ស្នេហា

វិធីសាស្រ្ត​ទប់​អារម្មណ៍ កុំឱ្យធ្លាក់​ក្នុងអន្លង់ស្នេហ៍ របស់​នរណា​ម្នាក់

មិនចង់ពាក់ព័ន្ធ នឹងរឿងស្នេហាមែនទេ? ចូរសាកល្បង នូវវិធីសាស្ត្រខាងក្រោម ដើម្បីទប់អារម្មណ៍ កុំឱ្យធ្លាក់​ក្នុងអន្លង់ស្នេហ៍ របស់នរណាម្នាក់។

មិនមែនគ្រប់មនុស្សទាំងអស់ ឱ្យតែគេស្រលាញ់ ខ្លួនត្រូវតែពិចារណានោះទេ។ ពេលខ្លះ វាមិនទាន់ដល់ពេល ដែលត្រូវគិតរឿងស្នេហា ឬបទពិសោធខូចចិត្ត ពីអតីតកាល ធ្វើឱ្យសាមីខ្លួន រារែក និងមិនចង់បើកបេះដូង សម្រាប់អ្នកណាម្នាក់ ក្នុងពេលភ្លាមៗឡើយ។

វិធីសាស្រ្តខាងក្រោមអាចជួយអ្នក ឱ្យដកឃ្លាពីរឿងស្នេហាបាន តែមិនមែនបានន័យថា អ្នកមិនត្រូវមានស្នេហានោះឡើយ គ្រាន់តែថា ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ ឬមិនទាន់ចង់បើកបេះដូង នៅពេលនេះប៉ុណ្ណោះ ៖

១. ផ្តោតលើគោលដៅរបស់ខ្លួន

• បង្កើតផែនការ ដើម្បីសម្រេចគោលដៅ អនាគតរបស់អ្នក
• បង្កើតតារាងអំពីវិធីសាស្រ្តនានា ដែលអ្នកអាចធ្វើ ដើម្បីពង្រឹងសមត្ថភាពរបស់អ្នក

អ្នកនឹងមានអារម្មណ៍ថា មានរឿងសំខាន់ជាច្រើន ដែលអ្នកត្រូវធ្វើ និងដែលសំខាន់ជាងរឿងស្នេហា។

២. ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ

• គ្រួសារជាមនុស្សសំខាន់ ដែលតែងនៅក្បែរអ្នក និងគាំទ្រអ្នកគ្រប់ពេល
• ចូលរួមសកម្មភាពសប្បាយផ្សេងៗ ជាមួយគ្រួសារ

អ្នកនឹងមិនឯកានោះទេ ហើយក៏មិនបាច់ខ្វល់ថា ទាល់តែមានសង្សារ ទើបអ្នកមានភាពរីករាយនោះដែរ។

៣. ចំណាយពេលសម្រាប់ខ្លួនឯង

• ធ្វើសកម្មភាពដែលអ្នកចូលចិត្ត ដូចជាដើរផ្សារ ឬដើរលេងនៅតាមខេត្ត ឬបរទេស
• ទៅហាត់ប្រាណ ហែលទឹក ម៉ាស្សា ធ្វើក្រចក។ល។

ពេលដែលអ្នក កាន់តែស្រលាញ់ខ្លួនឯង អ្នកក៏មិនទាមទារ ឱ្យបុគ្គលណាម្នាក់ មកស្រលាញ់អ្នក ជាសង្សារនោះដែរ។

៤. ធ្វើខ្លួនឱ្យរវល់

• អ្នកនឹងមិនគិត ឬនឹកឃើញដល់អ្នកណា បើសិនជាអ្នករវល់ធ្វើនេះ ធ្វើនោះ មិនថាការងារផ្ទះ ឬកិច្ចការទាំងឡាយណា ដែលអ្នកត្រូវបំពេញ។

៥. ឆ្លុះបញ្ចាំង​ទៅលើទំនាក់ទំនងប្រេះឆា ក្នុងអតីតកាល

• ការទទួលយកក្តីស្រលាញ់ របស់នរណាម្នាក់ មិនប្រាកដថា ធ្វើឱ្យយើងមានក្តីសុខនោះទេ។
• មានតែការស្រលាញ់ខ្លួនឯងទេ ទើបមិនបារម្ភ ពីរឿងខូចចិត្ត។

៦. ដកឃ្លាពីបណ្តាញសង្គម

• អ្នកដែលតាមស្រលាញ់អ្នក អាចនឹងផ្ញើសារមកសួរសុខទុក្ខ ឬខំប្រើវិធីសាស្រ្តយ៉ាងណា ដើម្បីឱ្យអ្នកជឿចិត្តគេ។ ដូច្នេះដើម្បីកុំឱ្យចិត្តទន់ អ្នកមិនគួរចំណាយពេលច្រើន លើបណ្តាញសង្គមពេកទេ៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។

Tags: How MakeLove