សោតទស្សន៍

នាយកវិទ្យុ RFI ឆេះដុំ​ដាក់​អ្នកលួច​ការផ្សាយ​យកទៅ​ចម្លង​កាត់ត​ថែមថយ

«សូមនិយាយបន្តិច» តែមានន័យវែង! លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ (Jean François Tan) នាយកវិទ្យុ RFI ឬវិទ្យុបារាំងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ បានប្រតិកម្មក្នុងថ្ងៃនេះ ដាក់ក្រុមមនុស្ស ដែលបានយកការផ្សាយ របស់វិទ្យុលោក ទៅកាត់ត ថែមថយ ចម្លង ឬប្លន់ស្រស់ៗ ដោយគ្មានការអនុញ្ញាត។

ជាមួយនឹងរូបភាព «PrintScreen» ពីរសន្លឹក ដែលបង្ហាញ​ពីការលួចចម្លង​​ទាំងនោះ លោក តាន់ បានសរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយដំបូងឡើយ លោកសំដែងក្ដីអរគុណ ទៅដល់អ្នកដែលបង្ហោះ​រាល់ការផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ ដោយ​​គោរពការរក្សាសិទ្ធិ ឲ្យម្ចាស់ដើម។ ប៉ុន្តែលោកថា៖

«សូមកុំកែ ឬកុំដាក់ចំណងជើង តាមការនឹកឃើញ ឬក៏កុំដាក់រូបភាព តាមបែបទាក់ទាញខ្លាំងពេក ពីព្រោះទាំងនេះ អាចធ្វើឲ្យគេយល់ច្រឡំថា RFI មានជំហរជ្រុលនិយម។»

បន្ទាប់មក នាយកវិទ្យុ RFI រូបនេះ បានតម្លើងសម្លេង រាងចាស់ដៃបន្តិច ដាក់អ្នកដែលចម្លង និងប្លន់យកស្រស់ៗ នូវសមិទ្ធិផលរបស់វិទ្យុលោក។ លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ បានសរសេរបន្តថា៖

«ទន្ទឹមនេះ សូមថ្កោលទោស អ្នកដែលចម្លង ឬប្លន់ស្រស់ៗតែម្តង លទ្ធផលការងារ និងលទ្ធផលញើសឈាម របស់វិទ្យុ RFI យកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ឬស្ថាប័នខ្លួន។»

វិទ្យុបារាំងអន្តរជាតិ ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនសាធារណៈមួយ ឈ្មោះ «France Médias Monde» ដែលមានស្នាក់ការធំ នៅក្នុងប្រទេស​បារាំង។ ជាធម្មតា រាល់អ្វីៗទាំងអស់ ដែលមាន​នៅលើគេហទំព័រ របស់វិទ្យុនេះ ត្រូវបានរក្សាទុក និងការពារ ដោយច្បាប់ស្តីពី​«កម្មសិទ្ធិបញ្ញា» និងច្បាប់មួយចំនួនទៀត ទាំងនៅក្នុង​ប្រទេសបារាំង និងទាំងនៅក្នុង​ប្រទេសកម្ពុជា។

នៅត្រង់ចំណុចទី៦ នៃលក្ខខណ្ឌទូទៅ​នៃការប្រើប្រាស់ (GTU) របស់ស្ថាប័នមួយនេះ បានចែងឡើងថា៖

«ក្រោមវិធាន ដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា រាល់ការផលិតឡើងវិញណាមួយ (រួមមានការទាញយក ការបោះពុម្ពឯកសារ ។ល។) ឬការតំណាង ទោះជាទាំងស្រុងក្តី ឬផ្នែកខ្លះក្តី ការសម្របសម្រួល ការបកប្រែ ការផ្លាស់ប្តូរ និង/ឬការផ្ទេរទៅកាន់គេហទំព័រផ្សេងទៀត នៃសមាសធាតុមួយឬច្រើន ក្នុងបណ្តាសមាសធាតុ ដែលបានរៀបរាប់ខាងលើ ត្រូវបានហាមឃាត់ បើគ្មានការអនុញាត ជាលាយលក្ខណ៍​អក្សរ​ជាមុន ពីក្រុមហ៊ុន “France Médias Monde” និង/ឬ ម្ចាស់កម្មសិទ្ធិនោះទេ។»

«ការប្រើប្រាស់ណាមួយ ដោយពុំបានទទួលការអនុញ្ញាត ទៅលើសមាសធាតុទាំងនេះ នឹងបង្កើតបាន ជាការរំលោភសិទ្ធិថតចម្លង ហើយអាចនឹងនំា ឲ្យមានការជាប់ទោសរដ្ឋប្បវេណី និង/ឬ ទោសព្រហ្មទណ្ឌ និងការបង់នូវសំណងខូចខាត នានាជាដើម»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។