នៅខណៈប្រទេសកម្ពុជាបានចេញ ពីរបបប្រល័យពូជសាសន៍ បីថ្ងៃប្រាំបីខែម្ភៃថ្ងៃ ចូលមកក្នុងរបបកុម្មុយនីស្ដិ៍បែបថ្មីមួយទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិចឯណោះ អ្នកចម្រៀង «Kim Wilde» បានច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា «កម្ពុជា (Cambodia)»។
បើទោះជាចម្រៀងនេះ មិនបានរៀបរាប់ឲ្យលំអិត ពីប្រទេស និងប្រជាជនកម្ពុជាក៏ដោយ តែយ៉ាងហោចណាស់ ក៏ចម្រៀងបានរំលឹកឲ្យអ្នកផងដឹងនិងឮ ពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានក្រុមខ្មែរក្រហម ផ្ដាច់ចេញពីពិភពលោក អស់រយៈពេលជាច្រើនឆ្នាំ បន្តដោយរបបថ្មីមួយទៀត ដែលត្រូវបានលើកបន្តុបឡើង ដោយក្រុងហាណូយ។
ចម្រៀង «Cambodia» ស្ថិតក្នុងអាល់ប៊ុមទី៤ របស់អ្នកចម្រៀងជាតិអង់គ្លេសខាងលើ ដែលបានចេញលក់ក្នុងចុងឆ្នាំ១៩៨១ ចូលមកឆ្នាំ១៩៨២ និងមានជោគជ័យយ៉ាងខ្លាំង នៅក្នុងទ្វីបអ៊ឺរ៉ុប។
ទំនុកច្រៀង នៅក្នុងចម្រៀងនេះ បានដកស្រង់សាច់រឿង ដែលបានកើតឡើង ក្នុងពេលសង្គ្រាមនៅវៀតណាម តែត្រូវបានសរសេររបៀបផ្សេងទៅវិញ ដោយរៀបរាប់ពីរឿងរ៉ាវរបស់ស្ត្រីម្នាក់ ដែលរស់នៅក្នុងប្រទេសថៃ។ ស្វាមីរបស់នាង គឺជាទាហានបើកបរយន្ដហោះចម្បាំង «US Air Force» របស់កងទ័ពអាមេរិកមួយរូប ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅពេលដែលបុរសជាទីស្រឡាញ់រូបនោះ បានបើកយន្ដហោះខ្លួន ហោះពីលើទឹកដីកម្ពុជា។ ជាការរង់ចាំដំណឹងពីស្វាមី… ដែលហាក់ដូចជារង់ចាំដំណឹង ពីកម្ពុជាដូច្នោះ…
សាច់ភ្លេងនិងចង្វាក់នៃចម្រៀង «កម្ពុជា» បានបង្ហាញពីការផ្លាស់ប្ដូរមួយ របស់អ្នកចម្រៀង «Kim Wilde» ដែលតែងបានច្រៀងក្នុងអាល់ប៊ុមមុនៗ ជាលក្ខណៈ «new wave»។ តែរឿងមួយគួរឲ្យកត់សម្គាល់ គឺអ្នកនិពន្ធទំនុកច្រៀង បានសរសេរចម្រៀង ដោយគិតថា ទាហានអាមេរិករូបនោះ បើកយន្ដហោះធុនប្រដេញ ប្រភេទ «McDonnell Douglas F-4 Phantom II» ផ្ទុយពីអ្នករចនាក្របអាល់ប៊ុម ដែលបែរជាយករូបឧទ្ធម្ភាគចក្រ មកដាក់នៅលើក្របអាល់ប៊ុមចេញលក់ទៅវិញ។
សូមកំសាន្ដជាមួយចម្រៀងនេះ ដូចតទៅ៖