តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

លទ្ធផលផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព ប្រឡងចម្រៀង «EuroVision 2021» បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសអ៊ីតាលី តាមរយៈ​ក្រុមអ្នកចម្រៀងរ៉ុក​វ័យក្មេង ឈ្មោះ​«Måneskin» ដែលបានច្រៀងបទ​«Zitti e buoni» ក្នុងយប់ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងសាលប្រគុំតន្ត្រី​«Rotterdam Ahoy» នៃក្រុង រ៉ូធើដាម (Rotterdam) ប្រទេសហូឡង់។

ក្រុម«Måneskin» ទទួលបានពិន្ទុសរុបចំនួន ៥២៤ នាំមុខអ្នកចម្រៀងបារាំង នាង«Barbara Pravi» ដែលទទួលបានពិន្ទុសរុប ចំនួន៤៩៩ (លេខពីរ) និងអ្នកចម្រៀងស្វីស លោក«Gjon’s Tears» ដែលទទួលបានពិន្ទុសរុបចំនួន៤៣២ (លេខ៣)។

ប្រទេសដែលទទួលចំណាត់ថ្នាក់ចុងក្រោយគេ (លេខ២៦) ដោយហេតុរកពិន្ទុមិនបានសោះ (សូន្យពិន្ទុ) ជាចក្រភពអង់គ្លេស។ អាល្លឺម៉ង់ ទទួលបានពិន្ទុចំនួន៣ (លេខ២៥) ខណៈប្រទេសអេស្ប៉ាញ ទទួលបានពិន្ទុសរុបចំនួន៦ (លេខ២៤)។

ក្នុងឆ្នាំ២០២១នេះ មហោស្រពប្រឡងចម្រៀង ទទួលបានបេក្ខជន មកពីប្រទេសចំនួន៣៩ ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងនៅក្រៅអ៊ឺរ៉ុប តែមានតែប្រទេសចំនួន២៦ប៉ុណ្ណោះ ដែលជាប់ឡើងមកប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លទ្ធផលនៃ​ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៩ បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសហូឡង់ តាមរយៈអ្នកចម្រៀង លោក«Ducan Laurence» ដែលបានច្រៀងបទ«Arcade»។

ជ័យជំនះរបស់ប្រទេសហូឡង់ ក្នុងពេលនោះ តម្រូងឲ្យប្រទេសនេះ ត្រូវធ្វើជាម្ចាស់ផ្ទះ (ទទួលរៀបចំមហោស្រព) នៅឆ្នាំបន្ទាប់។ តែក្រោមមូលហេតុជំងឺរាតត្បាតកូវីដ-១៩ មហោស្រព«EuroVision» បានលើកពេល ដោយមិនបានប្រារព្ធធ្វើ កាលពីឆ្នាំកន្លងទៅទេ។ ក្នុងគោលការណ៍ដូចគ្នា ប្រទេសអ៊ីតាលី ត្រូវទទួលបន្ទុក ធ្វើជាម្ចាស់ផ្ទះ សម្រាប់មហោស្រព ក្នុងឆ្នាំខាងមុខ បន្ទាប់ពីទទួលជ័យជម្នះ ក្នុងឆ្នាំ២០២១នេះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។