ស្នេហា

ហេតុអ្វី​«បេះដូង​ប្រេះស្រាំ»​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

«បេះដូង​ប្រេះស្រាំ» ៖ ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានបុគ្គលមួយចំនួន នៅតែជ្រើសរើសការវិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយសារហេតុផលមួយចំនួន៖

១. ពួកគេបែកគ្នាមិនមែនដោយសារជនទី៣

ពេលខ្លះ មិនមែនទាល់តែភាគីម្ខាងទៀត ទៅមានអ្នកថ្មីទើបនាំឱ្យមានការចែកផ្លូវគ្នានោះទេ។ ចួនកាលភាពមិនចុះសម្រុង ការយល់តែចិត្តខ្លួនឯង ក៏ជាដើមហេតុធ្វើឱ្យពួកគេមិនអាចបន្តស្នេហានេះបាន។ ប៉ុន្តែ ការបែកគ្នានេះ នឹងទាញពួកគេឱ្យគិតឡើងវិញ ព្រោះគេច្បាស់រៀងៗខ្លួនថា ពួកគេនៅតែស្រលាញ់គ្នា។ ប្រសិនបើការបែកនោះ កើតឡើង ដោយសារដៃគូមានអ្នកថ្មី ទើបជារឿងដែលងាយបំភ្លេច។

២. ពួកគេនៅតែនឹកគ្នា

មនុស្សធ្លាប់ស្រលាញ់គ្នា ឱ្យឈប់នឹកគ្នាងាយៗ ម្តេចនឹងបាន។ អនុស្សាវរីយធ្លាប់សាងរួមគ្នា លុបចេញពីបេះដូងភ្លាមៗម្តេចនឹងបាន។ កាន់តែនឹក កាន់តែខូចចិត្តខ្លាំង ដូច្នេះ ទើបពួកគេសម្រេចចិត្តវិលត្រឡប់រកគ្នាវិញ។

៣. ព្រមចាញ់

ព្រោះតែការទាមទារចង់ឈ្នះរៀងៗខ្លួនបែបនេះហើយ ទើបធ្វើឱ្យពួកគេមិនបានពិចារណាវែងឆ្ងាយរហូតឈានដល់ការបែកគ្នា។ ប៉ុន្តែ នៅពេលដែលភាគីណាម្នាក់ព្រមចាញ់ ហើយត្រឡប់មករកដៃគូ ដោយការសុំត្រូវគ្នា សុំទោសគ្នា នោះការអត់ឱនក៏កើតឡើង ដោយសារតែម្នាក់ទៀត ក៏កំពុងសោកសៅដូចគ្នា ពេលដែលឃ្លាតពីគ្នាបែបនេះ។

៤. គេមិនទាន់ជួបអ្នកថ្មី

ពេលបែកគ្នា គេសង្ឃឹមថា នឹងជួបអ្នកថ្មីដែលល្អ ជាងអ្នកចាស់ ឬអាចធ្វើឱ្យគេលែងឯកា តែទាំងនេះ សុទ្ធតែជាការលួងចិត្តខ្លួនឯង ព្រោះបេះដូងគេនៅតែមានអ្នកចាស់ដដែល។ គេនៅតែបារម្ភ ចង់ដឹងសុខទុក្ខអ្នកចាស់គ្រប់ពេល។ ពេលដែលអ្នកទាំងពីរមានអារម្មណ៍ដូចគ្នាបែបនេះហើយ ទើបគេសុខចិត្តចាប់ផ្តើមជាមួយគ្នាម្តងទៀត៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។