តន្ត្រី

ហូឡង់ លើកពាន​មហោស្រព​ប្រឡងចម្រៀង EuroVision ឆ្នាំ២០១៩

ពានរង្វាន់សម្លេងឯក នៃមហោស្រពប្រឡងចម្រៀងអន្តរជាតិ «EuroVision» ឆ្នាំ២០១៩ និងលើកទី៦៤ ក្នុងរដ្ឋធានី តែលអាវីល (អ៊ីស្ត្រាអែល) ត្រូវបានប្រគល់ជូន ទៅលើដៃអ្នកចម្រៀងជាតិហូឡង់ លោក «Ducan Laurence»។

នេះ ជាជ័យជំនះលើកទី៥ សម្រាប់វិស័យសិល្បៈចម្រៀង នៃប្រទេសហូឡង់ បន្ទាប់ពីបានអាក់ខានលើកពាន នៃ​មហោស្រពអន្តរជាតិមួយនេះ អស់ជាច្រើនឆ្នាំកន្លងមក។ លោក«Ducan Laurence» អាយុ២៥ឆ្នាំ បានច្រៀង​បទ «Arcade» ដោយចុចព្យាណូ ធ្វើជាភ្លេងកំដរដោយផ្ទាល់។

ការរៀបចំឈុតឆាករបស់អ្នកចម្រៀងហូឡង់ មានសភាពសាមញ្ញាជាងបេក្ខជនផ្សេងទៀត។ តែផ្ទុយទៅវិញ សម្រាប់​អ្នកនិយមសិល្បៈចម្រៀង បានគិតថា លោក «Ducan Laurence» បានបញ្ចូលមនោសញ្ចេតនា នៅក្នុងចម្រៀង និងថែមទាំងបបួលឲ្យអ្នកស្ដាប់សម្លេងលោក ទាំងអំបាលម៉ាន ចូលទៅក្នុងសាច់រឿង​នៃចម្រៀងនោះ ជាងនរណាៗ​ទាំងអស់។

នៅក្នុងចំណាត់ថ្នាក់ចុងក្រោយ ប្រទេសហូឡង់បានប្រកៀកប្រកិត ជាមួយនឹងប្រទេសជាច្រើន នៅក្នុងទ្វីបអ៊ឺរ៉ុប ជាពិសេស​ជាមួយអ៊ីតាលី(លេខ២) និងរ៉ុស្ស៊ី(លេខ៣) ដោយសារពិន្ទុ ដែលបានមកពីការបោះឆ្នោត​ ដោយ​ប្រិយមិត្ត​អ្នកទស្សនា ទាំង៤១ប្រទេស បានផ្លាស់ប្ដូរចំណាត់ថ្នាក់ ជាច្រើនដង។

ផ្ទុយទៅវិញ ប្រទេសស្ថាបនិកជាច្រើន នៃមហោស្រពអន្តរជាតិខាងលើ ដែលមានដើមកំណើត តាំងពីដើម​ទសវត្សន៍​ឆ្នាំ៥០ មិនជាទទួលបាន ចំណាត់ល្អប៉ុន្មានទេ។ ដូចយ៉ាង បារាំងជាប់លេខ១៤ អាល្លឺម៉ង់ជាប់លេខ២៤ ខណៈចក្រភព​អង់គ្លេស ជាប់លេខ២៦ ចុងក្រោយគេបង្អស់៕

———

ខាងក្រោមនេះ ជាចម្រៀងដដែល តែលោក «Ducan Laurence» បានច្រៀងសារជាថ្មី បន្ទាប់ពីលោក​ទទួល​បានពាន នៅក្នុងដៃរួច៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។