលរាងកាយ​របស់ពួកគេប៉ះពាល់គ្នា វាតែងតែបណ្តាលឲ្យពួកគេម្នាក់ៗ មានអារម្មណ៍ពុះកញ្ជ្រោល – លើកលែងតែដៃគូណាម្នាក់ ឬទាំងសងខាងអស់កម្លាំងទាំងស្រុង – ក្នុងការមានអារម្មណ៍ស្រើបស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ ការចូលគេងនៅពេលតែមួយ មិនមែនដើម្បីតែរឿងផ្លូវភេទនោះទេ តែការគេងបែរមុខដាក់គ្នា ឱបគ្នា ឬញញឹមសម្លឹងមុខគ្នា មុនបិទភ្នែកគេង គឺជាសេចក្តីសុខរបស់គូស្វាមីភរិយា។

២. បណ្តុះបណ្តាលនូវចំណូលចិត្តដែលដូចគ្នា

វាជារឿងធម្មតាដែលអ្នកដឹងថា អ្នក និងដៃគូរបស់អ្នក មានចំណង់ចំណូលចិត្តមួយចំនួនដែលដូចគ្នា។ ប៉ុន្តែមិនត្រូវកាត់បន្ថយ នូវការចំណាយពេលធ្វើសកម្មភាព ដែលអ្នកអាចធ្វើរួមគ្នា ដែលធ្វើឱ្យអ្នកទាំងពីររីករាយនោះទេ។

ឧទាហរណ៍៖ ទៅមើលកុន ហែលទឹក ច្រៀងខារ៉ាអូខេ។ល។ ប្រសិនបើគ្មានចំណូលចិត្ត ដែលដូចគ្នាសោះ គូស្វាមីភរិយារីករាយអាចបណ្តុះបណ្តាលវាបាន។ ការមានចំណូលចិត្តដូចគ្នា ធ្វើឱ្យយើងចំណាយពេល ជាមួយគ្នាបានច្រើន ហើយក៏មិនចាំបាច់មានសម្ពាធ ក្នុងការធ្វើអ្វីដែលខុសពីការចូលចិត្តរបស់ដៃគូខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ រឿងដែលគួរចៀសវាង គឺការព្យាយាមកែប្រែដៃគូរបស់អ្នក ឱ្យផ្លាស់ប្តូរនូវចំណូលចិត្តរបស់គេ ដើម្បីបំពេញតាមចំណូលចិត្តរបស់អ្នក។

៣. ដើរដោយកាន់ដៃគ្នា ឬ នៅក្បែរគ្នា

ជាជាងឱ្យដៃគូដើរយឺតជាង ឬមុខក្រោយ គូស្វាមីភរិយាដែលមានសុភមង្គល ដើរលេងយ៉ាងមានក្តីសុខ ដោយការកាន់ដៃគ្នា ឬ ដើរនៅកៀកគ្នា។ ពួកគេដឹងថាវាមានសារៈសំខាន់ណាស់ ក្នុងការនៅជាមួយដៃគូរបស់ពួកគេ ជាជាងការមើលទេសភាព នៅតាមផ្លូវ។

៤. ស្តាប់ឱ្យបានច្រើនជាងនិយាយ ហើយងាយក្នុងការអភ័យទោស

វាអាចជារឿងដែលស្ទើរតែចៀសមិនរួច ដែលថាគូស្នេហ៍នីមួយៗ មិនទាស់គ្នាសោះ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់គូស្វាមី ដែលមានសុភមង្គល គឺនៅពេលដែលមានបញ្ហាកើតឡើង ពួកគេចំណាយពេលស្តាប់ដៃគូ ច្រើនជាងការប្រកែកប្រណាំងគ្នា ទៅវិញទៅមក។

ប្រសិនបើពួកគេមានការមិនយល់ស្រប ឬជម្លោះ ហើយប្រសិនបើ​ពួកគេ មិនអាចដោះស្រាយបញ្ហានោះ គូស្វាមីភរិយា​​ដែលមានសុភមង្គល ព្យាយាមបង្កើតទំនុកចិត្ត និងការអធ្យាស្រ័យឱ្យគ្នា ទៅវិញទៅមក ជាជាងការមិនទុកចិត្ត និងបន្តរក្សាទុក នូវអារម្មណ៍មិនសប្បាយចិត្ត។

៥. ផ្តោតទៅលើអ្វីដែលដៃគូរបស់អ្នកធ្វើត្រូវ ច្រើនជាងអ្វីដែលពួកគេធ្វើខុស

ប្រសិនបើអ្នក ចាំតែចាប់កំហុសដៃគូរបស់អ្នក អ្នកនឹងតែងតែរកឃើញ នូវចំណុចខុសរបស់គេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកព្យាយាមកត់សម្គាល់ នូវអ្វីដែលជាចំណុចល្អ ឬរឿងត្រឹមត្រូវ ដែលដៃគូរបស់អ្នកបានធ្វើ អ្នកប្រាកដជារកឃើញ នូវចំណុចល្អៗទាំងនោះ។ ទាំងអស់នេះ វាអាស្រ័យលើអ្វីដែលអ្នកចង់រក ថាតើជាកំហុស ឬចំណុចល្អពីដៃគូរបស់អ្នក។ គូស្វាមីភរិយាដែលមានសុភមង្គល តែងសង្កត់ធ្ងន់ លើភាពវិជ្ជមានរបស់ដៃគូ។

៦. ឱបគ្នាទៅវិញទៅមក ឱ្យបានឆាប់តាមដែលអ្នកបានឃើញគ្នា បន្ទាប់ពីត្រឡប់មកពីធ្វើការវិញ

រាងកាយរបស់យើង មានការចងចាំអំពី “ការប៉ះពាល់ដ៏ល្អ” (សេចក្តីស្រឡាញ់) “ប៉ះពាល់អាក្រក់” (ការរំលោភបំពាន) និង “មិនប៉ះពាល់សោះ” (មិនយកចិត្តទុកដាក់) ។ គូស្វាមីភរិយាដែលនិយាយ “សួស្តី” ទៅកាន់គ្នាទៅវិញទៅមកជាមួយនឹង កាយវិការឱបយ៉ាងស្និទ្ធស្នាល ធ្វើឱ្យរាងកាយរបស់ពួកគេប្រាស្រ័យទាក់ទងនូវ “ការប៉ះពាល់ដ៏ល្អ” ដែលបង្កើតនូវភាពផ្អែមល្ហែម ដែលជាចំណែកមួយ នៃសេចក្តីសុខផ្លូវចិត្ត និង ភក្តីភាពចំពោះគ្នាទៅវិញទៅមក។

៧. និយាយថា “ខ្ញុំស្រឡាញ់អ្នក”​និង​”រីករាយថ្ងៃថ្មី” ជារៀងរាល់ព្រឹក

នេះជាវិធីដ៏ល្អមួយដើម្បីឱ្យដៃគូ អាចអត់ធ្មត់បាន ចំពោះស្ថានភាពតានតឹងមួយចំនួន ដូចជាបញ្ហាកកស្ទះចរាចរដ៏វែងឆ្ងាយ និងការរំខានផ្សេងៗទៀត។ ភាសាផ្អែមល្ហែមពីដៃគូ ជួយជំរុញទឹកចិត្តដៃគូម្ខាងទៀត ឱ្យមានអារម្មណ៍ល្អ និងអាចប្រឈមជាមួយ​នឹងការធុញថប់នានា។

៨. និយាយថា “រាត្រីសួស្តី” ជារៀងរាល់យប់ ដោយមិនចាំបាច់គិតថា អ្នកមានអារម្មណ៍បែបណា

នេះជាសារមួយ ប្រាប់ដល់ដៃគូរបស់អ្នកថា មិនថាគាត់មានអារម្មណ៍អាក់អន់ស្រពន់ចិត្ត យ៉ាងណាក៏ដោយ អ្នកនៅតែចង់នៅក្នុងទំនាក់ទំនងមួយនេះដដែល។ នេះបញ្ជាក់ថា អ្វីដែលអ្នក និងដៃគូរបស់អ្នកកំពុងទទួលបាន គឺមានតម្លៃធំជាង អារម្មណ៍ល្អក់កករផ្សេងៗ ដែលកើតមានជាយថាហេតុ។ ចំណុចមួយទៀត ប្រសិនបើអ្នក និងដៃគូរបស់អ្នក កំពុងមានអារម្មណ៍មិនល្អជាមួយគ្នា ពាក្យថា “រាត្រីសួស្តី” ទៅកាន់ដៃគូ មានប្រសិទ្ធភាព ក្នុងការបំបាត់ ឬកាត់បន្ថយភាពសៅហ្មងចិត្ត របស់ដៃគូម្ខាងទៀតបាន។

៩. តាមដានជាមួយដៃគូ អំពី​”ស្ថានភាព”​របស់គាត់

ទូរសព្ទ ឬផ្ញើសារទៅដៃគូរបស់អ្នក ដែលកំពុងនៅផ្ទះ ឬនៅកន្លែងធ្វើការ ដើម្បីមើលថា តើស្ថានភាពរបស់នាង ឬគាត់យ៉ាងម៉េចដែរ? អាកាសធាតុល្អដែរទេ? នេះជាវិធីដ៏ល្អមួយដើម្បីកែតម្រូវនូវការរំពឹងទុករបស់អ្នក មុនពេលជួបជាមួយដៃគូ ដូច្នេះអ្នកដឹងនូវអ្វីដែលគួរធ្វើ នៅពេលដៃគូរបស់អ្នកត្រឡប់ពីធ្វើការវិញ។ ឧទាហរណ៍ បើថ្ងៃនេះ មិនមែនជាថ្ងៃល្អសម្រាប់ដៃគូរបស់អ្នកទេ វាអាចមិនសមហេតុសមផលទេ ដែលរំពឹងថាគាត់នឹងមានចិត្ដរំភើបចំពោះរឿងល្អ ដែលបានកើតឡើងចំពោះអ្នក។ ដូច្នេះ អ្នកត្រូវបង្ហាញពីការយល់ចិត្ត ឱ្យបានច្រើន ខណៈពេលដៃគូកំពុងមានបញ្ហា។

១០. គោរពដៃគូទៅវិញទៅមក

មនុស្សពីរនាក់ដែលស្រលាញ់គ្នា មិនមែនជាការដែលត្រូវដាក់គំនាបត្រួតត្រា លើដៃគូណាម្នាក់ ឱ្យកោតខ្លាច ដូចជារវាងថ្នាក់លើ និងកូនចៅនោះទេ។ គូស្វាមីភរិយាដែលមានការគោរពចំពោះគ្នា មិនខ្លាចក្នុងការបើកចំហពីអារម្មណ៍របស់ខ្លួនទៅកាន់ដៃគូម្នាក់ទៀតនោះទេ។ អ្នកដែលមានការគោរពចំពោះគ្នាទៅវិញទៅមក តែងតែឱ្យតម្លៃគ្នា និងយល់ពីតម្រូវការគ្នា ហើយអាចកាត់បន្ថយបាននូវការទាស់ទែងគ្នាបានទៀត។

ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងអ្នក និងដៃគូរបស់អ្នក មិនសូវជាល្អ អាចព្យាយាមអនុវត្តតាម«ទម្លាប់​ទាំង១០»ខាងលើ ឬសាកល្បងជ្រើសរើស​ទម្លាប់​ណាមួយក៏បាន ដែលអ្នកគិតថា អាចនឹងមានប្រសិទ្ធភាពសម្រាប់អ្នក និងដៃគូរបស់អ្នក។ ហើយបើទទួលបានប្រសិទ្ធិភាព អ្នកអាចបន្តតាមដានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅលើបណ្ដាញសង្គម«ហ្វេសប៊ុក» ឬ«ទ្វីសធើរ»តាមបំណងប្រាថ្នា៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។