ស្នេហា

គន្លឹះ៥យ៉ាង ក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​គូស្នេហ៍

[ គន្លឹះ៥យ៉ាង ] មនុស្សពីរនាក់ដែលស្រលាញ់គ្នា ទោះបីផ្អែមល្ហែមខ្លាំងយ៉ាងណា មិនប្រាកដថា មិនធ្លាប់ឈ្លោះគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃការដោះស្រាយបញ្ហា របស់គូស្នេហ៍នីមួយៗ អាចមានលក្ខណៈខុសគ្នា តែក៏ក្នុងបំណងមួយ គឺចង់រក្សាទំនាក់ទំនង ឱ្យល្អឡើងវិញ។ ខាងក្រោមនេះ គឺជា«គន្លឹះ៥យ៉ាង» ដែលគូស្នេហ៍ភាគច្រើន តែងប្រើ ក្នុងការផ្សះផ្សាទំនាក់ទំនង ជាមួយដៃគូ៖

១. ស្នាមញញឹម

បើឈ្លោះគ្នារួចហើយ នៅបន្តពាក់មុខយក្សដាក់គ្នា តើចំណេញអីទៅ គឺនៅតែអន់ចិត្ត ជាមួយគ្នាដដែល។ តែបើសិនជាភាគីណាម្នាក់ ព្រមញញឹម គឺប្រៀបដូចជាឥន្ទធនូ ដែលកើតក្រោយព្យុះភ្លៀង។ ទោះឈ្លោះ ឬខឹងដៃគូ យ៉ាងណា បើស្រាប់តែឃើញគេញញឹមដាក់ ឬអ្នកទាំងពីរព្រមញញឹមដាក់គ្នា នោះស្មើនឹងព្រមត្រូវគ្នាវិញ ទោះមិននិយាយ ក៏ដូចបានប្រើស្នាមញញឹម មកជំនួស។

២. សុំទោស

ពេលខ្លះ បន្ទាប់ពីខឹង ឬឈ្លោះគ្នាហើយ ក៏អាចជាពេលដែលម្នាក់ៗ ពិចារណាឡើងវិញ ហើយចួនកាលក៏មើលឃើញថា ខ្លួនជាអ្នកខុស ហើយក៏ព្រមនិយាយពាក្យសុំទោស។ តែពេលខ្លះ អ្នកដែលព្រមនិយាយសុំទោស មុន មិនប្រាកដថាជាអ្នកខុសទេ តែព្រោះគេយល់ថា ពេលសុំទោសហើយ នឹងធ្វើឱ្យសង្គ្រាមផ្លូវចិត្តនេះ បញ្ចប់បាន។

៣. អធ្យាស្រ័យ

ចាំថា មនុស្សដែលនៅក្បែរយើង ដែលយើងកំណត់ថា ជាគូស្នេហ៍ គឺច្បាស់ណាស់ថា គេមិនមែនជាសត្រូវ របស់យើងនោះទេ។ ដូច្នេះ បើខឹងគ្នា ឈ្លោះគ្នា ក៏សូមឱ្យអារម្មណ៍នោះ បាត់ទៅវិញ ជំនួសឱ្យការអធ្យាស្រ័យ អត់ឱនឱ្យគ្នាទៅវិញទៅមក។ គ្មានទេ ពាក្យថាគុំកួន ចំពោះមនុស្សជាទីស្រលាញ់របស់យើង។

៤. ព្រមចាញ់

កុំគិតថា ការនិយាយរកដៃគូមុន ជារឿងអន់ឱ្យសោះ។ បើសិនការចង់ឈ្នះ ហើយធ្វើឱ្យអ្នកមិនព្រមនិយាយរកគ្នាមុន ឬចាំទាល់តែភាគីម្ខាងទៀត និយាយរកមុន នោះវានឹងធ្វើឱ្យទំនាក់ទំនង កាន់តែឃ្លាតឆ្ងាយ។ សាកគិតទៅមើល នៅពេលមានសង្គ្រាមកើតឡើង បើភាគីម្ខាងៗ គិតតែចង់ឈ្នះ នោះវានឹងធ្វើឱ្យខាតពេលវេលា ហើយពាក្យថា សន្តិភាពនឹងមិនកើតមានឡើយក្នុងកាលៈទេសៈនេះ។ សូមចាំថា បើអ្នកព្រមចាញ់ នោះស្មើនឹងអ្នកបង្កើតសន្តិភាព ក្នុងសេចក្តីស្នេហារបស់អ្នក។

៥. បំភ្លេច

រឿងទាស់គ្នា បើឈ្លោះថ្ងៃហ្នឹងហើយ សូមឱ្យថ្ងៃថ្មី ជាថ្ងៃដែលនាំមកនូវស្នាមញញឹម។ ដូច្នេះ អ្នកមិនត្រូវគាស់កកាយ យករឿងពីម្សិលមករំឭកទៀតនោះទេ។ ការបំភ្លេចរឿងរកាំរកូស ការបំភ្លេចនូវជម្លោះ ដែលកើតឡើង គឺស្មើនឹងការបង្កើតនូវក្តីសុខ សម្រាប់ខ្លួនឯង និងដៃគូ៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។

Tags: How MakeLove